ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ចការ​របស់​លោក​វេជ្ជ.គួច ម៉េងលី​ រាំង​ស្ទះ​ ក្រោយ​ការ​រិះគន់​ប្រព័ន្ធ​សុខាភិបាល


លោក​ គួច ម៉េងលី ជា​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ​លោក គួច ម៉េងលី)

លោក​ គួច ម៉េងលី ​ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ និង​បាន​​មក​រស់នៅ​កម្ពុជា​ជា​ពេទ្យ​ស្ម័គ្រចិត្ត​ ចាប់តាំង​ពី​ឆ្នាំ​២០០២ ​ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​១០​នាក់​នៅ​កម្ពុជា ​មាន​៩​នាក់​ទៅ​ហើយ​ដែល​គ្មាន​ក្រមសីលធម៌​ ហើយ​ព្យាបាល​អ្នក​ជំងឺ​មិន​ត្រឹមត្រូវ។

លោក​ គួច ម៉េងលី ​ជា​វេជ្ជបណ្ឌិត ​និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​បើក​គ្លីនិក​ និង​សាកលវិទ្យាល័យ​ព្រម​ទាំង​កិច្ច​ព្រមព្រៀង​មួយ​ចំនួនស្តីពី​ការ​ផ្តល់សេវាកម្ម​សុខាភិបាល​ និង​អប់រំ​មួយ​ចំនួន ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​ ដោយ​លោក​សង្ស័យ​ថា ​អាច​បណ្តាល​មក​ពី​ការ​រិះគន់​របស់​លោក​កាល​ពី​កន្លង​មក។

​លោក​ គួច ម៉េងលី ​ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ និង​បានមក​រស់នៅ​កម្ពុជា​ជា​ពេទ្យ​ស្ម័គ្រចិត្ត​ ចាប់តាំង​ពី​ឆ្នាំ​២០០២ ​ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​១០​នាក់​នៅ​កម្ពុជា ​មាន​៩​នាក់​ទៅ​ហើយ​ដែល​គ្មាន​ក្រមសីលធម៌​ ហើយ​ព្យាបាល​អ្នក​ជំងឺ​មិន​ត្រឹមត្រូវ។

លោក​ត្រូវបាន​ដក​ស្រង់​សម្តី​កាល​នោះ​ថា​៖ «វិស័យ​សុខាភិបាល​យើង​បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី​១​ដល់​១០​ខ្ញុំ​ឲ្យ​២ពិន្ទុ។ បើ​អ្នក​ក្រ​ទៅ​ពេទ្យ​ ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្ត្រី​សម្រាល​កូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​ បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេល​នេះ​ គឺ​ថា​ក្នុង​សតវត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លង​កាត់​ភាព​វេទនា​នេះ​បន្ដ​ទៀត​ឬ​យ៉ាង​ណា​? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ ​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»។

ការ​ថ្លែង​របស់​លោក​ គួច ម៉េងលី ​កាល​ពី​ដើម​ឆ្នាំ​២០១៦ ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​គណៈវិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ដោយ​បានស្នើ​ឲ្យ​លោក​សុំទោស​ជា​សាធាធារណៈ​ និង​កែ​តម្រូវ​ចំពោះ​ពាក្យ​សម្តី​របស់​លោក។

មួយ​ឆ្នាំ​ក្រោយ​មក លោក គួច ម៉េងលី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃអាទិត្យ​ ដោយ​លោក​លើក​ជា​ចម្ងល់​មួយ​ចំនួន​ស្តីពី​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​បើក​គ្លីនិក សាកលវិទ្យាល័យ ​និង​កិច្ចព្រមព្រៀង​នៃ​ការ​យោគយល់​ស្តីពី​ការ​ផ្តល់​សេវា​សុខាភិបាល ​និង​អប់រំ​ ថា​មាន​ការ​ពិបាក​ស្មុគស្មាញ​ និង​យឺតយ៉ាវ​ហើយ​ការ​ស្នើសុំ​របស់​លោក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បដិសេធ​ទំាង​ស្រុង។ លោក​យល់ថា​ សញ្ញា​អវិជ្ជមាន​ទំាង​នេះ​អាច​បណ្តាល​មក​ពី​ការ​រិះគន់​របស់​លោក​កាល​ពី​ពេល​កន្លង​មក។

