\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក កឹម សុខា បិទ​មាត់​ជិត​ ក្រោយ​ជំនួប​របស់​លោក​ជាមួយ​លោក ហ៊ុន សែន


កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)

កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)

លោក អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ​​បាន​បញ្ជាក់​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​​​ស្វែង​រក​ដំណោះ​ស្រាយ​​ឱ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គ​លេខា​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ព្រមទាំង អ្នកស្រី​ទេព​ វន្នី​ ​សកម្មជន​ការពារ​ សិទ្ធិ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់។​

លោក​ កឹម​ សុខា​ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​រក្សា​ការ​មិនព្រម​បង្ហាញ​ពី​សេចក្ដី​លម្អិត នៅ​ក្នុងជំនួបផ្ទាល់របស់​លោក​ ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ ​សែន​ ​នៅ​សភា​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះនិង​លក្ខខ័ណ្ឌ​នៅ​ពី​ក្រោយ​ការ​ទម្លុះ​ទម្លាយ​ជម្លោះ​នយោបាយ​ដែល​អូស​បន្លាយ​ពេល​មកជាង​មួយ​ឆ្នាំ​កន្លង​មក​នោះ។​ ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ក៏​បាន​រក្សា​ជំហរ​ដូចគ្នា​នេះ​ដែរ។​

​លោក កឹម​ សុខា​ ​ដែល​បាន​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​ និង​សកម្មជន​នយោបាយ​របស់​គណ​បក្សសង្គ្រោះ​ជាតិ​ចំនួន​១៥នាក់ នៅ​ពន្ធនាគារ​ព្រៃ​សរ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ បាន​គេច​ចេញ​ពី​អ្នក​សារ​ព័ត៌មាន​ដោយ​លោក​បាន​ឡើង​លើ​រថយន្ត​ត្រៀម​ចាំទទួល​ ​ក្រោយ​ពី​លោក​បាន​ចាក​ចេញ​ពី​ពន្ធនាគារ​វិញ។

បន្ទាប់​ពី​ចាក​ចេញពី​ពន្ធនាគារ​ លោកបាន​ទៅ​ចូល​រួម​ពិធី​ស្រោច​ទឹក​រំដោះ​គ្រោះ​របស់​លោក​ ស៊ាង​ ចែត ​មេ​ឃុំ​ស្រក​ ​នៅ​ខេត្ត​កំពង់​ចាម​ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​មុននោះ។​

​ក្រោយ​ពី​ពិធី​ស្រោច​ទឹក​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត ​អង្គ​មេត្រី ​ស្ថិត​នៅ​ក្បែរ​ពន្ធនាគារ​ព្រៃ​ស​ លោក​ កឹម ​សុខា​ ​ព្យាយាម​មិន​ផ្ដល់​បទ​សម្ភាសន៍​ ​ដោយ​គ្រាន់​តែ​បាន​និយាយទៅកាន់​អ្នកសារព័ត៌មាន​ថា​ ស្ថាន​ភាព​នយោបាយ​កម្ពុជា​ ​បាន​វិល​មក​ស្ថាន​ភាព​ល្អ​ប្រសើរ​វិញ។​

​«ខ្ញុំ​គ្រាន់​និយាយ​ថា​ ល្អ​!​ ណា៎​បរិយាកាស​ល្អ»។

លោក​ អ៊ូ​ ច័ន្ទ​ឫទ្ធិ​ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូល​ទៅ​សួរ​ទុក​ សកម្មជន​ដែល​ជាប់​ឃុំទាំង​១៥​រូប​ផង​ដែរ​នោះ​ ក៏​មិន​បាន​ឆ្លើយសំណួរ​របស់​អ្នកកាសែត​អំពី​ការ​ប្រជុំ​នោះ​ដែរ។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ VOA ​ចំពោះ​លក្ខ​ខណ្ឌ​នយោបាយ​នៅ​ក្រោយ​ការ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ប្រក្រតី​នៃ​នយោបាយកម្ពុជា​នោះ​ ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​ បាន​បក​ស្រាយ​ថា៖​

