ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ៖ ការ​ប្រមូល​ផ្ដុំ​អំណាច​តាម​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយគឺ​ជា​គ្រោះថ្នាក់​សម្រាប់​ជាតិ

  • សាយ មុន្នី

អ្នកស្រី Martha Bayles និង លោក Jeff Gedmin នៅក្នុង​កិច្ចពិភាក្សា​ដេញដោល​គ្នា​មួយ​ស្តីពី​លទ្ធិប្រជាធិបតេយ្យ ​និង​រដ្ឋាភិបាល​គ្រប់គ្រង​តាម​បែប​លួច​ប្លន់​ជាតិ (Kleptocracy and Democracy Debate) ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

ក្រុម​អ្នក​ជំនាញ​ទាំង​នេះ លើក​ឡើង​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ណាមួយ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​បុគ្គល​ឬ​ក្រុមហ៊ុន​ឯកជន​ ដែល​មាន​ឥទ្ធិពល​ ឬ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ទៀត​នោះ នោះ​វា​នឹង​រឹត​តែ​ធ្វើ​រដ្ឋាភិបាល​កាន់តែ​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន។

ក្រុម​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើក​ឡើង​ថា ការ​ព្យាយាម​ក្ដោបក្ដាប់​អំណាច​ដោយ​បុគ្គល​ឬ​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ គឺ​ជា​និន្នាការ​ដែល​កំពុង​តែ​រីក​ដុះ​ដាល​នៅ​ទូទាំង​សកលលោក ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

អ្នក​ស្រី Martha Bayles សាស្ត្រាចារ្យ​សារព័ត៌មាន​នៃ​មហាវិទ្យាល័យ​ Boston College ក្នុង​ទីក្រុងBoston នៃ​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋ​អាមេរិក បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA ​ក្រោយ​កម្មវិធី​ជជែក​ពិភាក្សា​ដេញដោល​គ្នា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប្រមូល​ផ្ដុំ​អំណាច​ដោយ​រដ្ឋាភិបាល​មួយ ដែល​ពុំ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រឹងមាំ គឺជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ជាតិ​នោះ។

«ប្រសិន​បើ​អំណាច​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ប្រទេស​មួយ ដែល​គ្មាន​បទដ្ឋាន​ប្រជាធិបតេយ្យ​និង​គ្មាន​បទដ្ឋាន​វិជ្ជាជីវៈ​សារព័ត៌មាន​ដ៏​ល្អ​ទេ ហើយ​មាន​បុគ្គល​ម្នាក់​ដែល​លេច​ធ្លោ​ខ្ពស់​ត្រដែត​ជាង​គេ ហើយ​លែង​មាន​ការ​ប្រកួត​ប្រជែង​ទាល់​តែ​សោះ​ ខ្ញុំ​គិត​ថា នោះ​គឺ​ជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មែនទែន»។

ក្រុម​អ្នក​ជំនាញ​ទាំង​នេះ លើក​ឡើង​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ណាមួយ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​បុគ្គល​ឬ​ក្រុមហ៊ុន​ឯកជន​ ដែល​មាន​ឥទ្ធិពល​ ឬ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ទៀត​នោះ នោះ​វា​នឹង​រឹត​តែ​ធ្វើ​រដ្ឋាភិបាល​កាន់តែ​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន។

អ្នក​ចូលរួម​ស្តាប់​ម្នាក់​សួរ​សំណួរ​ទៅ​កាន់​អ្នកស្រី Martha Bayles និង​លោក Jeff Gedmin នៅក្នុង​កិច្ចពិភាក្សា​ដេញដោល​គ្នា​មួយ​ស្តីពី​លទ្ធិប្រជាធិបតេយ្យ ​និង​រដ្ឋាភិបាល​គ្រប់គ្រង​តាម​បែប​លួច​ប្លន់​ជាតិ (Kleptocracy and Democracy Debate) ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

អ្នក​ចូលរួម​ស្តាប់​ម្នាក់​សួរ​សំណួរ​ទៅ​កាន់​អ្នកស្រី Martha Bayles និង​លោក Jeff Gedmin នៅក្នុង​កិច្ចពិភាក្សា​ដេញដោល​គ្នា​មួយ​ស្តីពី​លទ្ធិប្រជាធិបតេយ្យ ​និង​រដ្ឋាភិបាល​គ្រប់គ្រង​តាម​បែប​លួច​ប្លន់​ជាតិ (Kleptocracy and Democracy Debate) ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

