ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ​កឹម សុខា៖​ គណបក្ស​សង្គ្រោះជាតិ​នឹង​ផ្តល់​ថវិកា​១លាន​ដុល្លារ​ដល់​ឃុំ-សង្កាត់​ ​​ បើ​គណបក្ស​នេះ​​ដឹកនាំ​រដ្ឋាភិបាល


លោក​ ​កឹម សុខា​ ​ប្រធានគណបក្សសង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គណបក្ស​ក្នុងថ្ងៃ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃសៅរ៍ទី​២០ខែ​ឧសភាឆ្នាំ២០១៧។​ (កាន់ វិច្ឆិកា/VOA)​ ​

លោក​ ​កឹម សុខា​​លើក​ឡើង​ថា ​គោល​នយោបាយ​ដែល​នឹង​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ​​ទៅ​តាម​ឃុំ​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​ ​នឹង​ត្រូវ​​តំឡើង​រហូត​ដល់​១​លាន​ដុល្លារ​អាមេរិក​ ​ប្រសិនបើ​​គណបក្ស​​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត។​

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​ ​កឹម សុខា​ ​នៅព្រឹក​ថ្ងៃសៅរ៍​នេះ​ ​បាន​ប្រកាស​ថា​ ប្រសិន​បើ​គណបក្ស​របស់​លោកឈ្នះ​ឆ្នោតនៅ​ឆ្នាំ​២០១៨​ ​លោក​នឹង​លុប​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ចោល​ ​និង​ផ្តល់​ថវិកា​ជា​បន្តបន្ទាប់រហូត​ដល់​១លាន​ដុល្លារ​ទៅ​ឲ្យ​ឃុំ-សង្កាត់ ​ដើម្បី​អភិវឌ្ឍ​ភូមិ​ឃុំ​ដោយ​ខ្លួន​ឯង។​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ចំអក​ថា​ ​ការ​លើក​ឡើង​របស់​លោក ​កឹម សុខា គឺ​ជា​ការ​សន្យា​ដែល​មិន​អាច​ទៅ​រួច។​

ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិគឺ​លោក​ ​កឹម សុខា​ ​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ជាច្រើនពាន់​នាក់​របស់​ខ្លួន​ថា​ ​នឹង​លុប​ចោល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ ហើយបន្ថែម​ថវិកា​ជាតិ​ក្នុងមួយ​ឃុំ​ ឲ្យ​ដល់​មួយ​១​លាន​ដុល្លារ​ ​ប្រសិន​បើ​គណបក្ស​របស់​លោកជាប់​ឆ្នោត។​

មុន​ការ​ដង្ហែ​ក្បួន​ឃោសនា​ក្នុង​រាជធានី​ភ្នំពេញ​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បានរៀបរាប់​ពី​គោល​នយោបាយជាអាទិភាព​ទាំង​៥​ចំណុចរបស់​គណបក្ស​នេះ ​ដោយ​រំពឹង​ថា​ ​ខ្លួន​នឹង​ជាប់​ឆ្នោត ​ដឹកនាំ​ប្រទេស​នា​ឆ្នាំ​២០១៨​ខាង​មុខ។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រដែល​កំពុង​ឈរចាំ​ត្រៀបត្រា​ដើម្បីហែក្បួន​ ​លោក​ ​កឹម សុខាលើក​ឡើង​ថា ​គោល​នយោបាយ​ដែល​នឹង​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារទៅ​តាម​ឃុំ​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​ ​នឹង​ត្រូវតំឡើង​រហូត​ដល់​១​លាន​ដុល្លារ​អាមេរិក​ ​ប្រសិនបើគណបក្សសង្គ្រោះ​ជាតិ​ជាប់​ឆ្នោត។​ ​មេ​គណបក្ស​ជំទាស់​រូប​នេះ​បានបន្ថែម​ថា​ ​គណបក្ស​សង្គ្រោះជាតិ​ហ៊ាន​ធានាក្នុងការ​ទម្លាក់​កញ្ចប់​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​ឃុំ-សង្កាត់​នីមួយៗ​ ​ដោយយោង​លើ​ថវិកា​ជាតិ​ដែល​កម្ពុជា​កំពុង​តែមាន។