«គ្មាន​លក្ខ​ខណ្ឌ​ទេ​ គឺ​បញ្ហា​បង្រួប​បង្រួម​ជាតិ​ ផ្សះ​ផ្សារ​ជាតិ​ ហើយ​យើង​ធ្វើ​ម៉េច​ ឲ្យ​មាន​ស្ថិរភាព​នយោបាយ។ ដូច្នេះ​អត់​មាន​លក្ខ​ខណ្ឌ​ទេ​ ​ក្នុង​ការ​ជជែក​គ្នា​ ដោះ​លែង​សកម្ម​ជន​គណបក្ស»។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយឱ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គ​លេខា​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ព្រមទាំង អ្នកស្រី​ទេព​ វន្នី​ ​សកម្មជន​ការពារ​ សិទ្ធិ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់។​

ទោះ​បី​ជា​មាន​ការ​ប្រកែក​ថា​ ​មិន​មានការ​ដាក់លក្ខ​ខណ្ឌ​យ៉ាង​ណា​ក្តី​ ដំណើរ​ការ​ដោះស្រាយ​ភាព​ទាល់​ច្រក​នយោបាយ​របស់​កម្ពុជា​ ត្រូវ​គេ​ជឿ​ថា​ ​ជា​រឿយៗ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ដោយ​ការ​ដោះដូរ​ឬ​ជា​កិច្ច​ព្រមព្រៀង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គណបក្ស​ទាំងពីរ ទោះ​បី​ជាតិច​ឬ​ច្រើន។

ជាក់ស្ដែង​ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​កៅអី​សម្រាប់​អ្នក​តំណាងរាស្ត្រ​ ​ស្ទើរតែ​ពាក់​កណ្ដាល​នៅ​រដ្ឋសភា។​

ក៏ប៉ុន្តែ ក្រុម​អ្នក​តំណាងរាស្ត្រនៃ​គណបក្ស​មួយ​នេះ ​មិន​បាន​បង្ហាញ ​ការ​ពេញចិត្ត​នឹង​លទ្ធផល​នេះ​ទេ​ ដោយ​ពួកគេ​យល់​ថា​ សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​លួច​បន្លំ។

ការ​មិន​ពេញ​ចិត្ត​នេះ​ បាន​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ដឹក​នាំ​មហា​បាតុកម្ម ដែល​ធ្វើ​ឲ្យ​មាន​ដំណើរ​រាំង​ស្ទះ​ ក្នុង​កិច្ច​ការ​នយោបាយ​របស់​ប្រទេស​ ជាពិសេស​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា។​

នៅ​ពេល​ស្ថាន​ភាព​នយោបាយ​បាន​ជាប់​គាំង​ជាង​មួយ​ឆ្នាំ​នោះ​ ហិង្សា​មួយ​ក៏បាន​កើត​ឡើង​ចេញ​ពី​ការ​ធ្វើ​បាតុកម្ម​មួយ​ដែល​ធ្វើ​ឡើង ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​កណ្ដាល​ខែ​កក្កដា​ ឆ្នាំ​ ​២០១៤។

អំពើ​ហិង្សា​នោះ​ បាន​បង្ក​ឲ្យ​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ប្រមាណ​ជា ​៣៥​នាក់​ រង​របួស​ ​និង​មានការចាប់​ខ្លួន​ ហើយ​និង​បញ្ជូនអ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ។​

​ដើម្បី​រំដោះ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​មក​វិញ​ ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​យល់​ព្រម​ចុះ​កិច្ចព្រៀងនយោបាយ​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ២០១៤​ បាន​បញ្ជាក់​ថា ​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ដើម្បី​កែ​ទម្រង់ការ​បោះ​ឆ្នោត​ ដោយ​រៀប​ចំស្ថាប័ន​បោះ​ឆ្នោត​ដោយ​ឯក​រាជ្យ។