លោក Charles Davidson ​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​គំនិត​ផ្ដួចផ្ដើម​គម្រោង​សិក្សា​អំពី​របៀប​ដែល​រដ្ឋាភិបាល​ដឹកនាំតាម​បែប​លួច​ប្លន់​ជាតិ ឬKleptocracy Initiative នៃ​វិទ្យាស្ថាន​ Hudson Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ។

«នៅ​ពេល​ដែល​ចាងហ្វាង​កាសែត និង​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត មាន​ក្រុមហ៊ុន​រកស៊ី​ផ្សេងៗ​ទៀត​នោះ​ជា​ការ​ពិត​ណាស់ ពួកគេ​នឹង​មាន​ទំនាស់​ផលប្រយោជន៍​ជាច្រើន ហើយ​លើស​ពី​នេះ​ទៀត បើ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ទៀត​នោះ ខ្ញុំ​អាច​និយាយ​បាន​ថា វា​បង្ក​ឲ្យ​មាន​បញ្ហា​កាន់​តែ​ខ្លាំង​ថែម​ទៀត​ហើយ​ក៏​ជា​គ្រោះថ្នាក់​ផង​ដែរ»។

ជាក់ស្ដែង​ នៅ​ក្នុង​ប្រទេស​កម្ពុជា ម្ចាស់​ក្រុមហ៊ុន ឬ​ឧកញ៉ា​ដែល​មាន​ទំនាក់​ទំនង​ខាង​នយោបាយ ដែល​អ្នក​ខ្លះ​ស្ថិត​ក្នុង​ចំណោម​ក្រុម​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ផង​នោះ បាន​ក្ដោបក្ដាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​នៅ​ក្នុង​ប្រទេស។ នេះ​មានន័យ​ថា ក្រៅ​ពី​សកម្មភាព​ផ្នែក​ផ្សព្វផ្សាយ ពួកគេ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ផ្សេងៗ​ទៀត​ដែរ។ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវរួមគ្នា​មួយ​របស់​អង្គការ​ Reporters without Borders និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (Cambodian Center for Independent Media)។

រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ញញឹម​ដាក់​អ្នកគាំទ្រ​របស់​លោក​និងទៅកាន់​អ្នកសារព័ត៌មាន​ ខណៈពេល​ដែល​លោក​ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។

រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ញញឹម​ដាក់​អ្នកគាំទ្រ​របស់​លោក​និងទៅកាន់​អ្នកសារព័ត៌មាន​ ខណៈពេល​ដែល​លោក​ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានមាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​អ្នក​ជំនួញ​ឬ​ឧកញ៉ា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​អាជីព ក្នុង​ការ​តាម​ឃ្លាំ​មើល​ការ​អនុវត្ត​កិច្ចការ​របស់​រដ្ឋាភិបាល។

«ខ្ញុំ​ឃើញ​អា​ហ្នឹង​ជា​បញ្ហា​ធំ​មួយ សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សារព័ត៌មាន​ ជា​ពិសេស​វិស័យ​ព័ត៌មាន​ដែល​ឯករាជ្យ ដោយ​អ្នក​ដែល​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ឬ​នយោបាយ​ក្នុង​គណបក្ស​កាន់​អំណាច គាត់​ចាប់ផ្ដើម​ហក់​ចូល​ក្នុង​វិស័យ​ហ្នឹង​ដែរ។ ទី​១​ គាត់​មាន​លុយ ដូច្នេះ គាត់​ជះ​លុយ​ស្រួល។ គាត់​ប្រើប្រាស់​លុយ​គាត់​ក្នុង​ការ​ប្រមូល​ធនធាន​មនុស្ស ដែល​ធ្វើ​ឲ្យ​ពួក​យើង​មាន​ការ​ប្រឈម»។

