ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កាសែត​ខ្មែរ​ថាមស៍​គ្រោង​ប្តឹង​កាសែត​ដឹខេមបូឌាដេលី


កាសែត​ដែល​សរសេរ​ជា​ពីរ​ភាសា​ឈ្មោះ​​«ខ្មែរថាមស៍»​គ្រោង​ប្តឹង​កាសែត​«ដឹខេមបូឌា​ដេលី» ​ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ។ (Facebook)

កាសែត​ដែល​សរសេរ​ជា​ពីរ​ភាសា​ឈ្មោះ​​«ខ្មែរថាមស៍»​គ្រោង​ប្តឹង​កាសែត​«ដឹខេមបូឌា​ដេលី» ​ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ។ (Facebook)

កាសែត​ដែល​សរសេរ​ជា​ពីរ​ភាសា​ឈ្មោះ​​«ខ្មែរថាមស៍»​គ្រោង​ប្តឹង​កាសែត​«ដឹខេមបូឌា​ដេលី» ​ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ។

កាសែត​ខ្មែរ​ថាមស៍ (Khmer Times) ​ដែល​ទើប​បង្កើត​បាន​ជិត​៣​ឆ្នាំ​គ្រោង​ប្តឹង​កាសែត​ដឹខេមបូឌា​ដេលី (The Cambodia Daily) ​ដែល​ជា​កាសែត​ប្រចាំថ្ងៃ​សរសេរ​ជា​ភាសា​អង់គ្លេស​ដំបូង​គេ​នៅ​កម្ពុជា ​បន្ទាប់​ពី​កាសែត​នេះ​បាន​ចុះ​ផ្សាយ​ថា ​កាសែត​ខ្មែរ​ថាមស៍​បាន​ទទួល​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​កូន​ប្រុស​ទី២​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​ប្រធាន​ក្រុម​ហ៊ុន​ណាហ្គា​ដើម្បី​ដំណើរ​ការ។

កាសែត​ដែល​សរសេរ​ជា​ពីរ​ភាសា​ឈ្មោះ«ខ្មែរថាមស៍»​គ្រោង​ប្តឹង​កាសែត​«ដឹខេមបូឌា​ដេលី» ​ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ ​និយាយ​ថា ​លោក​ Chen Lip Keong ​ប្រធាន​ក្រុម​ហ៊ុន​ណាហ្គា ​និង​លោក​ហ៊ុន ម៉ានិត ​បាន​ផ្តល់​លុយ​ចំនួនរាប់ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ចាង​ហ្វាង​កាសែត​ខ្មែរ​ថាមស៍​ដើម្បី​ដំណើរ​ការ។​

កាលពី​ថ្ងៃទី​២​ ខែ​មីនា​នេះ ​កាសែត​ដឹ​ខេមបូឌា​ដេលី​បាន​ចុះ​ផ្សាយ​អត្ថបទជា​ភាសា​អង់គ្លេស​មួយ ​និយាយ​អំពី​សារ​បែកធ្លាយ​ជា​ច្រើន​ដែល​លើក​ឡើង​ពី​ការ​សង្ស័យ​ថា​ ជា​ទំនាក់​ទំនង​រវាង​កាសែត​ខ្មែរ​ថាមស៍​ជាមួយ​លោក​ហ៊ុន ម៉ានិត ​កូន​ប្រុស​ទី​២​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​ប្រធាន​ក្រុម​ហ៊ុន​ណាហ្គា។​

អត្ថបទ​នោះ​បង្ហាញ​ពី​ការ​ជជែក​តាម​សារ​ដែល​បានបែក​ធ្លាយ​នោះ​ថា​ លោក​ហ៊ុន ម៉ានិត​ ឧត្តម​សេនីយ៍​ផ្កាយ​៣ ​ដែល​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ ​និង​លោក ​Chen Lip Keong ​ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ណាហ្គា ​បាន​ផ្តល់​លុយ​ទៅ​ឲ្យ​លោក​ T. Mohan ​ចាង​ហ្វាង​កាសែត​ខ្មែរ​ថាមស៍​ ចំនួន​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។ ​អត្ថបទ​នោះ​បន្ថែម​ថា ​ក្នុង​សារ​បែក​ធ្លាយ​នោះ លោក​ Chen Lip Keong ​បាន​ស្នើ​ឲ្យ​កាសែត​ខ្មែរថាមស៍​ដក​ចេញ​នូវ​អត្ថបទ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ពាក់ព័ន្ធ​នឹង​ភាព​អវិជ្ជមាន​របស់​កាស៊ីណូ​ណាហ្គា​ ក្នុង​ពេល​កន្លង​មក។​

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​អត្ថបទ​នោះ​ភ្លាម​ ​លោក​ Alan Parkhouse ​និពន្ធ​នាយក​កាសែត​ខ្មែរ​ថាមស៍​បាន​ចេញ​លិខិត​ឆ្លើយ​តប​មួយ ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មីនា លើ​គេហ​ទំព័រ​ព័ត៌មាន​ខ្មែរថាមស៍ ​ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​ក្នុង​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ដឹខេមបូឌា​ដេលី ​ហើយ​ថា ​ការ​ចុះ​ផ្សាយ​នោះ​មាន​បំណង​ព្យាបាទ​កាសែត​ខ្មែរ​ថាមស៍។​

លោក​ Alan Parkhouse ​បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា ​កាសែត​ដឹខេមបូឌា​ដេលី​បាន​យក​ប្រភព​ព័ត៌មាន​ពី​អ៊ីមែល ​និង​សារ​ដែល​ត្រូវ​បាន​គេ​លួច​ ដែល​លោក​អះអាង​ថា​ ជា​ការ​បំភាន់ ​និង​ជា​ការ​ព្យាបាទ​កាសែត​ខ្មែរ​ថាមស៍។ ​លោក​បន្ថែម​ថា កាសែត​ខ្មែរ​ថាមស៍​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​កាសែត​ដឹ​ខេមបូឌា​ដេលី ​មុន​ពេល​កាសែត​ដឹខេមបូឌា​ដេលី​ចុះ​ផ្សាយ​អត្ថបទ​ដែល​សរសេរ​ពី​ការ​ឆ្លើយ​ឆ្លង​ក្នុង​សារ​ដែល​ត្រូវ​បាន​គេ​លួច​នោះ។ ​ប៉ុន្តែ​លោក​ថា ​កាសែត​ដឹ​ខេមបូឌា​ដេលី​នៅ​តែ​ចុះ​ផ្សាយ។​

លោក ​Alan Parkhouse ​បន្ថែម​ថា ​រាល់​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​ ខ្មែរថាមស៍​មិន​មាន​ទទួល​រង​ឥទ្ធិពល​ពី​រដ្ឋាភិបាល ​ឬ​អ្នកណា​ម្នាក់​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​ កាសែត​ខ្មែរ​ថាសមស៍​ ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​ដែល​រង​បណ្តឹង​ពី​រដ្ឋាភិបាល​ ដែល​ពេល​នោះ​មិនមាន​កាសែត​ណា​មួយ​សរសេរ​អំពី​ព័ត៌មាន​នោះ​ទេ។​

លោក​បាន​បន្ថែម​ក្នុង​អត្ថបទ​នោះ​ថា ​ថ្នាក់​ដឹកនាំ​របស់​កាសែត​ខ្មែរថាមស៍​កំពុង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ផ្លូវ​ច្បាប់ ​ក្នុង​ការ​ប្តឹង​កាសែត​ដឹ​ខេមបូឌា​ដេលី​សម្រាប់​ការ​ចុះ​ផ្សាយ​អត្ថបទ​នោះ។

លោក ​Alan Parkhouse ​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​គម្រោង​នៃ​ការ​ប្តឹង​នោះ​ទេ ​ដោយ​លោក​បាន​រុញ​ឲ្យ​ទៅ​សួរ​លោក​ T. Mohan ​ដែល​ជា​ចាងហ្វាង​កាសែត​ខ្មែរ​ថាមស៍។ ​VOA ​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ T. Mohan​ តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​លោក​ Colin Meyn ​និពន្ធ​នាយក​កាសែត​ដឹខេមបូឌាដេលី​សុំ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ។​

កាសែត​ខ្មែរ​ថាមស៍​ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​២០១៤៕

XS
SM
MD
LG