ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​កោះកុង​បង្ខំ​រុះរើ​បដា​សុំ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស


នគរបាលរុះរើស្លាកចេញពីការិយាល័យអង្គការអាដហុកនៅខេត្តកោះកុង។ (អាដហុក)

នៅ​ពេល​ដែល​VOA​សួរ​អំពី​មាត្រា​ច្បាប់​ដែល​អាជ្ញាធរ​​ខេត្ត​កោះកុង​ ​យក​ជា​សំអាង​ក្នុង​ការ​រុះ​រើ​​ស្លាក​រូប​ថត​ពី​ខាង​មុខ​ទីស្នាក់ការ​អង្គការ​សង្គម​ស៊ីវិល​ទាំង​បី ​លោក​អភិបាល​ខេត្ត​បាន​ឆ្លើយ​តប​មក​វិញ​ថា ​«ខ្ញុំ​​មិន​មែន​ជា​អ្នក​ច្បាប់​ទេ»។​

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​កោះកុង​ ​បានចុះទៅដល់ទីស្នាក់ការ​អង្គការចំនួនបីនៅក្នុងក្រុងខេមរភូមិន្ទ​កោះកុង​ ដើម្បី​រុះរើ​ទម្លាក់​ស្លាក​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែងមន្ត្រីសិទ្ធិមនុស្សចំនួនប្រាំនាក់ ​និង​សកម្មជនដីធ្លី​ម្នាក់​ ​ដែល​បាន​ជាប់​ឃុំ​ឃាំង​ អស់រយៈ​ជាងមួយ​ឆ្នាំ​មក​ហើយ។​

នៅ​ម៉ោង​ប្រមាណ​១០:៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ព្រមៗ​គ្នា ​ដល់​អង្គការ​ទាំង​បី​ ​ដើម្បី​ទៅរុះ​រើ​ស្លាក​ចេញ​ដោយ​បង្ខំ​ ​ហើយ​មិន​ព្រម​និយាយ​ចរចា​អ្វី​ទាំង​អស់។ ​នេះ​ជា​ការ​បញ្ជាក់​អះអាង​ពី​សំណាក់ ​លោក ​ញៀប ​សំអឿន ​អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​កោះកុង ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក។​

លោក ​សំអឿន​ បាន​និយាយ​ថា៖​

«អ្វី​ដែល​គាត់​ធ្វើ ​វា​ហាក់បី​ដូច​ជា​រំលោភ​សិទ្ធិ​យើង ​ក្នុង​នាម​យើង​ជាអ្នកការពារសិទ្ធិ​មនុស្ស ​ដែល​យើង​ចង់​ចូល​រួម​សម្ដែង​មតិ ​ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​ ហ្នឹង ​រំលោភ​សិទ្ធិ​យើងខ្លាំងណាស់ ​ហើយ​យើង​មិន​ដឹង​ថា​គោល​បំណង​របស់​ពួក​គាត់​ហ្នឹង​ធ្វើ​យ៉ាង​ម៉េច​ ចំពោះ​អង្គការ​សង្គម​ស៊ីវិល​យើងដែល​យើង​ធ្វើការ​ដើម្បី​តែ​ជួយ​ប្រជា​ពល​រដ្ឋ​ក្រីក្រ»។​

នៅ​ផ្នែក​ខាង​មុខ​អគារ​ជា​ទីស្នាក់​ការ​ប្រចាំ​ខេត្ត​កោះកុង​ របស់​អង្គការ​លីកាដូ ​អង្គការ​អាដហុក​ និង​អង្គការមាតា​ធម្មជាតិ ​មាន​ដាក់​តាំង​រូប​ថត​សកម្ម​ជន​សិទ្ធិ​មនុស្ស ​និង​ដីធ្លី​ប្រាំមួយ​នាក់​ ​រួម​មាន ​លោក ​នី ​ចរិយា ​លោក ​នី សុខា ​លោក ​ណៃ​ វ៉ង់ដា ​លោក ​យី ​សុខសាន្ត ​អ្នកស្រី ​លឹម ​មុន្នី ​និង​អ្នកស្រី ​ទេព​ វន្នី ​ដែល​បាន​ជាប់​ឃុំ​អស់រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ។​

រូបឯកសារ៖ អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
រូបឯកសារ៖ អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

មន្ត្រី​សិទ្ធិ​មនុស្សទាំងប្រាំ​រូប​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី ​និង​សម​គំនិត​ ឱ្យ​ផ្ដល់សក្ខីកម្ម​ក្លែង​ពីសំណាក់​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​ជា​នារី​កំណាន់​ចិត្តរបស់​លោក ​កឹម ​សុខា ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ឯ​អ្នកស្រី ​ទេព ​វន្នី ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​ចំនួន​១៨​ខែពីបទកំហុសដែលពាក់ព័ន្ធនឹង​ការ​ធ្វើ​បាតុកម្មក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី។​

ករណី​ផ្លូវ​ច្បាប់​របស់​អ្នក​ទាំង​ប្រាំ​មួយ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ និងសហគមន៍អន្តរជាតិមើលឃើញថាមានចរឹត​នយោបាយ ​ហើយ​ក៏​មាន​ការ​ទាម​ទារ​តវ៉ាជា​បន្ត​បន្ទាប់ ​រួម​មាន​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ ​ដែលសកម្មភាព​ទាម​ទារ​យុត្តិធម៌​ទាំង​អស់​នេះ ​ជានិច្ចកាល​តែង​រង​ការ​បង្ក្រាប ​និង​ការ​រំខាន​ពី​អាជ្ញាធរ​ ដែលតែងដាក់​ការ​សង្ស័យ​លើ​ចលនា​តវ៉ា​ទាំង​នេះ។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ប៊ុន ​លើត​ ​អភិបាល​ខេត្ត​កោះកុង​ បាន​និយាយ​ថា​ការ​ដាក់​តាំង​រូបថត​ ដែល​បន្តោង​លើ​អគារ​អង្គការទាំង​បី​នេះ​ ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះទេ​ ​ហើយលោក​បញ្ជាក់​ថា​ទឹកដី​ខេត្ត​កោះកុង​មិន​មែន​ជា​ទី​កន្លែង​ដ៏​សក្តិសម​ក្នុង​ការ​ទាម​ទារ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នោះ​ទេ។​