ការ​ព្យាយាម​ក្ដោបក្ដាប់​អំណាច​ដោយ​រដ្ឋាភិបាល​តាមរយៈ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បាន​ញាំង​ឲ្យ​រដ្ឋាភិបាល​នោះ ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​ហើយ​ព្យាយាម​ស្វែង​រក​ឋានៈ​ និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​ការ​លួច​និង​លក់​ទ្រព្យសម្បត្តិ​ និង​ធនធាន​របស់​ជាតិ​ខ្លួន​ឯង ដោយ​មិន​ខ្លាច​រអា​នឹង​ការ​តាម​ដាន​ឃ្លាំមើល​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ណាមួយ​ឡើយ។​ នេះ​បើ​យោង​តាម​អ្នក​តាម​ដាន​អំពី​ការ​ក្ដោបក្ដាប់​អំណាច​របស់​មេដឹកនាំ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

ពួកគេ​លើក​ឡើង​ថា រដ្ឋាភិបាល​បែប​នេះ នឹង​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន​ ដោយ​មាន​ឬ​ឲ្យ​សមាជិក​របស់​ខ្លួន ធ្វើ​ជា​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​ស្ថាប័ន​ព័ត៌មាន​ធំៗ​ និង​អង្គភាព​ផ្សព្វផ្សាយ​នានា។

ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ធានា​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ពួកគេ​ឡើយ។

លោក ប៉ា ងួនទៀង ពន្យល់​យ៉ាង​ដូច្នេះ​ថា៖

«អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា​ឬ​អ្នក​ជំនួញ​ធំៗ​អី​អញ្ចឹង ដែល​រង​នូវ​ឥទ្ធិពល​នយោបាយ​ពី​គណបក្ស​កាន់​អំណាច​ពី​រដ្ឋាភិបាល​អី​អញ្ចឹង ពួកគាត់​អត់​ហ៊ាន​បញ្ចេញ​មតិ​អី​ក្រៅ​ពី​បន្ទាត់​នយោបាយ​ដែល​ស្ថាប័ន​គាត់​បាន​ដាក់​ជូន​ទេ។ ដូច្នេះ វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ទស្សនៈ​ឯករាជ្យ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​បច្ចុប្បន្ន​នេះ​បាទ»។

លោក Charles Davidson​ នៃ​វិទ្យាស្ថាន​ Hudson Institute បាន​ថ្លែង​ថា រដ្ឋាភិបាល​ដែល​ព្យាយាម​ក្ដោបក្ដាប់​អំណាច​តាម​ការ​ខំប្រឹង​គ្រប់គ្រង​ ឬ​ដាក់​គំនាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​ចាត់​ទុក​អ្នក​សារព័ត៌មាន​ណា​ ដែល​មិន​ព្រម​ស្ថិត​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ខ្លួន​គ្រប់គ្រង ​ថា​ស្ថិត​ក្នុង​ក្រុម​ប្រឆាំង​នឹង​ខ្លួន។

«ប្រព័ន្ធ​ផ្សព្វផ្សាយ​ នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទាំងស្រុង ហើយ​នរណា​ក៏​ដោយ ដែល​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ខាង​ក្រៅ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នោះ គឺ​ជា​អ្នក​ប្រឆាំង»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ព្យាយាម​គ្រប់គ្រង​ ឬ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ណាមួយ​នោះ​ទេ ក្រៅ​ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​តែ​មួយ​គត់​គឺ​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ព័ត៌មាន​នោះ។

«ទាំង​អស់​គ្នា​ មាន​សេរីភាព​ក្នុង​ការ​និយាយ និង​មាន​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ ពីព្រោះ​គេ​នៅ​ក្នុង​ឯកជន​របស់​គេ។ រដ្ឋ​អត់​មាន​ទៅ​ផ្ដល់​លុយ​ ផ្ដល់​កាក់​ដូចជា​វិទ្យុ​សហរដ្ឋអាមេរិក​និង​វិទ្យុ​អាស៊ី​សេរី ដែល​ទទួល​លុយ​ពី​រដ្ឋ​មក​ប្រើប្រាស់​ទេ។ នៅ​ឯណេះ គេ​រស់​ដោយសារ​ខ្លួន​គេ អា​ហ្នឹង​ ជម្រាប​ជូន។ ដូច្នេះ សេរីភាព​របស់​គេ គេ​ជ្រើសរើស គេ​ចង់​ផ្សាយ​អី​ឬ​មិន​ចង់​ផ្សាយ​អី អា​ហ្នឹង​ជា​រឿង​របស់​គេ​ផ្ទាល់»។

លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ផ្សព្វផ្សាយ​ដោយ​សេរី​ក្នុង​ប្រទេស​ផង​ដែរ។

