ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​កឹម សុខា​មាន​​សារ​នយោបាយ​តិចតួច​ក្រោយ​ទស្សនកិច្ច​ដំបូង​នៅ​​អាមេរិក​ក្នុង​នាម​ជា​ប្រធាន​បក្ស


លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ​ ជម្រាប​សួរ​អ្នកគាំទ្រ​គណបក្ស​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)

«ទី​មួយ​គាត់​បារម្ភ​រឿង​ការ​គំរាម​កំហែង​ គំរាម​កំហែង​ហើយ​​ ប៉ុន្តែ​គាត់​ដឹង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​គាត់​មាន​បង​ប្អូន​គាត់​ក្នុង​ប្រទេស​ គាត់​ទាក់​ទង​មក​ ប្រាប់​បងប្អូន​គាត់​ បាន​សម្រេច​ចិត្ត​​ហើយ​ ហើយ​ត្រៀម​ចាំ​តែ​បោះឆ្នោត​ឲ្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដល់​ថ្ងៃ​បោះឆ្នោត​ទេ​ ភាគច្រើន​បាទ»។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា​ ​បាន​បញ្ចប់ទស្សនកិច្ច​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍នៅ​សហរដ្ឋ​អាមេរិក​ជាលើកដំបូងរបស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រឆាំង។ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​យល់​អំពី​ទស្សនៈសហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ដឹកនាំ​ប្រទេស។​ មន្ត្រី​ជាន់​ខ្ពស់គណបក្ស​កាន់​អំណាច​និយាយ​ថា​ គណបក្ស​ប្រឆាំង​គ្មាន​ឱកាស​ដឹក​នាំ​ប្រទេស​នោះ​ឡើយ។​

​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​ បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ ជាមួយ​សារ​នយោបាយ​តិចតួច​ ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ រូប​នេះ​បាន​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​១៧​ថ្ងៃ​ នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួប​អ្នកគាំទ្រ​ ​របស់​គណបក្ស​ប្រឆាំង​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​របស់​សហរដ្ឋ​អាមេរិក។ ​

អម​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​រាប់​សិប​នាក់​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ កឹម សុខា​ បាន​ប្រាប់​ VOA​ ថា លោក​បាន​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ចំនួន​១៣​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ និង​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ (Donald Trump) មន្ត្រី​សភា ​និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។​

ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ក៏​បាន ​អះអាងថា​ សហគមន៍​ខ្មែរ​ដែល​មាន​មនសិការ​ស្នេហា​ជាតិ​ បាន​ផ្តល់​ការ​គាំទ្រ​កាន់តែ​ច្រើន​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ពួកគេ​បាន​បង្ហាញ​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​ លោក​និយាយ​ថា​ ពួកគេ​ក៏​ចង់​ដឹង​អំពី​ទស្សនៈ​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។​

លោក​ កឹម សុខា​ ប្រធាន​ថ្មី​របស់​គណបក្ស​ជំទាស់​ថ្លែង​ថា៖​

«គេ​មាន​ការ​យក​ចិត្ត​ទុកដាក់​ ហើយ​គេ​ចង់​ដឹង​ចង់​ឮ​ច្រើន​ ជាពិសេស​រហូតដល់​គេ​ចង់​ដឹង​ទស្សនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ដែល​ដឹកនាំ​ប្រទេស​ទៅ​ពេល​ខាង​មុខ​ទៀត»។ ​

លោក​មិន​បាន​ថ្លែង​បកស្រាយ​លម្អិត​អំពី​ទស្សនៈ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ប្រាប់​ VOA​ បន្ថែម​ថា​ ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​សហរដ្ឋ​អាមេរិក​បាន​ផ្តាំ​ផ្ញើ​ញាតិ​មិត្ត​របស់​ខ្លួន ​ឲ្យ​បោះឆ្នោត​ដល់​គណបក្ស​ប្រឆាំង​ ទោះបី​ជា​មាន​សារ​គំរាម​នយោបាយ​ពី​ភាគី​រដ្ឋាភិបាល​យ៉ាង​ណា​ក្តី៖

