ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Macron ​បាន​យក​ឈ្នះ​លោកស្រី ​Le Pen ​តែ​ឥឡូវ​នេះ​ដល់​ពេល​ត្រូវ​ធ្វើ​ការងារ​លំបាក


ប្រធានាធិបតី​ជាប់​ឆ្នោត​បារាំង Emmanuel Macron និង​ភរិយា​របស់​លោក​អ្នក​ស្រី Brigitte Trogneux រីករាយ​នៅ​លើ​ឆាក​នៅ​ថ្ងៃ​ទទួល​ជ័យ​ជម្នះ​នៅ​ Louvre ក្នុង​ទីក្រុង​ប៉ារិស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃទី​៧ ខែ​ឧសភា។

ជ័យ​ជម្នះ​របស់​លោក ​Emmanuel Macron ​ដែល​ប្រកាន់​កណ្តាល​និយម ទៅ​លើ​លោកស្រី ​Marine Le Pen​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​របស់​បារាំង មាន​ន័យ​ថា ​ឥឡូវ​នេះ​ប្រទេស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​បាន​ជៀស​វាង​នយោបាយ​ជាតិ​និយម​ហើយ។ ប៉ុន្តែ​នៅ​មាន​សំណួរ​អំពី​ថា​តើ​លោក ​Macron​ ដែល​ឈរ​ឈ្មោះ​ឯករាជ្យ នឹង​អាច​បំពេញ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ។​

លោក​ Emmanuel Macron វ័យ​៣៩​ឆ្នាំ ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ក្មេង​ជាង​គេ​របស់​បារាំង ​ចាប់​តាំង​ពី​លោក ​Napoleon Bonaparte ​មក។ លោក​បាន​ឈ្នះ​ដោយ​សារ​ការ​ដែល​សន្យា​ថា​នឹង​មាន​វិបុលភាព​សម្រាប់​អ្នក​គ្រប់​គ្នា ហើយ​ឥឡូវ​នេះ​ត្រូវ​តែ​បង្រួប​បង្រួម​ប្រទេស​មួយ​ដែល​បែក​ខ្ញែក​រវាង​អ្នក​សាកល​និយម​ និង​អ្នក​ជាតិនិយម។ ​

លោក ​Macron ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដែល​សប្បាយ​រីករាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​មួយ​នៅ​ឯ​អគារ​សារមន្ទីរ ​Louvre​ ក្នុង​ទីក្រុង ប៉ារីស​ថា៖ «អឺរ៉ុប​និង​ពិភពលោក​ទាំង​មូល​រំពឹង​ថា យើង​នឹង​ការពារ​ស្មារតី​ឈ្វេង​យល់​របស់​យើង ក្រោម​ការ​គំរាម​កំហែង​នៅ​តាម​កន្លែង​ជាច្រើន។ ពួកគេ​រំពឹង​ថា យើង​នឹង​ការពារ​សេរីភាព​របស់​យើង​នៅ​គ្រប់​ទីកន្លែង​ដើម្បី​ការពារ​អ្នក​ដែល​ត្រូវ​បាន​គេ​គាប​សង្កត់‍»។ ​

ប៉ុន្តែ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បារាំង គឺ​ជា​សញ្ញា​យ៉ាង​ច្បាស់​មួយ​ថា សំពាធ​នេះ​គឺ​ស្ថិត​នៅ​លើ​លោក​ក្នុងការ​បំពេញ​ទៅ​តាម​ការ​សន្យា​របស់​លោក ដែល​ថា នឹង​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​ទុក​ចោល​នោះ​ទេ ខណៈ​ដែល​បារាំង​បន្ត​មាគ៌ា​សកលភាវូបនីយកម្ម៕

XS
SM
MD
LG