ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កេនយ៉ា​មិន​ពេញ​ចិត្ត​នឹង​គោលការណ៍​ថ្មី​របស់​រដ្ឋាភិបាល


អ្នក​កាសែត​មួយ​រូប​កំពុង​កាន់​របាយការណ៍​ចម្លង​មួយ​ច្បាប់​អំពី​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កេនយ៉ា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ចេញ​ផ្សាយ​របាយការណ៍​នោះ​នៅ​ក្នុង​ទីក្រុង Nairobi ប្រទេស​កេនយ៉ា កាលពី​ថ្ងៃ​ពុធ​ ទី១៥ ខែ​កក្កដា ឆ្នាំ២០១៥។ សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កេនយ៉ា​កំពុង​ចុះ​អន់​ថយ​ ដោយ​សារ​តែ​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​ បាន​​គំរាម​និង​វាយប្រហារ​ទៅ​លើ​ក្រុម​ការពារ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ នេះ​បើ​យោង​តាម​គណកម្មាធិការ​ការពារ​អ្នក​កាសែត​ (CPJ) ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៧។ (រូបថត៖ AP)

ច្បាប់​ដែល​ទើប​នឹង​ប្រកាស​ថ្មី ​ដែល​គ្រប់​គ្រង​របៀប​នៃ​ការ​យក​ព័ត៌មាន​ពី​ការ​បោះ​ឆ្នោត​របស់​អ្នក​កាសែត​កេនយ៉ា ពិត​ជា​មិន​អាច​អនុវត្តន៍​បាន​ទេ​ និង​ហួស​ពី​អំណាច​របស់​រដ្ឋាភិបាល​ នេះ​បើយោង​តាម​ប្រធាន​ក្រុមប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​កេនយ៉ា។

លោក ​Charles Kerich ​ប្រធាន​ក្រុម​ប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ VOA ​សេវាភាសា ​Swahili ​ កាល​ថ្ងៃ​ទី០១ ​ខែមីនា​ ​មួយ​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​ផ្នែក​ទំនាក់​ទំនងរបស់​ប្រទេស​កេនយ៉ា​បាន​ចេញ​ច្បាប់​តម្រូវ​ឲ្យ​អ្នក​កាសែត​កេនយ៉ា​រក្សា​កំណត់​ត្រា​ និង​ខ្សែ​អាត់​សំឡេងទាំង​អស់​សម្រាប់​រយៈ​ពេល​ប្រាំមួយ​ខែ ​និង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ វាគ្មិន​វិទ្យុ ​និង​ទូរទស្សន៍ មិន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​បុគ្គល​ណា​មួយ និង​ក្រុមជន​ជាតិ​ភាគ​តិច​ណា​មួយ។

លោក ​Kerich ​បាន​ចោទ​សួរ​ថា​ តើ​អាជ្ញាធរ​ផ្នែក​ទំនាក់​ទំនង​មាន​អំណាច​ដើម្បី​ចេញ​ច្បាប់​បែបនេះ​ដែរ​ឬ​យ៉ាង​ណា​ ហើយ​លោក​បាន​និយាយ​ថា​ ក្រុម​ប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំ​បាន​ទទួល​ការ​សុំពិគ្រោះ​យោបល់​ឡើយ​ មុន​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ចេញ។

លោក​ក៏​បាន​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គួរ​តែ​ទទួល​ខុស​ត្រូវ ​ប្រសិន​បើ​វាគ្មិន​ជា​អ្នក​បញ្ចេញ​យោបល់​ដែល​គួរ​ឲ្យស្អប់​ខ្ពើម​នោះ។

លោក​ថ្លែង​ថា៖«ខ្ញុំ​គិត​ថា​ទំនួល​ខុស​ត្រូវ​ចម្បង​គួរ​តែ​នៅ​លើ​អ្នក​ដែល​ធ្វើ​ការ​បរិហារ​កេរ្តិ៍ ​ឬ​ការ​ញុះ​ញង់ មិន​មែន​លើ​ស្ថា​ប័ន​ព័ត៌មាន​នោះ​ទេ។ ពួក​គេ​មិន​អាច​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ដោយ​សារ​តែ​មាន​អ្នក​ណា​ម្នាក់​បាន​និយាយ​ពាក្យ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ទទួល​យក​បាន​ទេ»។