លោក​ កឹម សុខា​ ​បញ្ជាក់​ថា៖​

​«ថវិកា​ជាតិ​បច្ចុប្បន្ន​នេះ​មាន​ប្រហែល​ជា​៥​ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំ។​ ​ដូច្នេះ​៥​ពាន់​លានដុល្លារ​នេះ ​បើសិន​ជា​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​រដ្ឋាភិបាល​ ​យើង​ផ្តល់​ឲ្យ​ឃុំ-សង្កាត់​នីមួយៗ​ជា​មធ្យមកន្លះ​លាន​ដុល្លារ​ទូទាំង​ប្រទេស​ ​ដូច្នេះ​យើង​ចំណាយ​ថវិកា​អស់​តែ​៨២៣​លាន​ដុល្លារ​ទេ​ ​ក្នុង​ចំណោម​ថវិការ​៥​ពាន់​លាន​ដុល្លារ។​ ​ ដូច្នេះនៅ​មិនទាន់​ច្រើន​ទេ»។​

លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

លោក​ ​កឹម​ សុខា​ បន្ថែម​ថា គោល​នយោបាយ​ ​ដែល​នឹង​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារទៅ​តាម​ឃុំ​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​នេះ​នឹង​ធ្វើឲ្យ​ឃុំ-សង្កាត់​នីមួយៗ​មាន​លទ្ធភាព​អភិវឌ្ឍ​ភូមិ​ឃុំ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​មាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​ការ​អភិវឌ្ឍ​ក្នុង​ឃុំ​សង្កាត់ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវលំ ​ឬ​ប្រឡាយ​ទឹក​ជាដើម ​គឺ​ថវិកា​ជាតិ​កន្លះ​លាន​ដុល្លារនឹង​ផ្តល់​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ធ្វើ​ដោយ​ខ្លួន​ឯង។​ ​បើ​យើង​ធ្វើ​បាន​ ​ទុក​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ធ្វើ​អី?»​

ប៉ុន្តែ​លោក​ សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA ​ថា​ ការ​លើក​ឡើង​របស់​លោក​ ​កឹម សុខាគឺជា​ការ​សន្យាដែលមិន​អាចសម្រេចបាន។​

លោក​មាន​ប្រសាសន៍​ថា៖​

​«ការ​លើក​ឡើង​របស់​គាត់​នេះជាការ​កម្លាចិត្ត​របស់សមាជិក​សមាជិកា​របស់​គាត់។​ ​ហើយ​ចំពោះ​ថវិកា​ដែល​ថា ​ឲ្យ​មួយ​ឃុំ​១លាន​ដុល្លារ​ ​ពីមុន​៥០​ម៉ឺន​ ​ឥឡូវ​វា​ឡើង​ដល់​១​លានហើយ​ ​ប្រហែល​ជា​នៅ​កន្លះ​ខែ​ទៀត ​ឬ​ដល់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ២០១៨​ ​ប្រហែលជាឡើង​២​លាន​ ​ឬ​៣​លាន​មួយ​ឃុំ​ហើយ។​ អីចឹង​ទេ ​ឡើង​តែ​មាត់ហ្នឹង ​វា​ស្រួល​ហើយ ​តែ​អាធ្វើ​ហ្នឹង​វា​មិន​ស្រួល​ដូច​ថា​ទេ។​ អញ្ចឹង​ខ្ញុំ​យល់​ថា​ មិន​អាច​ជា​ទីសង្ឃឹម​បាន​ទេ»។​

គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​កម្ពុជាបាន​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី១នៃ​ការ​ឃោសនា​រយៈ​ពេល​១៤​ថ្ងៃ​ ​មុន​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​ ​ដែល​នឹង​រៀបចំ​ឡើង​នៅថ្ងៃ​ទី៤ ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​ ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹកថ្ងៃ​សៅរ៍​នេះ​ ​បាន​បើក​យុទ្ធនា​ការ​ដង្ហែ​ ​និងឃោសនា​ការ​បោះឆ្នោតទ្រង់​ទ្រាយ​ធំ​ក្នុង​ថ្ងៃ​ឃោសនា​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​អ្នកចូ​ល​រួមជាច្រើន​ពាន់​នាក់​ ​ខណៈពេល​ដែល​គណបក្សកាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ជ្រើស​យក​ការ​ជួបជុំ​នៅ​កោះពេជ្រ។​

ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

គោល​នយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះជាតិ ​ដែល​បាន​ផ្សាយ​ជាសាធារណៈ ​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់ អាណត្តិ​ទី៤ ​ឆ្នាំ​២០១៧ មាន​ដូចជា​ ការ​ពង្រឹង​សិទ្ធិ​អំណាច​ប្រជា​ពលរដ្ឋ​ ​ដោយ​ផ្ដល់​ឱកាស​ ​និង​លើក​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​ ​ការ​បង្កើត​សហគមន៍​ ​ដែល​ផ្ដល់​យោបល់ ​វាយ​តម្លៃ​ ​និង​ចូលរួម​ធ្វើ​សេចក្ដី​សម្រេច​នានា​ក្នុង​ឃុំ-សង្កាត់។​ ​កា​រលើក​កម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ ​តាមរយៈ​ការអភិវឌ្ឍ​ដោយ​ការពារ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​របស់​ប្រជា​ពលរដ្ឋ​ ​និង​មិន​ចុះ​ហត្ថលេខា​លើ​ការ​វិនិយោគ​ ឬ​សម្បទាន​ណា​ដែល​ប៉ះពាល់​ផល​ប្រ​យោជន៍​ជាតិ​ ​និង​ប្រជា​ពលរដ្ឋ។ ​ការ​ផ្តល់​សេវា​សាធារណៈ​ ឬលិខិត​ស្នាម​ផ្សេងៗ​ដោយ​មិន​រើសអើង ​ដោយ​ស្អាតស្អំ ​និង​ទាន់​ពេល​វេលា។ ​ការ​ការពារ​សន្តិសុខ​ ​ដោយ​ពង្រឹង​ប្រសិទ្ធភាព ​និង​លើក​កម្ពស់​ការងារ​នគរបាល​ដើម្បី​ឃុំ-សង្កាត់​ប្រកប​ដោយ​សុវត្ថិភាព​ ​គ្មាន​គ្រឿងញៀន ​និង​គ្មាន​អំពើ​ហិង្សា។​ ​ការ​ធ្វើ​វិមជ្ឈការ​អំណាច ​ការធ្វើ​វិមជ្ឈការ​ថវិកា ​និង​វិមជ្ឈការ​សេវា​សាធារណៈ​ក្នុង​វិស័យ​អាទិភាព។

រីឯគណបក្ស​ប្រជាជន​កម្ពុជាដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត​៤០​ ឆ្នាំ​មក​នេះ​ បាន​ដាក់​ចេញ​កម្មវិធី​គោល​នយោបាយ​ដែល​មាន​ចំនួន​១៣​ចំណុច​ ដើម្បី​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។​

យោង​តាម​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ ដែល​ផ្សាយ​តាម​គេហ​ទំព័រ​របស់​គណបក្ស បានឲ្យ​ដឹង​ថា​ ចំណុច​សំខាន់ៗ​នៃ​គោលន​យោបាយ​ទាំង​នោះ​រួមមាន​ ប្រជាកសិករ​ទទួល​បាន​ការ​គាំទ្រ​ពីរដ្ឋ​ ដើម្បី​ធានា​ការ​បង្កើន​ផលិត​កម្ម​ ​និង​ការ​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​ដោយ​មាន​តម្លៃ​សមរម្យ។ ​ប្រជាជន​គ្មាន​ដី​ ឬ​ខ្វះ​ដី​នឹង​ទទួល​បាន​ដី​សម្រាប់​សង់​លំនៅដ្ឋាន​ និង​បង្ក​បង្កើន​ផល​ តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គម​កិច្ច។​ ​ប្រជាជន​គ្រប់​រូប​ទទួល​បាន​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​កាន់តែ​ល្អ​ប្រសើរ​តាម​មណ្ឌល​សុខភាព​ និង​មន្ទីរ​ពេទ្យ​របស់​រដ្ឋ ​ហើយ​ប្រជាជន​ក្រីក្រ​ និង​អ្នក​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​បង់​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព​ និង​តាម​មន្ទីរពេទ្យ​រដ្ឋ។ ​គណបក្សប្រជាជន​កម្ពុជា​កសាង​ឃុំ-សង្កាត់​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ជាឃុំ​ សង្កាត់​ប្រកប​ដោយ​សន្តិភាព៕​

XS
SM
MD
LG