ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ម៉ាឡេស៊ី​នឹង​ធ្វើ​បត្យាប័ន​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​ជាប់​ឃុំ​ដោយ​សារ​ឃាតកម្ម​នៅ​ព្រលាន​យន្ត​ហោះ


ជន​សង្ស័យ​ឈ្មោះ Doan Thi Huong (រូប​ទី​២​ពី ស្តាំ) ត្រូវ​បាន​ប៉ូលិស​នាំ​ចេញ​ពី​សវនាការ​នៅ​ក្នុង​ក្រុង Sepang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ 

អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​ប្រុង​ប្រៀប​ធ្វើ​បត្យាប័ន​បុរស​កូរ៉េ​ខាង​ជើង​ម្នាក់​ដែល​បាន​ជាប់​ឃុំឃាំង​ជា​ជន​ជាប់សង្ស័យ​ក្នុង​ការ​ទាក់ទិន​ជាមួយ​ការ​ស្លាប់​កាល​ពី​ខែ​មុន​របស់​លោក​ Kim Jong Nam ដែល​ជា​បងប្រុស​ឪពុក​ជាមួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un។

ឈ្មោះ​ Ri Jon Chol អាយុ​៤៥ឆ្នាំ​បាន​ជាប់​ឃុំឃាំង​ជិត​២សបា្តហ៍​មក​ហើយ​នៅ​ក្រោយ​ការ​វាយ​ប្រហារលើ​លោក Kim Jong Nam កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ​នៅ​ឯចំណត​យន្តហោះ​ក្រុង​គូឡាឡាំពួ។

លោក​ Mohamed Apandi Ali រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ម៉ាឡេស៊ី​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​រយៈពេល​ដែល​បុរស​នេះ​អាច​ត្រូវ​ជាប់​ឃុំឃាំង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ជិត​ផុត​កំណត់​ហើយ ហើយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​គាត់​ទេ ដូច្នេះ​គាត់​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​នៅ​ថ្ងៃសុក្រ​ស្អែក​នេះ។​

ជនជាប់​សង្ស័យ​ខ្លាំង​ពីរ​នាក់​ក្នុង​ករណី​នេះ គឺអ្នកស្រី​ Siti Aisya ជនជាតិ​ឥណ្ឌូនេស៊ី អាយុ២៥ឆ្នាំ ​និង​អ្នកស្រី​ Doan Thi Huong អាយុ​២៨ឆ្នាំ​មក​ពី​ប្រទេស​វៀតណាម បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កាលពី​ថ្ងៃ​ពុធ។

ស្ត្រី​ទាំងពីរ​នាក់​នេះ​មិន​បាន​ត្រូវ​សុំ​ឱ្យ​ឆ្លើយ​ថា​ ខ្លួន​មាន​ទោស ឬ​គ្មាន​ទោស​ទេក្នុង​ករណីនេះ​ ក៏​ប៉ន្តែ​ពួកគេ​បាន​និយាយ​ថា ​ពួក​គេ​ជា​មនុស្ស​ស្លូត​ត្រង់​គ្មានទោសពៃរ៍​អ្វី​ទេ ហើយ​មាន​ជំនឿ​ថា ​ពួក​គេ​បាន​ចូល​រួមក្នុង​កម្មវិធី​ទូរទស្សន៍​កំប្លែង​មួយ។ ជន​ជាប់​សង្ស័យ​ម្នាក់ៗ​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ពួក​គេ​មាន​ទោស។​ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ត្រូវ​កំណត់​ឲ្យ​ត្រឡប់​មក​កាន់​តុលាការ​វិញនៅ​ខែ​មេសា៕

XS
SM
MD
LG