ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រែប្រួល​ចុង​ក្រោយ​អាច​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​សភា​សហរដ្ឋ​អាមេរិក​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក


លោក Michael Rogers ប្រធាន​ទីភ្នាក់ងារ​សន្តិជាតិ​ (រូប​ខាង​មុខ) និង​លោក James Comey ប្រធាន​ស្ថាប័ន FBI ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

ការ​បង្ហាញ​ជា​សាធារណៈ​នូវ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ដែល​ជា​ទូទៅ​ជា​កិច្ចការ​ដែល​គេ​លាក់​កំបាំង​នោះ បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ងឿង​ឆ្ងល់​អំពី​សមត្ថភាព​របស់​សមាជិក​សភា​នានា​នៅ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

ការ​ស៊ើប​អង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នេះ កាន់តែ​មាន​ភាព​ច្របូក​ច្របល់​បន្ថែម​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ពេល​ដែល​សមាជិក​សភា​ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​កិច្ច​សន្ទនា​របស់​លោក​ប្រធានាធិបតី Donald Trump និង​បុគ្គលិក​របស់​លោក បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានការណ៍​ដែល​កើត​ឡើង​ដោយ​ឥត​គ្រោង​ទុក។

លោក Davin Nunes ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​អាន គឺ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ខ្វាយខ្វល់។ ខ្ញុំ​គិត​ថា រឿង​នេះ​ក៏​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ខ្លួន​ឯង​ផ្ទាល់ ក៏​ដូចជា​ក្រុម​របស់​លោក​មាន​ការ​ខ្វាយខ្វល់​ផង​ដែរ។ លោក​ប្រធានាធិបតី និង​ក្រុម​ផ្ទេរ​តំណែង​របស់​លោក​ត្រូវ​បាន​គេ​ដាក់​ចូល​ទៅ​ក្នុង​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​នេះ ដែល​ក្នុង​នោះ បញ្ហា​មួយ​ចំនួន​គឺ​ទំនង​ដូចជា​មិន​សមរម្យ​ទាល់​តែ​សោះ»។

លោក Davin Nunes បាន​បដិសេធ​មិន​បញ្ជាក់​លម្អិត​អំពី​ថា​តើ​លោក​ទទួល​បាន​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​នេះ​មក​ពី​កន្លែង​ណា​នោះ៕

XS
SM
MD
LG