ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ម៉ាឡេស៊ី​នឹង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​សូម៉ាលី​ដើម្បី​បំពេញ​បេសកម្ម​ផ្តល់​ជំនួយ


រូបឯកសារ៖ ទាហាន​ម៉ាឡេស៊ី​នៅ​ក្នុង​ប្រតិបត្តិការមួយ​​នៅ​ភូមិ​ Sungai Nyamuk។ ម៉ាឡេស៊ី​នឹង​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​ប្រទេស​សូម៉ាលី​ដើម្បី​បំពេញ​បេសកកម្ម​មនុស្ស​ធម៌។

​ប្រទេស​ម៉ាឡេស៊ី​នឹង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​សូម៉ាលី​ដែល​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​មនុស្ស​ធម៌​ដើម្បីជួយ​បញ្ចៀស​ការ​ស្រេក​ឃ្លាន និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់មន្រ្តី​រដ្ឋាភិបាល​សូម៉ាលី​ និង​ពួក​អ្នកការទូតកាល​ពី​ថ្ងៃ​សៅរ៍។

​លោក ​Mohamed Abdi Hayir Mareye ​រដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន​សូម៉ាលីបាន​ប្រាប់ ​VOA​ផ្សាយ​ជាភាសា​សូម៉ាលី​ថា៖ «ខ្ញុំ​អាច​បញ្ជាក់​ថា ​របាយការណ៍​និង​សេចក្តី​លម្អិត​នឹង​ត្រូវ​ផ្តល់​ឲ្យ​នៅ​ពេល​ដែល​គណៈ​ប្រតិភូ​ដែល​ដឹកនាំ​លោក​ Mohmed Omar Arte​ ឧបនាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​សូម៉ាលី​ដែល​កំពុ​ង​បំពេញ​ទស្សនកិច្ច​ប្រទេស​ម៉ាឡេស៊ី​វិលត្រឡប់​មក​កាន់​មាតុភូមិ​វិញ‍»។

ឆ្លើយ​តប​ទៅ​នឹង​បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង ​Kuala Lumpur ​លោក ​Datuk Seri Hishammuddinsaid ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា ប្រ​ទេសរបស់​លោក​នឹង​បញ្ជូន​មន្រ្តី​៣​នាក់​និង​បុគ្គលិក​១៧​នាក់​មក​ពី​ពេទ្យ​ទាហាន​ទៅ​កាន់​ប្រទេស​សូម៉ាលី។

លោករដ្ឋមន្រ្តី​បាន​និយាយ​ថា៖​ «អង្គភាព​ថ្មើរ​ជើង​មាន​មន្រ្តី​ម្នាក់​និង​បុគ្គលិក​១០​នាក់ ​នឹង​ផ្តល់​សន្តិសុខ​សម្រាប់​គណៈ​ប្រតិភូ។ ​ការ​ផ្គត់​ផ្គង់​ម្ហូបអាហារ​និង​គ្រឿង​បរិក្ខាពេទ្យ នឹង​ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​សូម៉ាលី​តាម​យន្តហោះ​ធុន​ Hercules C-130។

​លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ទៀត​ថា ចំនួន​កងទ័ពរួម​និង​សម្ភារៈ ​នឹង​ត្រូវ​ប្រមែ​ប្រមូល​ពី​រាជធានី ​Riyadh ​នៃ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ដែល​នៅ​ទី​នោះ​កងទ័ព​មួយ​ចំនួន​តូច​បាន​បោះ​ទីតាំង​នៅដើម្បី​ជួយ​ជម្លៀស​ជនជាតិ​ម៉ាឡេស៊ី​នៅ​ក្នុង​ប្រទេស​យេម៉ែន។

ក៏ប៉ុន្តែ ​មនុស្ស​ជា​ច្រើន​ចាត់​ទុក​កងទ័ព​ទាំង​នោះ​ជាផ្នែក​មួយ​នៃ​ក្រុម​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​ដែល​ប្រយុទ្ធ​លើ​កងជីវពល​ Houthi ​នៅ​ក្នុង​ប្រទេស​យេម៉ែន៕

XS
SM
MD
LG