\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​មហាក្សត្រយាង​សួរ​សុខទុក្ខ​ប្រជានុរាស្ត្រ​​តាម​រថភ្លើង​ជាលើកដំបូង


រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុករបស់​ «ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី»។ (រូបថត៖ Web Screenshot)

រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុករបស់​ «ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី»។ (រូបថត៖ Web Screenshot)

រថភ្លើង​ដែល​ជា​ព្រះ​ទី​នាំង​នោះ​ បាន​ឈប់​ចត​នៅ​ស្ថានីយ​ចំនួន​៣​កន្លែង គឺ​ស្ថានីយ​រថភ្លើង​ខេត្ត​តាកែវ ស្ថានីយ​រថភ្លើង​​ខេត្ត​កំពត និង​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ។

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ស្ដេចយាង​តាម​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​ជា​លើក​ដំបូង ដើម្បីសួរ​សុខ​ទុក្ខប្រជានុរាស្ត្រ និង​ចូលរួម​ឆ្លង​ឆ្នាំ​សកល​២០១៦ ចូល ២០១៧។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​ប្រមាណ​ជា​៧:៣០​នាទី​នេះ រថភ្លើង​ដែល​ជា​ព្រះ​ទី​នាំង​របស់​ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី បាន​ចាប់ផ្ដើម​ចាកចេញ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ។

រថភ្លើង​ដែល​ជា​ព្រះ​ទី​នាំង​នោះ​ បាន​ឈប់​ចត​នៅ​ស្ថានីយ​ចំនួន​៣​កន្លែង គឺ​ស្ថានីយ​រថភ្លើង​ខេត្ត​តាកែវ ស្ថានីយ​រថភ្លើងខេត្ត​កំពត និង​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​បង្ហោះ​សារ​លើ​ទំព័រ ​Facebook របស់លោក​ថា ការ​យាង​តាម​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​របស់​ព្រះ​មហាក្សត្រ​ និង​ព្រះមហាក្សត្រិយានី គឺ​ក្នុង​គោល​បំណង​ដើម្បី​ឆ្លង​ឆ្នាំ​សកល​២០១៧។

លោក​បន្ថែម​ក្នុង​សារ​នោះ​ថា ការ​យាង​ដំណើររបស់​ព្រះ​មហាក្សត្រ​នេះ ក៏​ដើម្បីបាន​ទត​ទីតាំង​ភូមិសាស្ត្រ និង​ការវិវត្តន៍​ថ្មីៗ​នៃ​ផ្លូវ​រថភ្លើង​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ទាប់ពី​ផ្លូវ​រថភ្លើង​ត្រូវ​បាន​ខូចខាត​ស្ទើរ​ទាំង​ស្រុង​និង​ត្រូវ​បាន​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​សង្គ្រាម។

លោក ​អ៊ុំ តារាវុធ នាយក​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​ប្រាប់ VOA ថា ព្រះ​មហាក្សត្រ និង​ព្រះមហាក្សត្រិយានី ស្ដេចយាង​តាម​រថភ្លើង​ជា​លើក​ទី១ ដើម្បីចុះ​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជានុរាស្ត្រ នៅ​តាម​ខេត្ត​ដែល​រថភ្លើង​ឆ្លង​កាត់ និង​ឈប់​ចត​ផង​ដែរ។​

លោកបន្ត​ថា ​ក្នុង​ឱកាស​នោះដែរ ព្រះ​មហា​ក្សត្រ​ ​ក៏​យាង​ចូល​រួម​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​ព្រះ​សីហនុ​និង​យាង​ត្រលប់​មកវិញ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ តាម​រយៈ​រថយន្ត​ជា​ព្រះ​ទីនាំង​វិញ។

«គោល​បំណង​លោកយាង​ដើរ​កម្សាន្ត មើល​រាស្ត្រ មើល​អី​ដែរ​ មិនមែន​ចេះ​តែ​នៅ​ក្នុង​រាជ​វាំង​ទេ។ ទត​ទេសភាព រាស្ត្រ​យ៉ាង​ម៉េចទៅ ប្រជារាស្ត្រ​យើង​វេទនា​យ៉ាង​ម៉េច​អី។ លោក​យាង​ទៅ​ដើម្បី​មិនមែន​តែ​ឆ្លង​ឆ្នាំ​ទេ លោក​អត់​មាន​ពេល​ទេ ព្រះ​មហាក្សត្រ។ លោក​គិត​តែ​ពី​ប្រជារាស្ត្រ​របស់​លោក វេទនា​យ៉ាង​ម៉េច ឬ​មិន​វេទនា​យ៉ាងម៉េច លោក​យាង​ទៅ​ទត ចែក​ព្រះ​រាជ​អំណោយ​ នៅ​ខេត្ត​កំពត​ទៀត​បើ​តាម​ខ្ញុំ​ដឹង។ លោក​បានឈប់​នៅ​ខេត្ត​កំពត ​ដើម្បី​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ចែក​អំណោយ»។

​ដើម្បី​ការពារ​ព្រះ​រាជ​សុវត្ថិភាព​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​នៅ​ព្រឹក​នេះ ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ជា​ច្រើន​រយ​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​ចាប់ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ស្ថានីយ​រថភ្លើង​តាកែវ ស្ថានីយ​រថភ្លើង​កំពត រហូត​ដល់​ខេត្ត​ព្រះសីហនុ។

ក្នុង​ព្រះ​រាជ​ដំណើរ​នោះ​ ក៏​មានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាលជាន់​ខ្ពស់​មួយ​ចំនួន​រួម​ដំណើរ​ជាមួយ​ផង​ដែរ។

នៅ​អម​សង​ខាង​ផ្លូវ​ដែក និង​ចំណត​ស្ថានីយ​នីមួយៗ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ឈរ​អម និង​ស្រែក​ហ៊ោ​ស្វាគមន៍​ការ​យាង​របស់​ព្រះ​មហាក្សត្រ។

រថភ្លើងដែល​ជា​ព្រះ​ទី​នាំង​របស់​ព្រះ​មហាក្សត្រ​ បាន​ទៅ​ដល់​គោលដៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ នៅ​ម៉ោងប្រមាណ​ជា​៤ និង​៥០​នាទី​ល្ងាច។​

ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​២៦៦​គីឡូម៉ែត្រ​ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយមដែល​មាន​ព្រះ​មហា​វីរក្សត្រ​ព្រះ​បាទ​នរោត្តម​សីហនុ​ជា​ប្រមុខដឹកនាំ​ប្រទេស។

ផ្លូវ​រថភ្លើង​នេះ បាន​រង​ការ​ខូច​ខាត​ និង​ត្រូវ​បាន​ទុក​ចោល​ជាច្រើន​ឆ្នាំ​ដោយសារ​សង្គ្រាម ។ រដ្ឋាភិបាល​បច្ចុប្បន្ន ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន ឈ្មោះ Royal Railway របស់​លោក គិត ម៉េង​ ដែល​ជា​ឧកញ៉ា​ល្បី​ឈ្មោះ​មួយ​រូប ជួសជុល​ និងដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ​ឡើងវិញ​ចាប់ពី​ដើម​ខែ​មេសា ឆ្នាំ២០១៦​មក៕

XS
SM
MD
LG