\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាមទារ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​ជាង​១០​ឆ្នាំ


រូបឯកសារ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧០​នាក់​មកពី​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុងដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​នៅ​ភ្នំពេញ កាលពីថ្ងៃ​ព្រហស្បតិ៍ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

រូបឯកសារ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧០​នាក់​មកពី​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុងដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​នៅ​ភ្នំពេញ កាលពីថ្ងៃ​ព្រហស្បតិ៍ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

អ្នកស្រី​ ផាវ​ ញ៉ឺង​ ឲ្យ​ដឹង​បន្ត​ថា​ ប្រជាពលរដ្ឋ​ចំនួន​១៧៤គ្រួសារ​ កំពុង​ទាមទារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​ចំនួន​សរុប​ជាង​៧៨២​ហិកតា។

ក្រុម​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កោះ​កុង​ ប្រមាណ​ជាង​១០០នាក់​ បាន​បន្ត​តវ៉ា​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​បាន​ជាប់​គាំង​ជាង​១០ឆ្នាំ​ ជាមួយ​ក្រុម​ហ៊ុន​ស្ករអំពៅ​ និង​អ្នក​ជំនួញ​ម្នាក់​នៅ​ក្នុង​ខេត្ត​ដែល​ជាប់នឹង​ប្រទេស​ថៃ​មួយ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​អ្នក​តំណាង​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ។​

ក្រុម​ប្រជាពលរដ្ឋ​បាន​ផ្ដើម​ការ​តវ៉ា​ ដោយ​ការ​ដាក់​ញត្តិ​ជា​បន្ត​បន្ទាប់​ទៅតាម​ក្រសួង​រដ្ឋាភិបាល​ និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រមទាំង​ស្ថាន​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ តាំងពី​ថ្ងៃ​ទី២០​ ខែធ្នូ​ ឆ្នាំ២០១៦​ រហូត​មកដល់​ដើម​ខែ​មករា​នេះ​ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជាក់​លាក់​ណាមួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ។

អ្នក​ស្រី​ ផាវ​ ញ៉ឺង​ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ឃុំ​ជី​ខក្រោម ​ស្រុក​ស្រែអំបិល ​ខេត្ត​កោះកុង ប្រាប់​ VOA​ អំពី​ដំណើរ​រឿង​នៃ​ទំនាស់​ដីធ្លី​នេះ​យ៉ាង​ដូច្នេះ​ថា៖

«ច៎ាស ក្រុម​ហ៊ុន​ លោក​ លី​ យ៉ុងផាត់​ បាន​ទៅ​រំលោភ​យក​ដី​ពួក​យើង​តាំង​ពី​ឆ្នាំ​២០០៦​ រហូត​មក​ដល់​ពេល​នេះ​ គឺ​ជិត​ និយាយ​ទៅ​១០ឆ្នាំ​ ១១ឆ្នាំ​ ហើយ​ឆ្នាំ​២០១៧ ច៎ាស! ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ កុហក​ពួក​យើង​មួយ​លើក​ហើយ​ មួយ​លើក​ទៀត​ ដោះស្រាយ​ឲ្យ​ប៉ុន្តែ​មក​ដល់​ពេលនេះ​ គឺ​អត់​មាន​ដំណោះ​ស្រាយ​ទេ»។

អ្នកស្រី​និយាយ​បន្ត​ទៀត​ថា​ ខាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​លិខិត​អន្តរាគមន៍​ ឲ្យ​អ្នកភូមិ​ទៅ​ទាក់​ទង​ជាមួយ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​និង​សំណង់​ ដែល​ជា​ក្រសួង​មាន​សមត្ថកិច្ច​ក្នុង​ការ​រក​ដំណោះស្រាយ។ អ្នកស្រី​ថា​ ក្រុម​អ្នកភូមិ​នឹង​ធ្វើដំណើរ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី​នៅ​ថ្ងៃ​ស្អែក។

នៅ​មុន​ពេល​អ្នក​ភូមិ​ធ្វើ​ដំណើរ​ទៅ​ក្រសួង​រៀប​ចំ​ដែន​ដី​ អ្នកស្រី​ ផាវ​ ញ៉ឺង​ ថ្លែង​ថា៖

« ច៎ាស​ ខ្ញុំ​មាន​សំណូមពរ​ចុង​ក្រោយ​សុំ​អង្វរ​យ៉ាង​ទទូច​ ជាពិសេស​ឯកឧត្ដម ​ជា​ សុផារ៉ា​ ដែល​លោក​ទទួល​បន្ទុក​ផ្នែក​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួក​យើង។​ អញ្ចឹង​មាន​តែ​ឯកឧត្ដម​ទេ​ ដែល​តំណាង​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ សុំ​ឯក​ឧត្ដម​មេត្តា​ ជំរុញ​ និង​ពន្លឿន​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​សមរម្យ​ និង​យុត្តិធម៌​ ឲ្យ​បាន​លឿន​បំផុត»។