«ទី​មួយ​គាត់​បារម្ភ​រឿង​ការ​គំរាម​កំហែង​ គំរាម​កំហែង​ហើយ ប៉ុន្តែ​គាត់​ដឹង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​គាត់​មាន​បង​ប្អូន​គាត់​ក្នុង​ប្រទេស​ គាត់​ទាក់​ទង​មក​ ប្រាប់​បងប្អូន​គាត់​ បាន​សម្រេច​ចិត្តហើយ​ ហើយ​ត្រៀម​ចាំ​តែ​បោះឆ្នោត​ឲ្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដល់​ថ្ងៃ​បោះឆ្នោត​ទេ​ ភាគច្រើន​បាទ»។​

លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះ​ជាតិ ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ភោជនីយដ្ឋាន Hai Tien ទីក្រុង Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)
លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះ​ជាតិ ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ភោជនីយដ្ឋាន Hai Tien ទីក្រុង Philadelphia រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា/VOA)

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ខាង​មុខ​នេះ។​ ហើយ​ការ​បោះឆ្នោត​ជាតិ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨។ ​ ​សហគមន៍​អន្តរជាតិ​ដែល​ជា​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ កំពុង​តាមដាន​យ៉ាង​ចិត្ត​ទុកដាក់​ចំពោះ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​របស់​កម្ពុជា​នា​ពេល​ខាងមុខ។​

ស្រប​ពេល​នឹង​ការ​ត្រៀម​រៀបចំ​បោះឆ្នោត​នេះ​ នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​ព្រមាន​ជា​បន្តបន្ទាប់​ថា​ ប្រសិន​បើ​គណបក្ស​នយោបាយ​របស់​លោក​មិន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​ទេ នោះ​នឹង​អាច​សង្គ្រាម​នឹង​កើត​មាន។​ សារ​ច្រំដែលៗ​របស់​លោក​នាយករដ្ឋមន្ត្រី​អំពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នេះ​ ត្រូវ​បាន​ប្រើ​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៣។

លោក សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ ទោះ​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​លើក​ឡើង​អំពី​ទស្សនៈ​នៃ​ការ​ដឹកនាំ​ប្រទេស​ក្តី​ គណ​បក្ស​ប្រឆាំង​មួយ​នេះ​ នឹង​ពុំ​មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ។​ លោក​ថា​ កម្លាំង​ប្រជាធិបតេយ្យ​ដែល​គាំទ្រ​គណបក្ស​នេះ​ ក្នុង​នោះ​មាន​កម្លាំង​លោក ម៉ម​ សូណង់ដូ ​បាន​សម្រេច​ដើរ​ចេញ​ទៅ​បង្កើត​គណបក្ស​ផ្ទាល់​ខ្លួន។

លោក​ សុខ​ ឥសាន​ ថ្លែង​បន្ត​ថា​ សមាជិក​គណបក្ស​ប្រឆាំង​ជាច្រើន​ ក៏​បាន​ចាកចេញ​ពី​គណបក្ស​នេះ​ជា​បន្តបន្ទាប់​ ដូច្នេះ​គ្មាន​ហេតុផល​ណា​ ​ដែល​ថា​គណបក្ស​នេះ​ អាច​ឈ្នះ​ការបោះឆ្នោត​បាន​ឡើយ។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖

«ឥឡូវ​រាល់​ថ្ងៃ​នេះ​ គឺ​ថា​ ទឹក​ពី​ក្នុង​ពាង​ CNRP ​កំពុង​តែ​ហូរចេញ​បន្តបន្ទាប់​ថា​ តើ​មូលហេតុ​អី​ បាន​ជា CNRP ​អាច​ឈ្នះ​ឆ្នោត​ដើម្បី​ដឹកនាំ​ប្រទេស​បាន​ មិន​អាច​ទៅ​រួច​ទេ​ អា​នេះ​គេ​ហៅ​ថា​ មិន​អាច​ទៅ​រួច»។​

អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ លោក​ មាស នី​ យល់​ថា​ គណបក្ស​ធំៗ​ពីរ​ដែល​មាន​អាសនៈ​នៅ​រដ្ឋ​សភា​នេះ​ មិន​ទាន់​អាច​បង្ហាញ​ពី​សក្ដានុពល​នៃ​ការ​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូកដី​បាន​ទេ​ ដោយ​សារ​បក្ស​ទាំង​ពីរ​នេះ​ មាន​ហានិភ័យ​រៀងៗ​ខ្លួន​ ​សម្រាប់​ការ​គៀង​គ​ម្ចាស់​ឆ្នោត។