លោក​ Kerich ​បាន​និយាយ​ថា ​ច្បាប់​រក្សា​កំណត់​ត្រា​និង​ខ្សែ​អាត់​សំឡេង​មិន​មែន​ជា​បញ្ហា​សម្រាប់​លោក​នោះ​ទេ លុះត្រា​តែរដ្ឋាភិបាលប្រើ​ច្បាប់​នោះ​ទៅ​រឹប​អូស​សម្ភារៈ​ទាំងនោះ​ដើម្បី​ប្រយោជន៍សម្រាប់​ការ​អនុវត្ត​ច្បាប់ ​និង​ការ​កាត់​ទោស។

លោក​បាន​ថ្លែង​បន្ត​ថា៖ «នៅ​ខណៈ​ពេល​ដែល​អ្នក​កាសែត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ប្រមូល​ព័ត៌មាន​សម្រាប់​សន្តិសុខ​សង្គម ពួក​គេ​ទាំងនោះ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ឲ្យ​ចូល​រួម​ ព្រឹត្តិការណ៍​មួយ​ចំនួន​ឡើយ។ ហើយ​អ្នក​ដឹង​ទេ​ថា ការ​កសាង​ប្រភព​នីមួយៗ​ចំណាយ​ពេល​ច្រើន​ណាស់។ ប៉ុន្តែ​ប្រសិន​បើ​ប្រភព​ព័ត៌មាន​គិត​ថា​ ព័ត៌មានអ្វី​ក៏​ដោយ​ដែល​អ្នក​កំពុង​ប្រមូល​នឹងត្រូវ​ប្រើ​ប្រាស់​ដើម្បី​ប្រឆាំង​នឹង​ពួក​គេ​ ហើយ​ដែល​មាន​អ្នក​ធ្វើ​ជា​សាក្សី​ផង​ដែរ​នោះ​ វា​មិន​អាច​នោះ​ទេ»។

ក្រុម​ប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​កេនយ៉ា ​គឺ​ហាក់​ដូច​ជា​អង្គភាព​មួយ​ដែល​មាន​រដ្ឋាភិបាល​នៅ​ពី​ក្រោយ ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ឯករាជ្យភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​នេះ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ពង្រឹង​ស្តង់ដារ​វិជ្ជា​ជីវៈ​របស់​ខ្លួន។ ក្រុម​ប្រឹក្សា​នេះ​បាន​ទទួល​អំណាច​ពីច្បាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​កេនយ៉ា​ដែល​បាន​អនុម័តកាល​ឆ្នាំ​២០១៣ ។

លោក Victor Bwire ​អនុប្រធាន​ក្រុម​ប្រឹក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ការពារ​អាជ្ញាធរ​ផ្នែក​ទំនាក់​ទំនង​ ដោយនិយាយ​ថា ច្បាប់​ដែល​អាជ្ញា​ធរ​បាន​ប្រកាស​បាន​ចូល​ជា​ធរមាន​រួច​ទៅ​ហើយ ​ហើយវា​ត្រូវ​ការ​តែ​ការ​អនុវត្ត​ប៉ុណ្ណោះ។

លោក​បាន​ប្រាប់​ VOA​ ថា៖ «យើង​បាន​ប្រាប់ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​រួច​ទៅ​ហើយ ជាពិសេស​ទូរទស្សន៍​ និង ​វិទ្យុ ដូច្នេះ​យើង​អាច​ពិភាក្សា​ជាមួយ​គ្នា​បាន ស្រប​ពេល​ដែល​យើង​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ការ​បោះឆ្នោត​នៅ​ខែ​សីហា​ខាង​មុខ​នេះ។ យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​បោះ​ឆ្នោតបាន​ចាប់​ផ្តើម​ហើយ។ ស្ថាប័ន​សារ​ព័ត៌មាន​មួយ​ចំនួន​មិន​បានធ្វើ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ»។

លោក​បន្ថែម​ថា៖ «ដូច្នេះ​ មូល​ហេតុ​ចម្បង​នៃ​ការ​និយាយ​ជា​មួយ​ពួក​គេ​នៅ​ថ្ងៃ​នេះ ​គឺ​ដើម្បី​រំឭក​ពួក​គេ​ពី​ច្បាប់​ដែល​ដឹកនាំប្រតិបត្ដិការ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រទេស​នេះ»៕

ប្រែសម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG