\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះមហាក្សត្រ ​ព្រះរាជទាន​លើកលែង​ទោស​ដល់​លោក​កឹម សុខា តាម​សំណើ​របស់​លោក ហ៊ុន​ សែន


រូបឯកសារ៖ លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ឡេង ឡែន/VOA)

លិខិត​ដែល​លោក ហ៊ុន សែន ​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ដល់​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ គឺ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ។

ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី បាន​ព្រះរាជ​ទាន​លើកលែង​ទោស ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​លោក កឹម សុខា​ បាន​សរសេរ​លិខិត​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ដើម្បី​សុំ​ឲ្យ​លើកលែង​ទោស​ដល់​លោក។

អ្នក​វិភាគ​នយោបាយ​យល់​ថា ការ​លើកលែង​ទោស​នេះបានបង្ហាញ​ពី​ភាព​វិជ្ជមាន​ដែល​អាច​នឹង​មាន​ការ​ផ្សះផ្សារ​ជាតិ​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក​ កឹម​ សុខា​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥ខែ​ និង​ពិន័យ​ជា​ប្រាក់​៨០ម៉ឺន​រៀល ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ ពាក់ព័ន្ធ​នឹង​បទ​សញ្ចារកម្ម ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ដែល​គេ​ចោទ​ប្រកាន់​ ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​នាង ខុម ចាន់​តារ៉ាទី ហៅ​ស្រីមុំ ។

យោង​តាម​ព្រះរាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ត្រាស់​បង្គាប់​ក្នុង​សេចក្ដី​ដើម​ថា៖

«ត្រូវ​បាន​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៣ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ១៣០ «ក្រI.សវ» ចុះ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ២០១៦​របស់​សាលា​ឧទ្ធរណ៍»។

លិខិត​ដែល​លោក ហ៊ុន សែន ​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ដល់​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ គឺ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ។

លិខិត​ពី​ព្រះមហាក្សត្រលើកលែង​ទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​កឹម សុខា។ (Courtesy Photo)

លិខិត​ពី​ព្រះមហាក្សត្រលើកលែង​ទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​កឹម សុខា។ (Courtesy Photo)

លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ឲ្យ​លើកលែង​ទោស​ដល់​លោក ក្នុង​សម្រង់​សម្ដី​ដើម​ថា៖

«បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​កម្ពុជា​កន្លង​មក​យើង​បាន​ដោះ​ស្រាយ​តាមរយៈ​ការ​ផ្សះផ្សារ​ជាតិ បង្រួប​បង្រួម​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ទោះបី​មាន​និន្នាការ​នយោបាយ​ខុសគ្នា​ក៏​ដោយ។ ចំពោះ​ការ​បង្រួប​បង្រួម​ជាតិ និង​ផ្សះផ្សារ​ជាតិ​នេះ សម្ដេច​បាន​ខិតខំ​រហូត​ទទួល​បាន​ជោគជ័យ​កន្លង​មក​ហើយ។ ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ជឿ​ជាក់​ថា រឿង​រ៉ាវ​ទាំង​ឡាយ​កំពុង​កើត​មាន​បច្ចុប្បន្នដែល​ជា​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​នេះ​ យើង​គួរ​ដោះ​ស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ខ្លួនឯង ដូច​អ្វី​ដែល​សម្តេច​ធ្លាប់​ដោះ​ស្រាយ​កន្លង​មក។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សង្ឃឹម​ថា​ ករណី​ដែល​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​តាម​ផ្លូវ​តុលាការ​ សម្ដេច​ ប្រាកដ​ជា​នឹង​ពិចារណា​ដោយ​ក្ដី​យោគយល់​បំផុត ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ប្រោស​ព្រះ​រាជទាន​លើក​លែង​ទោស»។​

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ប្រាប់ VOA ថា លោក កឹម សុខា និង​លោក​នាយក​រដ្ឋមន្ត្រី​កន្លង​មក​ធ្លាប់​មាន​ទំនាក់​ទំនង​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ ទើប​លោក​ កឹម សុខា​ ស្នើ​លោក​នាយក​រដ្ឋមន្ត្រី​ដើម្បី​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​ទោស​ដល់​លោក។

លោក​បន្ថែម​ថា​ ការ​លើកលែង​ទោស​នេះ​គឺជា​ដំណោះ​ស្រាយ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ ហើយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្នើសុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ដើម្បី​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ព្រះ​រាជទាន​ទោស​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង រួម​និង​សកម្មជន​ជាច្រើន​រូប​ទៀត​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ និង​ជាប់​ពន្ធនាគារ ។