កិច្ច​ព្រមព្រៀង​នោះ ក៏​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការបែងចែក​គណៈកម្មការ​ជំនាញ​នៅ​រដ្ឋសភា​ និង​ការ​ជ្រើសរើស​លោក​ កឹម​ សុខា​ ជា​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា។

នៅ​ខណៈ​ពេល​នៃ​ការ​សម្រេច​កិច្ចព្រមព្រៀង​នោះ​ ក៏​មាន​ការ​ចាប់​ខ្លួន​ឃុំ​ខ្លួន​ មន្ត្រី​ និង​សកម្ម​ជន​នយោបាយ​គណបក្ស​ប្រឆាំង​ចំនួន​ ១៥​រូប​ដែរ។

ក្រោយ​មក​ពួក​គេ​ត្រូវបាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ ​នៅ​ឆ្នាំ​ ​២០១៥​ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​វិញ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥​ដដែល​នោះ​ដែរ គឺ​នៅ​ពេល​ដែល​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ចាប់​ផ្ដើម​សើរើ​រឿង​ព្រំដែន​កម្ពុជា-វៀតណាមឡើងវិញ។​

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគតដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​ចុះ​ថមថយ​ស្ថានភាព​នយោបាយ​ម្ដង​ទៀត​នា​ពេល​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ភ្ជាប់​កិច្ច​ព្រមព្រៀង​នយោបាយ​ជាក់​លាក់​ណាមួយ​ ដែល​អាចធ្វើ​ឲ្យ​គូរ​ប្រកួត​នយោបាយ​ទាំង​ពីរ​នេះ​ ​ ឈាន​ដល់​ចំណុច​រួម​មួយ។​ ​

​លោក​បានប្រាប់​ VOA បន្ថែម​នៅមុខ​ប៉ុស្តិ៍​របស់​ក្រុម​កងការពារ​សន្តិសុខ​នៃពន្ធនាគារ​ព្រៃ​ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា​ ​ដំណើរ​វិល​ចុះ​ឡើង​នៃ​វប្បធម៌​នយោបាយ​នេះ​ នឹង​មិន​ផ្ដល់​ផលចំណេញ​ច្រើន​ដល់​ប្រទេស​ជាតិ​នោះ​ឡើយ តែ​លោក​ថា​ នេះ​ជា​ឧបសគ្គ​របស់​អ្នក​នយោបាយ​ខ្មែរ។

«មិន​ចំណេញៗ​ ទាំង​ស្រុង​ទេ ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​ថា​ អញ្ចឹង​ជា​ឧបសគ្គ​ ដែល​យើង​អាច ដែល​អាចឆ្លង​ផុត​គឺ​ជា​រឿង​មួយ​បង្ហាញ​ថា​ បន្ទាប់​ពី​យើង​ដួល​ហើយ​ យើង​ងើប​ឈរ​វិញ​ យើង​រឹង​ម៉ាំ​ រឹងប៉ឹង​ជាង​មុន​ហើយ​ ​យើង​រឹងមាំ​ជាង​មុន​ហើយ។ អា​ហ្នឹង​ជា​មេរៀន​ដូច​ក្មេង​មួយ​ដែល​កំពុង​រៀន​ដើរ​ អញ្ចឹង​ទៅ​ណា៎។ជាទូទៅ​ តែង​មុន​នឹង​ចេះ​រត់​ ទាល់​តែ​ដួល​ខ្លះ​អី​ខ្លះ​ហើយ​ ប៉ុន្តែនៅ​ពេល​ការ​ដួល​ណាមួយ​ ងើប​ឡើង​វិញ​រួច​ អា​ហ្នឹង​គឺ​ជា​សញ្ញា​ល្អ។​ ប៉ុន្តែ​បើ​ដួល​ហើយ​ ងើប​អត់​រួច​សោះ​ អា​ហ្នឹង​បាន​យ៉ាប់​មែន​ទែន»។

