ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ភាគ​ច្រើន​មាន​ជំងឺផ្លូវចិត្ត


លោក​​វេជ្ជបណ្ឌិត​​ ឈឹម សុធារ៉ា​​ គ្រូពេទ្យ​​ចិត្តសាស្ត្រ​​នៅ​អង្គការ TPO។​
លោក​​វេជ្ជបណ្ឌិត​​ ឈឹម សុធារ៉ា​​ គ្រូពេទ្យ​​ចិត្តសាស្ត្រ​​នៅ​អង្គការ TPO។​
ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ដែល​ជា​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​មាន​ជំងឺ​ផ្លូវចិត្ត​នេះ បើតាម​អ្នក​ជំនាញ​ជំងឺ​ផ្លូវ​ចិត្ត​កម្ពុជា​ដែល​បាន​ប្រាប់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុង​ការ​កាត់ទោស​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​

លោក​ឈឹម សុធារ៉ា ​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​ផ្លូវចិត្ត ​និង​ជា​នាយក​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​កម្ពុជា​ ដែល​ហៅ​កាត់​ថា ​អង្គការ​ TPO ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ខណៈ​ដែល​អង្គការ​របស់​លោក​បាន​និង​កំពុង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ ​និង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០១​និង០០២។​
លោក​និយាយថា៖​ «យើង​សង្កេត​ឃើញ​ថា ​គាត់​មាន​ការ​យល់សប្តិ​អាក្រក់​ច្រើន។ ​អ្នកខ្លះ​អាច​មាន​ជា​ជំងឺ ​ដែល​ភាសា​អង់គ្លេស​គេ​ឲ្យ​ឈ្មោះ​PSD​អាច​មាន​ជា​ជំងឺ​បាក់ស្បាត​ អាចមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ អាច​មាន​ជំងឺ​ថប់​អារម្មណ៍​ ហើយ​អ្នក​ខ្លះទៀត​អាច​មាន​ជំងឺ​សង្ស័យ ​ដែល​កើត​មកពី​ការធ្វើ​ទារុណ​កម្ម​ដ៏​ធ្ងន់ធ្ងរ​ និង​ការ​តាមដាន​ទៅ​លើ​ពួក​គាត់»។​

ការផ្តល់​សក្ខីកម្ម​រប​ស់លោក​ឈឹម សុធា​រ៉ា ធ្វើឡើង​បន្ទាប់ពី​សក្ខីកម្ម​របស់​លោក​ស៊ីដនី ស្កេ​ន​ប៊ើ​ក(Sydey Schanberg) អតីត​អ្នកឆ្លើយឆ្លង​ពត៌មាន​ឲ្យ​កាសែត The New York Times ដែល​បាន​ចូលមក​យក​ពត៌មាន​ក្នុងអំឡុង​សង្គ្រាម​នៅមុន​ពេលដែល​ពួក​ខ្មែរក្រហម​ឡើងកាន់​អំណាច។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា​រៀបរាប់​ថា ​ជំងឺ​ជាប្រចាំ​របស់​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នោះ​គឺ​ការ​នឹក​ឃើញ​ឡើង​វិញ​នូវ​អតីតកាល​ យល់សប្តិ​ពី​ការ​ដេញ​សម្លាប់ ​ការស្លាប់​របស់​សាច់​ញាតិ​ អ្នក​រស់នៅ​ដោយ​វេទនា ​ឬ​រង​ទារុណកម្ម ​យល់​សប្តិ​ឃើញ​រស់នៅ​ក្នុង​ទ្រុង​ជាដើម។​
អ្នក​ជំនាញ​ជំងឺ​ផ្លូវចិត្ត​ដដែល​បញ្ជាក់​ដោយ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ថា​ ពលរដ្ឋ​កម្ពុជា​បាន​លាក់លាម​ជំងឺ​របៀប​នេះ​នៅក្នុង​ចិត្ត​ និង​មិន​ងាយ​និយាយ​ប្រាប់​អ្នកណា​នោះ​ទេ។​ លោក​បន្ថែមថា៖ «ប្រសិន​បើ​យើង​មើល​តែ​សំបក​ក្រៅ​គឺ​យើង​មើល​ទៅ​គាត់​ហ្នឹង​ហាក់បី​ដូចជា​លក្ខណៈ​ធម្មតា។​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​សួរ​អំពី​ប្រវត្តិ​របស់​គាត់ ​សួរនាំ​អំពី​ការ​រស់​នៅ​របស់​គាត់​នៅ​ក្នុង​របប​ខ្មែរក្រហម​ នៅ​ពេល​នោះ​យើង​ចាប់ផ្តើម​ដឹង​ថា ​គាត់​រង​នូវ​ការប៉ះ​ទង្គិច​ផ្លូវចិត្ត​យ៉ាង​ខ្លាំង»។​

លោក​ឈឹម សុធារ៉ា​បញ្ជាក់​ក្នុង​សវនាការ​ថា ​ជំងឺ​ផ្លូវចិត្ត​ដែល​សល់​ពី​របប​ខ្មែរក្រហម​សម្រាប់​មនុស្ស​ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​និង​មាន​ភាព​ទន់ជ្រាយ។ ​ដោយ​ឡែក​សម្រាប់​កុមារ​ ជំងឺនេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចក្ខុ​វិស័យ​សម្រាប់​អនាគត ​បង្កើត​ឲ្យ​មាន​វិបត្តិ​លូតលាស់​ផ្លូវកាយ ​និង​ផ្លូវចិត្ត​ដែល​ជា​ប្រការ​ធ្ងន់ធ្ងរ​សម្រាប់​ការ​រស់​នៅ​របស់​ពួក​គេ ​ដូចជា​បណ្តាល​ឲ្យ​មាន​វិបត្តិ​អាកប្បកិរិយា ​និង​ភាព​កោងកាច​ជា​ដើម។​

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ​ជំងឺ​ផ្លូវចិត្ត​ក្រោយពី​របប​ខ្មែរក្រហម​នេះ​នឹង​ស្ថិត​នៅ​ជាមួយ​ជន​រងគ្រោះ ​ប្រសិនបើ​មិនមាន​ការព្យាបាល​ត្រឹមត្រូវ​នោះ​ទេ។​ លោកពន្យលថា៖ «ប្រសិនបើ​ពួកគាត់​មិន​ទទួល​បាន​នូវ​ការ​ព្យាបាល ​មិន​ទទួល​នូវ​សេវា​គាំទ្រ​ មិន​ទទួល​នូវ​សេវា​ប្រឹក្សា​ផ្សេងៗ​ទេ​ សញ្ញា​ហ្នឹង​មិនទាន់​បាត់​ទៅ​ណា​ទេ»។​

មួយវិញ​ទៀត ​ការព្យាបាល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ ការគាំទ្រ​ផ្លូវច្បាប់ ​ការ​គាំពារ​ផ្នែក​សិទ្ធិ ​ការលើក​កម្ពស់​ជីវភាព​ជាដើម។​ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ឈឹម សុធារ៉ា៕
XS
SM
MD
LG