«យើង​យល់ថា​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ក្នុង​ការ​ផ្សះផ្សារ​ជាតិ និង​បង្រួប​បង្រួម​ជាតិ និង​ដោះ​ស្រាយ​គិតគូរ​បញ្ហា​ជាតិ​ធំៗ។ យើង​សង្ឃឹម​ថា​ នឹង​មាន​ការ​ព្រះ​រាជ​ទាន​ទោស​ឬ​មួយ​សំណើ​សុំ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ដល់​សកម្មជន ដល់​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ទៀត»។

លោក កឹម សុខា ដែល​បាន​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈពេល​ជាង​៦ខែ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​មាន​សេរីភាព​ពេញ​លេញ​ឡើងវិញ ក្រោយ​ពី​ព្រះ​មហាក្សត្រ​បាន​ព្រះ​រាជទាន​លើក​លែង​ទោស។​

យ៉ាង​ហោច​ណាស់​មាន​តំណាងរាស្ត្រ​ សកម្មជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​តិច​ជាង​២០​នាក់​ទេ​ ដែល​ទទួល​ការ​ចោទប្រកាន់​ និង​កាត់​ទោស​ពី​តុលាការ​ រួម​មាន​លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​ពេស្យាចារ​ និង​បរិហារ​កេរ្តិ៍។

ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ពី​អង្គ​ព្រះមហាក្សត្រ​ ត្រូវ​គេ​មើល​ឃើញ​ថា​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​នៅ​ក្នុង​នយោបាយ​ខ្មែរ​ ដែល​ជា​រឿយៗ​ជួប​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​គ្រា​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់។

ការ​លើក​លែង​ទោស​ដល់​អ្នក​នយោបាយ​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​មុន​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាសកាល​ពី​ឆ្នាំ​២០១៣​ដែរ។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA)

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA)

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ VOA ថា ការ​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើកលែង​ទោស​ដល់​លោក កឹម សុខា គឺ​ជា​រឿង​ព្រហ្ម​វិហារធម៌​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ។

«នេះ​ហើយ​ជា​សាមី​ខ្លួន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​សរសេរ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដែល​លោក​មាន​សិទ្ធិ​ក្នុង​ការ​សរសេរ​លិខិត​ស្នើ​សុំ​ព្រះ​រាជទាន​ពីព្រះ​មហាក្សត្រ ​ដើម្បី​លើក​លែង​ទោស។ទាំង​អស់​ហ្នឹង​ហើយ វា​សុទ្ធ​តែ​ជា​ទំនាក់​ទំនង​ប្រកប​ដោយ​មនោ​សញ្ចេតនា ទោះបី​គណ​បក្ស​ផ្សេង​ក៏​យើង​អាច​និយាយ​គ្នា​បាន និង​ដោះ​ស្រាយ​បាន អានេះ​ហើយ​វប្បធម៌​សន្ទនា។ តែ​វប្បធម៌​សន្ទនា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នីតិវិធី​ច្បាប់ មិន​អាច​មក​យក​គណបក្ស​នយោបាយ​ជជែក​គ្នា​ជំនួស​មុខ​ឲ្យ​តុលាការ​ទេ»។

លោក សុខ ឥសាន បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​លើ​ការ​សម្រេច​ថា​ តើ​នឹង​អាច​មាន​ការ​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ផ្សេងៗ​ទៀត ឬ​យ៉ាងណា។ ប៉ុន្តែ​លោក​ថា ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​មិន​អាច​ស្នើ​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​លើ​លោក សម រង្ស៊ី នោះ​ទេ។

«សម រង្ស៊ី មាន​ពិសោធន៍​ហើយ សម្ដេច​ធ្លាប់​លើក​លែង​ទោស​ឲ្យ​ហើយ ក៏​ប៉ុន្តែ​ក្រោយលើក​លែង​ទោស​ឲ្យ​ហើយ​ប៉ែង​ជើង​មួយ​ប៉ែក​ទៅ។ អញ្ចឹង​អា​ហ្នឹង​ជា​បទ​ពិសោធន៍​មួយ​ដ៏​ជូរ​ចត់​ហើយ ធ្វើ​ឲ្យ​រាង​ចាល​ហើយ ដូច្នេះ​មិន​អាច​ទៅ​រួច​ទេ​ចំពោះ​ សម រង្ស៊ី»។

លោក​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា ការ​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​លើក​លែង​ទោស​លោក កឹម សុខា អាច​បណ្ដាល​មក​ពី​ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​រវាង​លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក​ ហ៊ុន សែន ជាមួយនាង ធី សុវណ្ណថា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​តែងតែ​រិះគន់ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ឥត​សំចៃមាត់។

ទោះ​ជា​យ៉ាង​ណា ​លោក​បាន​សាទរ​ចំពោះ​ការ​លើកលែង​ទោស​លើ​លោក កឹម សុខា ព្រម​ទាំង​រំពឹង​ថា គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​នឹង​អាច​រក​ឯកភាព​ជាតិ​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ និង​មាន​ការ​ដោះ​លែង​សកម្មជន​ផ្សេង​ទៀត​ក្នុង​ពេល​ឆាប់ៗ។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

«ខ្ញុំ​គិត​ថា បើ​សិន​ជា​មិន​មាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ ក៏​លោក កឹម សុខា មិន​អាច​នៅ​ស្ងៀមៗ​សរសេរ​សំបុត្រ​ហ្នឹង​ទៅ​សុំ​សម្ដេច​នាយក​ដែរ អានេះ​ខ្ញុំ​មាន​ជំនឿ​ថា​អញ្ចឹង។ វា​ទាល់​តែ​មាន​ការ​ប្រាប់ ឬ​ភ្លើង​ខៀវ​ចេញ​ពី​រដ្ឋាភិបាល​មក អា​ហ្នឹង​បាន​អាច​មាន​ដំណោះ​ស្រាយ​បែប​ហ្នឹង​កើត​ឡើង​ ហើយ​ខ្ញុំ​ជឿ​ថា​ វា​នឹង​អាច​មាន​ការ​ឈាន​ទៅ​រក​ការ​ដោះលែង​មន្ត្រី​គណបក្ស​ប្រឆាំង​អី​បន្ត​ទៀត។ យើង​ចាំ​មើល​រយៈពេល​ពីរ​បី​អាទិត្យ​ខាង​មុខ»។
កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​នេះ លោក ហ៊ុន​ សែន​ ដែល​កាន់​អំណាច​ជាង​៣​ទសវត្ស​ បាន​បដិសេធ​មិន​ផ្ដល់​ការ​លើក​លែង​ទោស​ដល់​មេ​ដឹក​នាំគណបក្ស​ប្រឆាំង​ និង​ក្រុម​មន្ត្រី​ ព្រម​ទាំង​សកម្មជន​គណបក្ស​ប្រឆាំង​ ក្រោម​ហេតុផល​ថា​ អំណាច​នីតិ​ប្រតិបត្តិ​របស់​លោក ​មិន​អាច​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ​បាន​ទេ។

នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ លោក​ក៏​បាន​ប្រកាស​កាត់​ដៃ​ស្តាំ​របស់​លោក​ចោល​ ប្រសិន​បើ​លោក​ចុះ​ហត្ថលេខា​លើ​សំណើ​លើក​លែង​ទោស​ដល់​លោក​ សម រង្ស៊ី។

លោក ហ៊ុន សែន ​បាន​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​តែ​សំដៅ​លើ​លោក សម រង្ស៊ី ថា៖

«ហើយ​ឥឡូវ​សូម​កុំ​សង្ឃឹម! ខ្ញុំ​ប្រកាស​ បើ​ខ្ញុំ​ហើយ​ចុះ​ហត្ថលេខា​លើក​លែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​នឹង​កាត់​ដៃ​ស្ដាំ​ខ្ញុំ​គ្រវាត់​ចោល​តែ​ម្ដង។ អ្នក​ឯង​ចាំ​ទៅ​ មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង គឺ​អ្នក​ឯង​អ្នក​ដាក់ អ្នក​ឯង​ធ្វើ​ស្អីចំពោះ​ខ្ញុំ ហួស​ពេល​ហើយ​អូន»។

ទោះជា​យ៉ាង​ណា​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ធ្លាប់​បាន​ព្រះ​រាជ​ទាន​ការ​លើកលែង​ទោស​ដល់​លោក​ សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​បាន​ចូលរួម​បោះឆ្នោត​ នា​ខែ​កក្កដា​ ឆ្នាំ​២០១៣ ខណៈ​ដែល​លោក​កំពុង​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង បន្ទាប់​ពី​តុលាការ​ខ្មែរ​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​ជាង១០​ឆ្នាំ​ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​នៅ​ខេត្ត​ស្វាយរៀង​ និង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ហើយ​និង​បទ​ក្លែង​ឯកសារ​សាធារណៈ។

ការ​លើក​លែង​ទោស​លោក សម រង្ស៊ី នៅ​ពេល​នោះ​កើត​មាន​ឡើង ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន សរសេរ​លិខិត​មួយ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​សុំ​ការ​លើក​លែង​ទោស​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ដោយ​លោក​អះអាង​ថា លោក​យោង​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​ និង​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ដែល​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម៕

XS
SM
MD
LG