ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡាវ​នឹង​ពិចារណា​អំពី​កង្វល់​​ប្រទេស​ជិត​ខាង​​ចំពោះ​​​គម្រោង​ទំនប់​វារី​អគ្គីសនី​​ Don Sahong


អ្នក​ភូម​ិ​កាន់​បដា​មាន​ទម្រង់​ជា​ត្រី​ខណៈ​ដែល​ពួក​គេ​ឈរ​ឲ្យ​គេ​ថតនៅ​មុខ​តុលាការ​រដ្ឋបាល​ថៃ​ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤។
អ្នក​ភូម​ិ​កាន់​បដា​មាន​ទម្រង់​ជា​ត្រី​ខណៈ​ដែល​ពួក​គេ​ឈរ​ឲ្យ​គេ​ថតនៅ​មុខ​តុលាការ​រដ្ឋបាល​ថៃ​ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤។

ប្រទេស​ឡាវ​បាន​ជម្រាប​ដល់​សមា​ជិក​របស់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ថា ​ខ្លួន​ ​មាន​គោល​បំណង​ដាក់​ឲ្យ​ដំណើរការគម្រោង​វារី​អគ្គីសនី​ដ៏​ធំ​មួយ​ក៏​ប៉ុន្តែ​នឹង​ពិចារណា​ការ​ផ្លាស់​ប្តូរដោយ​ផ្អែក​លើ​ការ​ព្រួយ​កង្វល់​របស់​ប្រទេស​ជិតខាង​ដែល​បាន​សម្តែងនូវ​ការជំទាស់អំពី​គម្រោង​ដ៏​ចម្រូង​ចម្រាស់​នេះ។

ក្នុង​ការផ្លាស់​ប្តូរ​ជំហរ​នេះ រដ្ឋាភិបាល​ឡាវ​ ​បាន​និយាយ​ថា​ឡាវ​នឹងស្តាប់​គំនិត​ហើយ​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គហើយ​នឹង​ដៃគូ​អភិវឌ្ឍន៍មុន​ពេល​ស្ថាបនាទំនប់​ទឹក​ Don Sahong។

​កាល​ពី​មុន​ឡាវ​បាន​និយាយ​យ៉ាង​ទទូច​ថា ​ពីព្រោះ​តែ​គម្រោង​វារី​អគ្គីសនី​ស្ថិត​នៅ​ដៃ​ទន្លេ​មេគង្គ​ ​ហើយមិន​មែនជា​ទន្លេ​មេ​ទេ ​ខ្លួន​មិន​ត្រូវការបញ្ជូន​សំណើទៅ​កាន់​គណៈកម្មការដើម្បី​ធ្វើ​ការ​ពិ​គ្រោះផ្លូវការ​ជាមុន​ទេ។

លោក Hand Guttman ​ប្រធាន​ប្រតិបត្តិ​របស់​គណៈ​កម្មការ​នេះ ​បាន​ប្រាប់ពួក​អ្នក​យក​ព័ត៌មាន​ថា ​លេខាធិការដ្ឋានរបស់គណៈកម្មការ MRC ​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ដំណើរការ​នេះ​ ​ក៏ប៉ុន្តែ​នៅ​ទី​បញ្ចប់​ ឡាវ​នៅ​តែអាចសម្រេច​ធ្វើ​ព្រងើយ​កន្តើយ​ដល់​ការ​ជំទាស់នេះ​បាន ​ពីព្រោះ​តែ​គ្មាន​ដំណើរការ​តាម​បែប​ប្រជាធិបតេយ្យផ្លូវការ។

លោក Hand Guttman ពន្យល់​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ឡាវ​បាន​អនុញ្ញាតិឲ្យ​មាន​ការ​ពិចារណាជា​ផ្លូវការកាន់​តែ​ច្រើនឡើង​ថែម​ទៀតនៃ​ផល​វិបាកដ៏​ខ្លាំង​មួយ​ហើយ​បន្ទាប់​មក​អនុញ្ញាតិឲ្យ​រដ្ឋាភិបាល​ឡាវ ​ធ្វើ​ការពិចារណា​បញ្ហា​នេះ ​ប្រសិន​បើ​មាន​ករណី​នោះ​មែន។ ​ក៏ប៉ុន្តែ ​ដំណើរការ​នោះ​មិន​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​ការ​បោះឆ្នោត​ទេ»។