អ្នកស្រី​បញ្ជាក់​ថា​ រដ្ឋាភិបាល​មិន​អាច​ចាត់​ទុក​ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​នេះ​ថា​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ​ ហើយ​ថា​ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បាត់​បង់​ដី​ទេ​នោះ​ នោះ​ការ​តវ៉ា​ជាង​១០ឆ្នាំ​មកនេះ​ ក៏​នឹង​មិន​កើត​មាន​ឡើង​នោះ​ឡើយ។

អ្នកស្រី​ ផាវ​ ញ៉ឺង​ ឲ្យ​ដឹង​បន្ត​ថា​ ប្រជាពលរដ្ឋ​ចំនួន​១៧៤គ្រួសារ​ កំពុង​ទាមទារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​ចំនួន​សរុប​ជាង​៧៨២​ហិកតា។ ទំនាស់​នេះ​ គឺ​ផ្ដើម​ចេញ​ពី​គម្រោង​វិនិយោគ​ផលិត​ស្ករអំពៅ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រី​បន្ថែម​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​១៥គ្រួសារ​ផ្សេងទៀត​ កំពុង​មាន​ទំនាស់​លើ​ផ្ទៃដី​ទំហំ​ជាង​៥៩ហិកតា ​ជាមួយ​លោក​ឧកញ៉ា ​ហេង​ ហ៊ុយ​ ជា​អ្នក​ជំនួញ​ម្នាក់​នៅ​ក្នុង​ខេត្ត​កោះកុង។

VOA មិន​ទាន់​អាច​ទាក់​ទង​ លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​បាន​ទេ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​ទាមទារ​ដំណោះស្រាយ​នេះ​ មក​ពី​ភូមិ​ចំនួន​៧​នៃ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​បុទុមសាគរ​ និង​ស្រុក​ស្រែ​អំបិល។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ប៊ុត​ ប្រុស​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្ត​កោះកុង។

លោក​ ប៊ុត ប្រុស​ ថ្លែង​ថា​ ប្រជាពលរដ្ឋ​នៅ​បន្ត​ទាមទារ​ឲ្យ​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ចេញ​មក​មុខ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ ទោះបីជា​មាន​ដំណឹង​ថា​ លោក លី យ៉ុងផាត់​ បាន​ដក​ខ្លួន​ចេញពី​ជំនួញ​ស្ករអំពៅ​ពី​ខេត្ត​កោះកុង​ក៏ដោយ។

«ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ ធ្វើ​ម៉េច​នឹង​ដឹង​ថា​ គាត់​ផ្ទេរ​ទៅ​ក្រុម​ហ៊ុន​ណា​ ហើយ​បើ​ខ្ញុំ​ បើ​គាត់​ផ្ទេរ​ឲ្យ​ទៅ​ក្រុមហ៊ុន​ ផ្សេង​ឲ្យ​ខ្ញុំ​ ទៅ​រក​រឿង​ ឬ​ក៏​ខ្ញុំ​ទៅ​ប្ដឹង​ក្រុម​ហ៊ុន​ផ្សេង​ធ្វើ​ម៉េច​ គាត់​ទទួល​ខុសត្រូវ​កើត»។

​ក៏ប៉ុន្តែ​ លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​មិន​មាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នេះ​ទេ ហើយ​លោក​បាន​ហៅ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ថា​ ជា​រឿង​នយោបាយ ដោយ​សារ​តែ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

«អ្នកណា​តវ៉ា​អី​ ក៏​ត​ទៅ​ តែ​ខ្ញុំ​អត់​មាន​ដី​ អត់​មាន​អី​ពាក់ព័ន្ធ​ទេ​ ហើយ​អញ្ចឹង​នៅ​មិន​ទាន់​ស្ដាប់​ នៅ​មិន​ទាន់​ ហើយ​វាយ​ខ្ញុំ​ ជេរ​ខ្ញុំ​ អា​ហ្នឹង​រឿង​ រឿង​នយោបាយ​ទេ​ វា​មិនមែន​រឿង​ថា​ ទ្រព្យ​សម្បត្តិ​របស់​អា​ណា​បាត់​របស់​អាណា​ ចំណេញ​របស់​អាណា​ កើន​របស់​អាណា​ បាត់​ទ្រព្យ​សម្បត្តិ​ អត់​មាន​ទេ។ សុទ្ធ​ថា​ នយោបាយ​ទាំង​អស់។ ខ្ញុំ​នៅ​អត់​យល់​ដែរ​ ខ្ញុំ​ដឹង​ថា​ម៉េច​ដែរ​អញ្ចឹង»។