​ទោះ​បី​ជា ​លោក​ កឹម​ សុខា​ មិន​ទម្លាយ​ឲ្យ​ដឹង​ពី​ការសន្ទនា​ជា​លក្ខណៈ​ជន​ជាមួយ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​សភា​ក្ដី​ ពេលនេះ​ក្នុង​តួនាទី​ ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ នៅ​រដ្ឋសភា​ ​លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នកតំណាង​រាស្ត្រ​ទាំងពីរ​គណបក្ស​នៅ​សភា​កាលពី​ថ្ងៃពុធ​ថា​ លោក​បាន​ឈាន​ដល់​ចំណុច​រួម​ខ្លះ​ៗជា​មួយលោក​នាយករដ្ឋមន្ត្រី។​

លោក​បាន​ថ្លែង​នៅមុន​ជំនួប​នោះ​យ៉ាង​ដូច្នេះ​ថា៖​

«ថ្ងៃ​នេះ​ ដូច​សម្ដេច​ ដួច​សម្តេច​នាយក​បាន​ ជម្រាប​ហើយ​ថា​ ការ​ដែល​វិល​មក​ចូលរួម​ក្នុង​រដ្ឋសភា​ ចាប់​ផ្ដើម​ឡើងវិញ​នេះ​ គឺ​ក្រោយ​អំពី​ ខ្ញុំ​បាន​ពិភាក្សា​កិច្ច​ការ​មួយ​ចំនួន​ពី​រឿង​បញ្ហា​ប្រទេស​ជាតិ​ ជា​មួយសម្ដេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ហើយ​យើង​បាន​រក​ឃើញ​នូវ​ចំណុច​រួម​ខ្លះៗ​ គឺ​ការ​រួបរួម​ជាតិឯក​ភាព​ជាតិ​ ដើម្បី​ឲ្យ​មាន​ស្ថិរភាព ​សន្តិ​ភាព​ និង​ការ​រីកចម្រើន​ របស់​ប្រទេស​ជាតិ​យើង​ និង​ប្រជា​ពល​រដ្ឋ​យើង»។​

​លោក ​ឡៅ​ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ និង​ជា​អតីត​ទីប្រឹក្សា​លោក​ កឹម សុខា​ នៅ​រដ្ឋសភា​បាន​មើល​ឃើញ​ថា​ ការ​វិវត្តន៍​ស្ថាន​ការណ៍នយោបាយ​ចុង​ក្រោយនេះ​ គឺ​មាន​ភាព​វិជ្ជមាន​ តែ​ក៏​មិន​ខុស​ពី​ពេល​មុនៗ​ដែរ។

លោក​មិន​បាន​ថ្លែង​បញ្ជាក់​ថា​ មាន​ការ​ដាក់​លក្ខខណ្ឌ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ឬ​យ៉ាង​ណា​នោះ​ទេ​ តែ​លោក​យល់ថា​ ការ​សម្រុះសម្រួល​នយោបាយ​ ឈាន​ដល់​ការ​និយាយ​គ្នា​ស្ងាត់ៗ​រវាង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ កឹម សុខា​ អាចជា​ការ​រង​សំពាធ​ពី​សហគមន៍​អន្តរជាតិ​ ដូចជា​សហភាព​អឺរ៉ុប​ជាដើម។

លោក​និយាយ​ថា​វា​មាន​ការពិបាក​ដើម្បី​ទស្សន៍ទាយ​ថា​តើ​អ្នក​ណា​មាន​ល្បិច​អ្វី​ខ្លះនៅក្នុង​នយោបាយ​កម្ពុជា ក្រោយ​ការ​ស្រុះស្រួល​គ្នា​នេះ៕​

XS
SM
MD
LG