ផែនទីគម្រោងទី​តាំង​ទំនប់​ Don Sahong នៅ​ក្បែរ​ព្រំដែន​កម្ពុជា​
ផែនទីគម្រោងទី​តាំង​ទំនប់​ Don Sahong នៅ​ក្បែរ​ព្រំដែន​កម្ពុជា​

​ទំនប់​នោះ នឹង​ផលិត​ថាមពល​អគ្គីសនី​២៦០​មេហ្គាវ៉ាត់។ ​ថៃ ​វៀត​ណាម​និង​កម្ពុជា ​បាន​បង្កើន​ការ​ព្រួយ​កង្វល់អំពីផល​ប៉ះ​ពាល់​ខាង​បរិស្ថាន​របស់​គម្រោង​នេះ។

លោក Chote Trachu លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងធនធាន​និង​បរិស្ថាន​របស់​ថៃ​និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​ថៃ ​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​ ​សូម​ថ្លែង​អំណរ​គុណ​ចំពោះការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ឡាវពី​ការ​គ្រាន់​តែ​ប្រាប់​ឲ្យ​ដឹង​ទៅ​កាន់​ដំណើរ​ការនៃ​ការ​ពិគ្រោះ​យោ​បល់ដែល​មាន​ភាគី​ពាក់​ព័ន្ធ​កាន់​តែ​ច្រើន​ឡើង​ទៀត។

​អង្គការ​ទន្លេ​អន្តរជាតិដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ហៅ​ការ​ផ្លាស់​ប្តូរនេះ ​ថា ​ជាឱកាសសម្រាប់​ប្រទេស​ជិ​ត​ខាងមាន​សំឡេងនៅ​ក្នុង​ថា​តើ​គម្រោង​នេះ ​ត្រូវ​ការ​ស្ថាប​នា​ដែរ​ឬទេ។ ក៏ប៉ុន្តែ ​អង្គការ​នោះ ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ពេល​ដ៏​សំខាន់​នេះ ​ឡាវ ​គួរតែបញ្ឈប់ការ​សាងសង់ទាំងអស់នៅការដ្ឋាន​ Don Sahong ​ដូច្នេះ ​ការ​វាយ​តម្លៃ​គម្រោង​នោះពិតប្រាកដ អា​ច​ធ្វើ​ទៅបាន។

​ក្រុម​បរិស្ថាន​ជា​ច្រើន​ពោល​អះអាង​ថា ​គម្រោង​វារី​អគ្គីសនី​នឹង​បំផ្លាញប្រព័ន្ធអេកូឡូហ្ស៊ីរបស់​ទន្លេ​ពីព្រោះ​តែ​គម្រោងវារី​អគ្គីសនី​នោះ ​នឹង​រារាំង​ការ​ផ្លាស់​ទី​លំនៅរបស់​ត្រី។

ឡាវប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​បន្តធ្វើ​ការ​ដែល​បាន​ចាប់ផ្តើម​រួច​ហើយដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ទឹក​ក្នុង​តំបន់​គម្រោងដើម្បី​ជួយការ​ផ្លាស់ទីរបស់​ត្រី។

​ក៏មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ដែរអំពី​ការ​ស្ថាបនា​ដែលបាន​ធ្វើ​ឡើងរួច​ហើយនៃ​ទំនប់មួយ​ផ្សេង​ទៀតនៅ​តាម​ដង​ទន្លេ​ ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ឡាវ​ដែរ។

ទំនប់ Xayaburi ដែល​ត្រូវ​ផ្តល់​ថវិកា​ដោយធនាគារ​ពាណិជ្ជកម្ម​ក្នុង​ប្រទេសថៃ​មាន​គោល​បំណងផលិត​ភ្លើង​អគ្គីសនី​ប្រហែល​១.៣០០​មេហ្គាវ៉ាត់​ ដែល​ភ្លើង​អគ្គីសនី​ស្ទើរ​តែ​ទាំងអស់ត្រូវ​បាន​ទិញដោយ​អាជ្ញាធរ​អគ្គីសនី​ថៃ (EGAT)។