លោក​អភិបាល​ខេត្ត​រូប​នេះ ​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា៖​

«អា​ហ្នឹង​យើង​ត្រូវ​តែ​មើលចេតនារបស់អ្នកធ្វើ។ រឿង​ហ្នឹង​យើង​គិត​ថា វា​កើត​នៅ​ទី​ណា យើង​ធ្វើ​ទី​ហ្នុង ​មិនមែនចេះ​តែ​ធ្វើ​ចលនា​ទូទាំង​ប្រទេស ​ធ្វើតាមអំពើ​ចិត្ត​បាន​ទេ»។​

នៅ​ពេល​ដែល​VOA​សួរ​អំពី​មាត្រា​ច្បាប់​ដែល​អាជ្ញាធរខេត្ត​កោះកុង​ ​យក​ជា​សំអាង​ក្នុង​ការ​រុះ​រើស្លាក​រូប​ថត​ពី​ខាង​មុខ​ទីស្នាក់ការ​អង្គការ​សង្គម​ស៊ីវិល​ទាំង​បី ​លោក​អភិបាល​ខេត្ត​បាន​ឆ្លើយ​តប​មក​វិញ​ថា ​«ខ្ញុំមិន​មែន​ជា​អ្នក​ច្បាប់​ទេ»។​

លោក​ ​ប៊ុន ​លើត​ ​បាន​បន្ថែម​ទៀត​ថា៖​

«បាទ​យើង​យក​ទៅ​ដាក់​នៅ​ទី​សាធារណៈ ​វា​ដូច​មិន​ត្រូវ។ ​កន្លែង​ណាវាប្រព្រឹត្ត​ទៅ​ណា ​យើង​ទៅ​ទាមទារ​នៅហ្នុង។ អត់​មាន​ធ្វើ​អី​ទេ ​យើង​គ្រាន់​តែ​តឿន ​ប្រាប់​ថា​យើងនៅ​ទីសាធារណៈ យើង​ត្រូវ​តែ​មាន​ការ​សុំ»។​

លោក ​អំ សំអាត ​អ្នក​គ្រប់​គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​និយាយ​ប្រាប់​VOA​ថា លោកសម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ចំណាត់​ការរបស់អាជ្ញាធរហើយ​ថា ​បដាដែល​ត្រូ​វ​បាន​អាជ្ញាធរ​ទាញ​ទម្លាក់​នេះ ​អង្គការ​បាន​ដាក់​នៅ​ទីស្នាក់​ការខេត្ត​កោះកុង​របស់​ខ្លួន​អស់​ពីរ​ខែ​កន្លង​មក​ហើយ។​

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​និយាយ​ថា៖​

«ស្នាក់​ការ​លីកាដូ ​មិន​មែន​ជា​ទី​សាធារណៈ​ទេ ​គឺ​ជា​កន្លែងឯក​ជន​របស់​អង្គការ ហើយ​ស្លាក​ហ្នឹង​យើង​អត់​បាន​ទៅ​លើក​នៅ​ទី​សាធារណៈ ​តាម​ផ្លូវ​តាម​អី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​អី​ទេ ​គឺ​យើង​លើក​នៅ​នឹង​ទ្វារ​របស់​ស្នាក់​ការ​យើង»។​

ការ​អនុវត្ត​នីតិ​វិធីនេះ​ជា​ការ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​និងសិទ្ធិទទួលបានព័ត៌មានរបស់អង្គការ ​និង​មហា​ជន​ ហើយ​អាច​នាំ​ឱ្យ​មហាជន​មាន​ការ​ភ័ន្ត​ច្រឡំ​មក​លើ​ទង្វើ ​និង​ចេតនា​របស់​អាជ្ញាធរ។​ នេះបើ​តាម​លោក ​អំ ​សំអាត​ ដែល​បាន​បន្ត​ថា​អង្គការ​នឹង​ស្វះ​ស្វែង​រក​ការ​ពន្យល់​ពី​អាជ្ញាធរ​អំពី​បញ្ហា​រុះ​រើ​នេះ។​

អង្គការ​លីកាដូ ​និង​អង្គការ​អាដហុក ​បាន​និយាយ​ថា​បុគ្គលិក​របស់​ខ្លួន​ដែល​ធ្វើការ​នៅ​ទីស្នាក់ការ​ខេត្ត​កោះ​កុង ​មិន​បាន​ស្ថិត​នៅ​ក្នុង​ទី​ស្នាក់​ការ​ទេ ​ពេល​ដែល​កង​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់ ​ដើម្បី​អនុវត្ត​វិធាន​ការនៃ​ការ​រុះ​រើ​រូប​ថត​ដែល​ដាក់​តាំង​នៅ​ខាងមុខ​ទីស្នាក់ការ​អង្គការ​ទាំង​បី​នោះទេ​ ហើយ​ក៏​គ្មាន​បុគ្គលិក​ណា​ម្នាក់​នៃ​អង្គការ​ទាំង​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន ​ឬ​មាន​ការ​ប្រើ​ហិង្សា​ណាមួយ​អំឡុង​ពេល​រុះរើស្លាក​ទាំង​នោះ​ដែរ៕

XS
SM
MD
LG