ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​McCain ស្ថិត​នៅ​ប្រទេស​អេស្តូនី ការពារ​ភាពចាំបាច់​របស់​អង្គការ​អូតង់​ក្នុង​ការ​រារាំង​រុស្ស៊ី​


ព្រឹទ្ធសភា​អាមេរិក​ លោក John McCain ថ្លែង​ក្នុង​សន្និសីទ​​កាសែត​រួម​គ្នាមួយ​​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​អេស្តូនី លោក Juri Ratas នៅ​ទីក្រុង​តាលិន កាល​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ។

សមាជិក​ព្រឹទ្ធសភា​នាំ​មុខ​គេ​ម្នាក់​របស់​អាមេរិក​បាន​ប្រាប់​ដល់​បណ្តា​ប្រមុខរដ្ឋ​នៃ​តំបន់ បាល់ទិក ​ថា​ ពួក​គេ​អាច​ពឹងផ្អែក​លើ​ការបន្ត​គាំទ្រ​របស់​អាមេរិក​ពី​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់​ ត្រាំ បាន ក្នុង​ករណី​ដែល​រុស្ស៊ី​បញ្ចេញ​សកម្មភាព​គឃ្លើន​ណា​មួយ។

លោក​សមាជិក​ព្រឹទ្ធសភា​លោក​ John McCain ដែល​ជា​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ត្រាំ​ ដែរ​នោះ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋធានី​តាលិន​នៃ​ប្រទេស​អេស្តូនី​ ថា លោក​មិន​គិត​ថា​ នឹង​មាន​ការបន្ធូរ​បន្ថយ​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​ប្រទេស​រុស្ស៊ី ក្រោយ​ពី​រុស្ស៊ី​បាន​យក​តំបន់​ Crimea ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​នោះ​ទេ។

សមាជិក​ព្រឹទ្ធសភា​រដ្ឋ ​Arizona​ រូប​នេះ​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ទាំង​៣​ក្នុង​តំបន់​បាល់ទិក​ ក្នុង​សប្តាហ៍​នេះ ​ជា​មួយ​នឹង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ លោកស្រី ​Lindsey Graham ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ វត្តមាន​របស់​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អេស្តូនី​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា យើង​ជឿ​ទៅ​លើ​អ្វី​ដែល​លោក​អតីត​ប្រធានាធិបតី​អាមេរិក Ronald Reagan ជឿ ​នោះ​គឺ​ជា​សន្តិភាព​តាម​រយៈ​ភាព​រឹងមាំ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការទប់​ស្កាត់​អាកប្បកិរិយា​មិន​ល្អ​របស់​រុស្ស៊ី​គឺ​ត្រូវ​មាន​យោធា​ដ៏​ល្អ​និង​រឹងមាំ​មួយ ហើយ​ការមាន​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​អូតង់​ដូចជា​ប្រទេស​អេស្តូនី​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់»។

អង្គការ​អូតង់​បាន​ប្រកាស​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ ក្នុង​ការពង្រាយ​កងកម្លាំង​៤.០០០​ពាន់​នាក់​ក្នុង​តំបន់បាល់ទិក​ និង​អឺរ៉ុប​ខាង​កើត៕

XS
SM
MD
LG