«យ៉ាង​ហោច​ណាស់ ​មាន​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​ Radio Free Asia ដែល​ជា​ឧបករណ៍​មួយ​តតាំង​ជាមួយ​រដ្ឋាភិបាល។ អញ្ចឹង​ខាង​សហរដ្ឋ​អាមេរិក​យ៉ាង​ហោច​ណាស់​ខាង​រលក​ធាតុអាកាស​មាន​ពីរ ធ្លាក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

ដូចគ្នា​ដែរ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ក៏ដូចជា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ មិន​ដែល​បង្គាប់​បញ្ជា​ ឬ​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ទេ។

«សម្ដេច​នាយក​រដ្ឋមន្ត្រី លោក មិន​ដែល​បង្ខិតបង្ខំ ហៅ​អគ្គនាយក​មក​ចង្អុល​មុខ​ថា អ្នក​ឯង​ត្រូវ​តែ​ផ្សាយ​សកម្មភាព​ខ្ញុំ​អី អត់​ទេ។ អា​ហ្នឹង ការ​ផ្សាយ​ឬ​មិន​ផ្សាយ អាស្រ័យ​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​អគ្គនាយក​វិទ្យុ​ និង​ទូរទស្សន៍​នីមួយៗ»។

ផ្អែក​តាម​តួលេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា មាន​ស្ថានីយ​វិទ្យុ​ជាង​១០០ និង​ស្ថានីយ​ទូរទស្សន៍​ជាង​២០ ​ហើយ​នឹង​កាសែត​ជាង​៤០០​រយ​ទៀត​កំពុង​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ​ភាគច្រើន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ផ្សព្វផ្សាយ​តែ​កម្មវិធី​កម្សាន្ត​សប្បាយ ​ហើយ​ជៀសវាង​មិន​ផ្សាយ​អ្វី​ដែល​ប៉ះពាល់​រដ្ឋាភិបាល​ឬ​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស។

លោក សុខ ឥសាន ​ថ្លែង​បន្ត​ថា ការ​ផ្សព្វផ្សាយ​បែប​ណាមួយ​នោះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ម្ចាស់​ស្ថានីយ​ ឬ​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ។

«បើ​សិន​ណា​ជា​យើង​កំណត់​កម្រិត​ថា អ្នក​ឯង​ត្រូវ​តែ​ផ្សាយ​ខាង​ណេះ ដូច​ថា​ផ្សាយ​តែ​ប្រដាល់​មួយ​មុខ អត់​ផ្សាយ​ Concert [ការ​ប្រគំតន្ត្រី] ទេ អាហ្នឹង ក៏​អត់​ទៅ​រួច​ដែរ។ អា​ហ្នឹង​អាស្រ័យ​ទៅ​លើ​អ្នក​រៀបចំ​កម្មវិធី ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​វា​មាន​គេ​ហៅ​ថា ការ​កម្សាន្ត​គ្រប់​មុខ​គ្រប់​ទម្រង់​សិល្បៈ»។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Jeff Gedmin អតីត​នាយក​គ្រប់គ្រង​ស្ថាប័ន​អឺរ៉ុប​សេរី (Radio Free Europe) និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​សកលវិទ្យាល័យ Georgetown University ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ ​ត្រូវ​មាន​តួនាទី ជួយ​ធានា​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ មិនមែន​គ្រាន់តែ​ផ្ដល់​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ​ទេ។

«យើង​ចង់​ផ្ដល់​ការ​កម្សាន្ត​ដល់​ពលរដ្ឋ ប៉ុន្តែ​ប្រហែល​ជា​តាម​រូបភាព​ជា​ការ​ផ្ដល់​ព័ត៌មាន ដោយសារ​យើង​ចង់​ផ្ដល់​ព័ត៌មាន​ដល់​ពួកគេ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ»។

ដូច្នេះ​ លោក​បន្ថែម​ថា គ្រប់​គ្នា​ មិន​ថា​ជា​ពលរដ្ឋ​ខ្មែរ​ឬ​អាមេរិកាំង​ទេ មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ​បាន​ឡើយ ប្រសិន​បើ​ពួកគេ​មិន​ទទួល​បាន​ការ​ពិត​ដែល​កើតឡើង​ចំពោះ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​នោះ៕

XS
SM
MD
LG