លោក​ឧកញ៉ា ហេង​ ហ៊ុយ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​ បាន​រំលោភ​ដីធ្លី​ដែរ​នោះ​ ប្រាប់​ VOAថា​ លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ណា​នោះ​ទេ​ ហើយ​ក៏​មិន​បារម្ភ​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​ផង​ដែរ។

«ខ្ញុំ​មាន​អី​បារម្ភ​ បើ​មាន​អី​បារម្ភ​ ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ អត់​មាន​អី​ជាមួយ​ប្រជាពលរដ្ឋ​ អត់​មាន​អី​ផង​ ព្រោះ​ដី​នេះ​ គឺ​ដី​កម្មសិទ្ធិ​ណា​ ដី​កម្មសិទ្ធិ​ មាន​កម្មសិទ្ធិ​ មានអី​ត្រឹម​ត្រូវ​អស់​ហើយ​ មាន​អី​ត្រូវ​ព្រួយ​បារម្ភ»។

ទោះ​បី​ជា​មាន​ការ​ច្រាន​ចោល​ការ​ទទួល​ខុសត្រូវ​ពី​លោក​ឧកញ៉ា​ទាំងពីរ​រូប​នេះ​ក្ដី​ ក្នុង​រយៈពេល​ជាង​១០ថ្ងៃ​មកនេះ​ ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ ក៏បាន​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ ពី​ក្រសួង​បរិស្ថាន​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ សាយ​ សំអាល់​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋសភា បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ថា​ រដ្ឋាភិបាល​កំពុង​ពិនិត្យ​លើ​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​ទាំងនោះ។

«ឥឡូវ​ហ្នឹង​ យើង​កំពុង​តែ​ពិនិត្យ​មើល​បញ្ហា​ហ្នឹង​ហើយ​ ជា​សំណូមពរ​របស់​គាត់​ ហើយ​យើង​ បន្ទាប់​ពី​យើង​ពិនិត្យ​មើល​ហ្នឹង​ហើយ​ យើង​នឹង​ចុះ​ដល់​កន្លែង​តែម្ដង​បាទ​ ឆាប់ៗ​ហ្នឹង​ហើយ»។

មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ លោក​អ៊ិន គង់​ជិត​ ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​ទុក​ឲ្យ​ទំនាស់​ដីធ្លី​នេះ​ អូស​បន្លាយ​យូរ​ទៅ​មុខ​ថែម​ទៀត​នោះ​ទេ។

លោក​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ បាន​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ។

«ការ​អូស​បន្លាយ​នេះ​ វា​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​កាន់​តែ​ធ្លាក់​ខ្លួន​ ទៅ​ក្នុង​ភាព​ក្រីក្រ​ទៅៗ​ ដោយសារ​គាត់​បាត់​ កន្លង​មក​គាត់​បាត់បង់​ដី​កសិកម្ម​ សម្រាប់​ធ្វើ​ស្រែ​ និង​ធ្វើ​ចម្ការ​ អញ្ចឹង​ធ្វើ​ឲ្យ​គាត់​អត់​មាន​ប្រាក់​ចំណូល​ គាត់​ងាក​ទៅ​ធ្វើ​ចំណាកស្រុក​ ហើយ​និង​ខ្ចីបុល​ ជំពាក់​បំណុល​គេ​ច្រើន​បាទ»។

លោក​ថា​ យន្តការ​ដែល​ងាយស្រួល​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​ជម្លោះ​នេះ​ គឺ​ការ​ឆ្វៀល​ដី​ទំនាស់​នេះ​ ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​ ហើយ​បែង​ចែក​ទៅ​ដល់​ប្រជាពលរដ្ឋ​តាម​អ្វី​ដែល​ពួកគេ​ទាមទារ។

ក្រុម​ប្រជាពលរដ្ឋ​តវ៉ា​នៅ​ថ្ងៃ​នេះ​ អះអាង​ថា​ ពួកគេ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រារាំងផង​ដែរ​ នៅ​ពេល​ពួក​គេ​កំពុង​ធ្វើការ​តស៊ូ​មតិ​ក្នុង​រាជធានី​ ស្វះស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដែល​មាន​អាយុ​កាល​ជាង​១០​ឆ្នាំ​មក​នេះ៕

XS
SM
MD
LG