លោក មាស នី​ពន្យល់​ប្រាប់​ VOA ថា៖​

«បើ​យើង​មើល​គណបក្ស​ប្រជាជន​វិញ​ហានិភ័យ​របស់​គណបក្ស​ប្រជាជន​ នេះ​ គឺ​ត្រង់​ គណបក្ស​ប្រជាជន​អត់​មាន​អី​ថ្មី​សម្រាប់​ការ​ឃោសនា​ ហើយ​ទន្ទឹម​ហ្នឹង​ទៀត​ យើង​ឃើញ​មាន​ការ​គំរាម​ផ្ទួនៗ​នេះ​ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ទៅ​ធ្វើ​ឲ្យ​ប្រជាប្រិយ​គណបក្ស​ប្រជាជន​ខាតបង់»។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ លោក​ មាស នី​ មើល​ឃើញ​ថា​ គណបក្ស​នេះ​ កំពុង​រង​ការ​កេង​ចំណេញ​ខាង​នយោបាយ​ពី​គណបក្ស​តូចៗ​ ដែល​បាន​វាយប្រហារ​លើ​រដ្ឋាភិបាល​ដោយសេរី​ ក្នុង​ពេល​គណបក្ស​ប្រឆាំង​រង​គំនាប​ដោយ​បញ្ហា​ប្រឈម​នានា ដូច​ជា​ការ​រៀបចំ​រចនាសម័្ពន្ធ​ដឹកនាំ​គណបក្ស​ជា​ដើម។​

លោក​ មាស នី​ អ្នក​វិភាគ​សង្គម៖​

«នៅ​ក្នុង​ពេល​ដែល​ដំណើរការ​របស់​គណបក្ស​មាន​ការ​រអាក់រអួល​នេះ​ យើង​ឃើញ​មាន​គណបក្ស យើង​ឃើញ​មាន​គណបក្ស​តូចៗ​ ហាក់​ដូច​ជា​មាន​សេរីភាព​ច្រើន​ក្នុង​ការ​និយាយ​ឬ​ក៏​វាយប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​ ហើយ​ពាក្យ​ខ្លះ​ដែល​គណបក្ស​ប្រឆាំង​មិន​អាច​និយាយ​បាន កាលណា​និយាយ​នឹង​ទទួល​រង​ការ​ចោទប្រកាន់​ពី​ការ​ញុះញង់​ ក៏ប៉ុន្តែ​ដល់​គណបក្ស​តូចៗ​គេ​អាច​និយាយ​បាន​ដោយ​សេរី»។​

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម (លឹម សុធី/VOA)
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម (លឹម សុធី/VOA)

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​សំឡេងឆ្នោត​ពី​៩០​អាសនៈ​មក​ត្រឹម​៦៨​អាសនៈ​កាល​ពី​ការ​បោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​ ហើយ​គណបក្ស​ជំទាស់​របស់​លោក​ សម រង្ស៉ី ​និង​លោក​ កឹម សុខា ​ដែល​បាន​រួបរួម​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឈ្នះ​បាន​៥៥​អាសនៈ​ ​ដែល​គេ​ចាត់​ទុក​ថា ​ជា​កម្លាំង​ខ្លាំង​មួយ​ដែល​គំរាម​អំណាច​របស់​លោក ​ហ៊ុន សែន ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

ការ​ធ្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​អ្នក​សង្កេតការណ៍​យល់​ថា បណ្តាល​មក​ពី​បញ្ហា​អវិជ្ជមាន​ជាច្រើន​ដែល​បាន​កើត​មាន​ក្នុង​សង្គម​កម្ពុជា។ បញ្ហា​ទាំងនោះ​រួមមាន​ ការ​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង​ ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ អំពើ​ពុករលួយ​ និង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដែល​មិនទាន់​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពេញ​លេញ។

ការ​កើន​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​ បាន​មកពី​គោល​នយោបាយ​ ដែល​ផ្តោត​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ប្រាក់​ខែ​ដល់​កម្មករ​ និង​មន្ត្រីរាជការ​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ ក៏​ដូច​ជា​ ការ​បង្កើត​ការងារ​ ​និង​បញ្ហា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ៕​

XS
SM
MD
LG