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ថា ​ការ​ស្នើ​សុំ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា​(MOU)​ជាមួយ​ក្រសួង​សុខាភិបាល ​ដើម្បី​នាំចូល​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ពី​បរទេស​មិន​អស់​ពន្ធ​ដើម្បី​ជួយ​ដល់មន្ទីរ​ពេទ្យ​រដ្ឋ​នានា ​ត្រូវ​បាន​បដិសេធ​ ហើយ​ការ​ស្នើ​សុំ​ចុះ​អនុស្សរណៈ​ស្តី​ពី​ពេទ្យ​ចល័ត ​ដើម្បី​ផ្តល់​សេវា​សុខភាព​ដោយ​មិន​គិត​ថ្លៃ​ជូន​ប្រជាជន ​មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

លោក គួច ម៉េងលី ​បាន​បន្ថែម​ថា ​នាពេលថ្មីៗ​នេះ​ ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​បើក​គ្លីនិក​ឯកជន​របស់​លោក​នៅ​ក្រសួង​សុខាភិបាល​ក៏​មាន​សញ្ញា​មិន​ល្អ​ផង​ដែរ។ លោក​បាន​បន្ថែម​ថា​ នា​ពេលកន្លង​មក ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​បើក​សាកលវិទ្យាល័យ​ ​ក៏​ត្រូវ​បាន​បដិសេធ​ទំាង​ស្រុង។

លោក​មាន​ប្រសាសន៍​ទៀត​ថា ​លោក​ក៏​កំពុង​តែ​រង់ចំា​មើល​ថា​ តើ​ការ​ស្នើសុំ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ ជាមួយ​ក្រសួង​អប់រំ ​ដើម្បី​នាំ​ចូល​នូវ​សម្ភារៈ​បរិក្ខារ​សិក្សា​ពី​បរទេស​មិន​អស់​ពន្ធ​មាន​លទ្ធផល​វិជ្ជមាន ឬ​យ៉ាង​ណា?

ទោះជាយ៉ាងណា លោក​ គួច ម៉េងលី មាន​ប្រសាសន៍​ថា ​លោក​ចង់​ជួយ​ប្រជាជន​កម្ពុជា ​ហើយ​ស្នើ​កុំ​ឲ្យ​លាបពណ៌​រូប​លោក​ថា​ទាក់ទង​នឹង​នយោបាយ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​សារ​អេឡិកត្រូនិក​ថា៖ «ខ្ញុំ​ចង់​បន្ត​ចូល​រួម​ចំណែក​ជួយ​រាជ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​យើង​ទោះ​តិច ​ឬ​ច្រើន។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ ​បើ​ទោះ​ជា​បុគ្គល​ខ្លះ ​ឬ​ក្រុម​បុគ្គល​ខ្លះ​បាន​រារាំង​ក៏​ដោយ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​មុត​មាំ​ថា​ ថ្នាក់​ដឹកនាំ​គឺ​ចិត្ត​ល្អ​ និង​បើក​ចំហ​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ក្នុង​ការ​បន្ត​ធ្វើអ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា»។

លោក គួច ម៉េងលី ​បាន​ឲ្យដឹង​ទៀត​ថា​កន្លងទៅ ​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ​ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ ​វិស័យ​សុខាភិបាល ​និង​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន​ និង​អ្នក​នាំពាក្យក្រសួង​សុខាភិបាល​ លោក លី សូវ៉ាន់ ​បាន​នៅឡើយទេ។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​លោក រស់ សាលីន ​បាន​បង្វែរ​សំណួរទាក់​ទង​នឹង​ការ​ស្នើ​សុំ​បើក​សាកលវិទ្យាល័យ ​និង​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា ​ទៅ​ខាង​រដ្ឋបាល ​ដែល​ជា​អ្នក​ទទួល​លិខិត​ និង​ឯកសារ​ផ្សេងៗ។

ទាក់ទង​នឹង​ការ​ស្នើ​សុំ​បើក​គ្រឹះស្ថាន​ឧត្តមសិក្សា​ លោក​មាន​ប្រសាសន៍​ថា ​ជាទូទៅ ​ក្រសួងបាន​ផ្តល់​អាទិភាព​លើ​ការ​អប់រំ​ផ្នែក​ឧស្សាហកម្ម​ កសិកម្ម ​និង​សំណង់។ ចំពោះ​ការ​នាំចូល​សម្ភារៈ​សិក្សាវិញ លោក​មាន​ប្រសាសន៍​ថា ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ជា​អ្នក​អនុវត្ត​កិច្ចការ​នេះ ​តែ​លោក​ថា ​ជា​ដំណើរ​ការ ​ក្រសួង​អប់រំ​តែង​តែ​ចេញ​លិខិត​គាំទ្រ ​ហើយ​ដៃគូ​ត្រូវ​រៀបចំ​ឯកសារ​ទៅ​ក្រសួង​សេដ្ឋកិច្ច​សម្រាប់​ដំណើរ​ការ​បន្ត​ទៀត។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​ក្រសួង​ពិត​ជា​មាន​ចេតនា​បង្អាក់​សកម្មភាព​បែប​នេះ​មែន​ នេះ​ជា​ការ​ខាតបង់​មួយ។ លោក​ជឿ​ថា​ ករណី​ដូចលោក គួច ម៉េងលី ​នេះ​អាច​កើត​ឡើង​ពិត​ប្រាកដ​មែន​នៅ​ក្នុង​សង្គម​កម្ពុជា។

លោក សន ជ័យ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​បើក​ចំហ​ច្រើន​ និង​ទទួល​យក​ការ​រិះគន់​ដោយ​ស្ថាបនា។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «សម្រាប់​ខ្ញុំ​វិញ ​ខ្ញុំ​សុំ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ផ្នែក​គោល​នយោបាយ​ក្តី អ្នក​ដឹកនាំ​នៅ​ក្នុង​កម្រិត​នយោបាយ​ក្តី ​ត្រូវមាន​ចិត្ត​បើក​ចំហ​ឲ្យ​បាន​ទូលាយ ​ឲ្យ​មាន​ការ​រិះគន់​ ហើយ​ទទួល​យកមតិ​ដែល​គេ​រិះគន់​ហ្នឹង​ យក​ទៅដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ​វា​ជា​ប្រយោជន៍​មួយ​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​ទិស​ដៅ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​បែប​ស៊ីជម្រៅ​ហ្នឹង»។

ការ​រិះគន់​របស់​លោក​ គួច ម៉េងលី ​កាល​ពី​កន្លង​ទៅ ​ក៏​មាន​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ផងដែរ។

កាល​ពីចុង​ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ហ៊ុន សែន ​បាន​រិះគន់​ខ្លាំងៗ​លើ​អ្នក​ដែល​រិះគន់​វិស័យ​សុខាភិបាល​ ដោយ​និយាយ​ថា ពួកគេ​កំពុង​មើល​ស្រាល​គ្រូពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះខាត​ ប៉ុន្តែ​មិន​ដល់​ថ្នាក់​១០០ខូច​អស់​៩៩​នោះ​ទេ។

លោក ហ៊ុន សែន ​មានប្រសាសន៍​ថា៖ «អញ្ចឹង​ភាគ​ច្រើន​នៃ​គ្រូ​ពេទ្យ​របស់​យើង​មាន​ក្រម​សីលធម៌ មាន​វិជ្ជា​ជីវៈ ​ប្រក​បដោយ​ការ​ទទួល​ខុសត្រូវ​ និង​មាន​ការ​លះបង់ ​ដើម្បី​ជួយ​អ្នកជំងឺ។ អ្នក​គេ​លើក​ថា​១០០ ​ខូច​៩៩ អញ្ចឹង​ទេឥឡូវ​ បើ​ក្នុង​ចំណោម​១០០​អញ្ចឹង គ្រូពេទ្យ​ទាំងអស់សុទ្ធ​តែ​អ្នក​ខូច​ហើយ​នេះ ហើយ​បើ​លើក​ដល់​ធុនៗ​ហ្នឹង វា​មិន​ងាប់​មនុស្ស​អស់​ហើយ»។

ទោះ​ជា​យ៉ាងណា ​លោក ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​គ្រូពេទ្យ​ទាំងអស់​ព្យាយាម​កែ​ប្រែ​ឥរិយាបទ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG