ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​ការពារ​ក្ដី​លោក ហុង សុខហួរ បដិសេធ​មិន​ចូល​រួម​សវនាការ​សាលា​ឧទ្ធរណ៍ ដោយសារ​កង្វះ​អ៊ីនធឺណិត


រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដន្ទាទោស​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ ចំពោះ​បទល្មើស​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ។

ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ បាន​បដិសេធ​មិន​ចូលរួម​ក្នុង​អង្គ​សវនាការ​ដែល​គ្រោង​រៀប​ចំឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​សាលា​ឧទ្ធរណ៍ ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក​ ហុង សុខហួរ​ ជំទាស់​នឹង​ការ​សម្រេច​សេចក្ដី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​សំណុំ​រឿង​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា-វៀតណាម។

សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដន្ទាទោស​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ ចំពោះ​បទល្មើស​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ។

លោក​ សំ សុគង់​ មេធាវី​ការ​ពារ​ក្ដី​ លោក​ ហុង សុខហួរ​ ប្រាប់​ VOA​ ថា​ ក្រុម​មេធាវី​ បាន​ស្នើ​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ សម្រាប់​ទាញ​យក​ឯកសារ​ដែល​កូន​ក្ដី​របស់​លោក​បាន​ប្រើ ក្នុង​ការ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ តែ​តុលាការ​មិន​ព្រម​ធ្វើ​ទៅ​តាម​សំណើ​របស់​ក្រុម​មេធាវី​នោះ​ឡើយ។

លោក​ថា ក្រុម​មេធាវី​ក៏​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​អង្គ​សវនាការ​ ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ នៅ​ក្នុង​ពេល​បើក​សវនាការ​លើក​ក្រោយ​ ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក សេង​ ស៊ីវុត្ថា​ សម្រេច​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

«ក្រុម​មេធាវី​នៅ​តែ​ស្នើ​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ហ្នឹង​ រៀប​ចំ​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង​មួយ​នៅ​ក្នុង​បន្ទប់​សវនាការ​ដើម្បី​បង្ហាញ​អំពី​របៀប​នៃ​ការ​ទាញ​ឯកសារ​ចេញ​ពី​វែបសាយ​ Google ​ដើម្បី​បង្ហាញ​ថា​ឯកសារ​នេះ​មិន​មែន​យក​មក​ដើម្បី​កែ​ ដើម្បី​ធ្វើ​ឲ្យ​ខុស​ពី​ឯកសារ​ដើម​ទេ​ គឺ​យើង​យក​ទាំង​ដុល​តែម្តង​ពី​វែប​សាយ​ Google»។

លោក ហុង​ សុខ​ហួរ ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ​ Facebook របស់​លោក សម រង្ស៊ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក ហុង សុខហួរ បាន​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ និង​អះអាង​ថា ឯកសារ​ដែល​លោក​ ហុង​ សុខ​ហួរ​ បង្ហោះ​នោះ​ជា​សន្ធិសញ្ញា​ដែល​នាំ​ទៅ​រក​ការ​រំលាយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ ទូច​ ថារិទ្ធ​ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ ប្រាប់​ VOA ថា​ តុលាការ​សាលាឧទ្ធរណ៍​បាន​សម្រេច​លើក​ពេល​បើក​សវនា​ការ ​ដោយ​ហេតុ​ថា​ ពុំ​មាន​វត្តមាន​ពី​ក្រុម​មេធាវី​ការពារ​កូន​ក្តី​ ដែល​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​ពេល​ជំនុំ​ជម្រះបទល្មើស​ឧក្រិដ្ឋ។

លោក​មាន​ប្រសាសន៍​ថា​ ចំពោះ​សំណើ​របស់​មេធាវី​ ដែល​ទាម​ទារ​ឲ្យ​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នៅ​ក្នុង​អង្គ​សវនាការ​នោះ​ គឺ​តុលាការ​ពុំ​អាច​ធ្វើ​បាន​នោះ​ទេ​ ព្រោះ​ការ​ភ្ជាប់​បណ្ដាញ​ដូចនេះ​ពុំ​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ​សវនាការ​របស់​សាលា​ឧទ្ធរណ៍។

«ខាង​តុលាការ​ដែល​នីតិ​វិធី​ ដូច​មិន​ដែល​មាន​ការ​បំពាក់​អ៊ីនធឺណិត​អី​នៅ​កំពុង​អង្គ​សវនាការ​អញ្ចឹង​អី​បង»។

លោក​មិន​ធ្វើការ​អធិប្បាយ​ចំពោះ​ការ​ទាមទារ​របស់​ក្រុម​មេធាវី​ ដែល​សុំ​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត នៅ​ពេល​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ទេ។

លោក​ថា​ មាន​តែ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទេ​ ដែល​អាច​សម្រេច​លើ​រឿង​នេះ។

តុលាការ​ចោទ​ប្រកាន់​ លោក​ ហុង​ សុខហួរ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ចំនួន​បី​បទ​ល្មើស​ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

​លោក​ អំ​ សំអាត​ ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់ VOA​ ថា ប្រសិន​បើ​សាលា​ឧទ្ធរណ៍​ចង់​ផ្ដល់​យុត្តិធម៌​ដល់​រឿង​ក្តី​លោក​ ហុង​ សុខ​ហួរ សាលា​ឧទ្ធរណ៍អាច​ពិចារណា​លើ​ការ​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នេះ​ក្នុង​ពេល​ជំនុំ​ជម្រះ។

​«ការ​ភ្ជាប់​ហ្នឹង​គឺ​ចង់​រក​ search [ស្រាវជ្រាវ] ​រក​ដូច​ចង់​បង្ហាញ​ភស្តុតាង​ នៅ​ក្នុង​តុលាការ។ អាហ្នឹង​ត្រូវ​តែ​បង្ហាញ​តាម​ហ្នឹង​ហើយ។ ហើយ​សម័យ​នេះ​ ខ្ញុំ​គិត​ថា​ អ្នក​បច្ចេកវិទ្យា​គេ​អាច​នឹង​ធ្វើ​បាន​ ពីព្រោះ​អា​នេះ​គឺ​ជា​ភស្តុតាង​សំខាន់​សម្រាប់​ ធ្វើ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង»។

ទោះបី​ជា​យ៉ាង​ក៏​ដោយ​ លោក​ អំ​ សំអាត​ និយាយ​ថា​ រឿង​ក្តី​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​ ទើប​អាច​រក​ច្រក​បំបែក​សំណុំរឿង​នេះ​បាន។

ក្នុង​សំណុំរឿង​ព្រំដែន​កម្ពុជា​-វៀតណាម​ដដែល​នេះ​ តំណាងរាស្ត្រ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ អ៊ុំ សំអាន​ ក៏​ត្រូវ​បាន​តុលាការ​ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ ​៦ខែ ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។

ការ​កាត់​ទោស​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​រូប​នេះ​ ធ្វើឡើង​ក្រោយ​ពី​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន​តុលាការ​ទៅ​លើ​ការ​អធិប្បាយ​នានា​របស់​លោក អ៊ុំ សំអាន ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥។

លោក​មេធាវី​ សំ សុខ​គង់ បញ្ជាក់​ថា​ ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ ហុង សុខហួរ​ នឹង​បន្ត​តស៊ូ​តាម​ផ្លូវ​តុលាការ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​សមាជិក​ព្រឹទ្ធសភា​រូប​នេះ។

លោក​មេធាវី​បន្ថែម​ថា​ ក្រុម​មេធាវី​មិន​ទាន់​ពិចារណា​លើ​ការ​ដក​ពាក្យ​បណ្ដឹង​នៅ​សាលាឧទ្ធរណ៍​ រួច​ស្នើ​សុំ​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ ដូច​ករណី​លោក​ កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ៕

XS
SM
MD
LG