​កាល​ពី​សប្តាហ៍​មុន សហគមន៍​របស់​ក្រុម​អភិរក្ស​រួម​មាន​មូលនិធិធម្មជាតិ​ពិភពលោក​ (WWF) ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​មេ​ដឹកនាំ​រដ្ឋប្រហារ​យោ​ធាដែល​ឥឡូវ​នេះ កាន់​អំណាចទាំង​នៅ​អង្គការ​នីតិប្រតិបត្តិ​និង​នីតិបញ្ញតិ​ទាំងអស់នៅ​ក្នុង​ប្រទេស​ថៃ ​សុំ​ឲ្យ​បញ្ឈប់ឬ​លុប​ចោលកិច្ច​ព្រម​ព្រៀង​ទិ​ញ​ថាមពលពី​ទំនប់​នេះ។ ​ការ​អំ​ពាវ​នាវនោះ​ បាន​ហៅ​គម្រោង​នោះ​ថា ​ជាគម្រោង​ទំនប់​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ដ៏​ច្រើន​បំផុតនៅ​ក្នុង​ពិភពលោក ​ហើយ​ថា ​គម្រោងនោះ​ជា​ការ​គំរាម​កំហែងឆ្លង​កាត់​ព្រំ​ដែន​ដ៏​ធំ​បំផុត​ដល់​សន្តិសុខ​ស្បៀង​អាហារ​ ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការតំបន់ក្នុង​អាង​ទន្លេមេគង្គ​ក្រោម។

​កម្ពុជា​និង​វៀត​ណាម​ក៏​បាន​ជំទាស់គម្រោងនេះ​ដែរ។

នៅ​សប្តាហ៍​នេះ ​តុលាការ​រដ្ឋបាល​កំពូល​ថៃ ​បានយល់​ព្រម​យក​បណ្តឹង​ប្រឆាំង​កិច្ច​ព្រម​ព្រៀង​ទិញ​ថាម​ពល​របស់​ទំនប់​នេះ មក​ពិចារណា។

​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទន្លេ​អន្តរជាតិ​ (International Rivers) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​សរសើរ​ចំណាត់ការរបស់​តុលាការ​ថា ​ជា​ការ​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ឆ្លង​កាត់​ព្រំដែន​នៃ​ទំនប់ Xayaburi ​ដែល​ទំនង​ជា​មាន​លើ​ប្រព័ន្ធ​អេកូ​របស់​ទន្លេមេគង្គនិង​មនុស្ស​ ​ថ្វី​បើ​មាន​ការ​អះអាង​កាល​ពីដំបូង​ដោយ​រដ្ឋាភិបាល​ឡាវ​ថា ​គម្រោ​ង​នេះ​នឹងគ្មាន​ផលប៉ះ​ពាល់​ក៏ដោយ។

​ទន្លេ​មេគង្គ​ ​ជា​ទន្លេ​ដ៏​វែង​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដោយ​មាន​ប្រភពពីភ្នំ​នៃ​ខេត្ត Qinghai ក្នុង​ប្រទេស​ចិន។

​អាង​ទន្លេ​មេគង្គ​ក្រោម​បាន​ចិញ្ចឹម​មនុស្សជិត​៦០​លាននាក់។ ត្រីក្នុង​ទន្លេ​នោះ ​ជា​ប្រភព​ជាតិ​ប្រូតេអ៊ីន​ដ៏​សំខាន់​មួយ​ដែល​បាន​ត្រូវ​ប្រើ​ប្រាស់​ដោយ​ប្រ​ជាពលរដ្ឋ​ទាំង​នោះ។ ​ហើយ​ល្បាប់​និង​ជីវជាតិ​នៅពាម​ទន្លេ ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ផលិតភាពក្នុង​តំបន់​ដី​សណ្ត​របស់​វៀតណាម។

​គេ​មាន​ផែនការស្ថាបនាគម្រោងថាមពលវារី​អគ្គីសនី​ទាំង​អស់​១២​នៅ​តាម​បណ្តោយ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ក្រោម។ ពួក​អ្នក​គាំទ្រ​និយាយ​ថា ​គម្រោង​នោះ ​មាន​សារៈ​សំខាន់​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែលកំពុង​រីក​លូតលាស់ហើយ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG