ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ប្រើ​​គោលការណ៍​អហិង្សា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ ទោះ​មាន​ការ​គំរាម

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ការ​លើក​ឡើង​របស់​លោក​ កឹម សុខា​ គឺ​មិន​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ រួម​ទំាង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ​ ដែល​ព្រមាន​ថា​ ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ការ​បោះឆ្នោត​នោះ។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ ​ស្នើ​ឲ្យ​ក្រុម​ឃោសនា​នយោបាយ​គណបក្ស​ខ្លួន​និយាយ​តែ​អំពី​កម្មវិធី​នយោបាយ​ ​សម្រាប់​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ ដោយ​បញ្ចៀស​ឲ្យ​បាន​រាល់​សកម្មភាព​ហិង្សា​នានា។​ ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​គឺ​ បន្ទាប់​ពី​មាន​ការ​គំរាម​ធ្ងន់ៗ​ជា​ច្រើន​លើក​ពី​មន្ត្រី​រដ្ឋាភិបាល​និង​លោក​ ហ៊ុន​ សែន ​ ​នា​ពេល​ថ្មីៗនេះ។

ក្នុង​ថ្ងៃ​ប្រកាស​បេក្ខជន​ស្រ្តី​ឈរ​ក្នុង​លេខ​រៀង​ទី​មួយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​មិន​ឲ្យ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ ដែលនាំ​ឲ្យ​កើត​ជា​អំពើ​ហិង្សា​ ដោយ​បាន​តម្រូវ​ឲ្យ​អ្នក​ឃោសនា​រក​សំឡេង​ឆ្នោតផ្តោត​តែ​លើ​ការ​ឃោសនា​ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ខ្លួន​ ដែល​នឹង​ផ្តល់​អំណាច​ដល់​ឃុំ​សង្កាត់​ឲ្យ​ច្រើន​ជាង​មុន។​

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ថ្លែង​ទៅ​កាន់​ក្រុម​បេក្ខជន​ស្រ្តី​ចំនួន​១០៣​នាក់​ ដែល​ឈរ​ឈ្មោះ​ក្នុង​លេខ​រៀង​ទី​មួយ​សម្រាប់​តំណែង​មេឃុំ​ ចៅ​សង្កាត់​ លោក​ កឹម សុខា​ ​បាន​ស្នើ​ឲ្យ​បេក្ខជន​ស្ត្រី​ទាំង​នោះ​ និយាយ​តែ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បម្រើ​ជាតិ​និង​ប្រជាពលរដ្ឋ។​

​លោក កឹម សុខា ថ្លែង​ទៅ​កាន់​បេក្ខនារី​ទាំង​នោះ​ថា៖

«យើង​ធ្វើ​ឲ្យ​ឃុំ​សង្កាត់​ មាន​អំណាច​ មាន​ថវិកា​ និង​មាន​សេវា​ល្អ។ មាន​អំណាច​ មាន​ថវិកា​ មាន​សេវា​ល្អ​ នេះ​ហើយ​ជា​សារ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​បញ្ជូន​ទៅ​អ្នក​បោះឆ្នោត​ ដើម្បី​ឲ្យ​គេ​គាំទ្រ​យើង»។​

បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ ក៏​បាន​អំពាវ​នាវ​ឲ្យ​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​គំរាម​កំហែង​ថ្មីៗ។​

​លោក ​កឹម សុខា ​បន្ថែម​ថា៖​

«បើ​ប្រជាពលរដ្ឋ​ចូលចិត្ត​ស្រលាញ់​អ្នក​ដែល​វាយ​បំបាក់​ធ្មេញ​គេ​ បោះ​ឲ្យ​គេ​ទៅ​ បើប្រជាពលរដ្ឋ​ចូលចិត្ត​អ្នក​ស្លូត​ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ បោះ​ឲ្យ​សង្គ្រោះ​ជាតិ​ទៅ​ ស្រេច​តែ​ប្រជាពលរដ្ឋ​ទេ​ មែន​ទេ​បងប្អូន?»។

ការ​លើក​ឡើង​របស់​លោក​ កឹម សុខា​ គឺ​មិន​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ រួម​ទំាង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ​ ដែល​ព្រមាន​ថា​ ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ការ​បោះឆ្នោត​នោះ។​

​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​នាយ​ឧត្ដមសេនីយ៍​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​អគារ​រដ្ឋបាល​ជាច្រើន​នៅ​ជាយ​ក្រុង​សៀមរាប​ បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​ក្រុម​ណា​ដែល​ចេញ​មក​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រង់​ចាំ​វេន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​សន្តិសុខ​អាស៊ី​នៅ​វិទ្យា​ស្ថាន​អន្តរជាតិ​នៃ​ការសិក្សា​យុទ្ធសាស្ត្រ នៅ​ប្រទេស​សិង្ហបុរី ខែ​មិថុនា ឆ្នាំ​២០១២។​ (Reuters)

មេ​ដឹកនាំ​នៃ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ មិន​បាន​បញ្ជាក់​ពី​ក្រុម​នៃ​គណបក្ស​នយោបាយ​ណា​ទេ​ ដែល​មាន​បំណងចេញ​មក​តវ៉ា​លទ្ធផល​បោះឆ្នោត​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​អំពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ​ការ​ធ្វើ​បាតុកម្ម​នា​ពេល​នោះ​ត្រូវ​គេ​ដឹង​ថា​ ជា​ការ​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។​

នាយ​ឧត្ដមសេនីយ៍​ ទៀ បាញ់ បាន​ព្រមាន​ថា៖​

«ពេល​ដែល​បោះឆ្នោត​ចាញ់​ គឺ​មិន​ព្រម​ចាញ់​ទេ​ គឺ​ចេញ​មក​ព្រោង​ព្រាត​ ទាមទារ​នេះ​ ទាមទារ​នោះ​ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ​ លើក​នេះ​ មិន​ទុក​ទេ​ ប្រាប់​ឲ្យ​ហើយ​ ហ្នឹង​និយាយ​ត្រង់ៗ​ចឹង​ហ្មង។​ ថា​ម៉េច​ ថា​ចុះ​ ខ្ញុំ​ថា​ ថា​ម៉េច​ ថា​ចុះ​ តែ​រឿង​ពិត​ ត្រូវតែ​និយាយ​គ្នា​អញ្ចឹង​មិន​អនុញ្ញាត​ជា​ដាច់​ខាត»។​

ការ​ព្រមាន​របស់​លោក​ ទៀ បាញ់​ កើត​មាន​ឡើង​មិន​ដល់​បី​សប្តាហ៍​ទៀត​ ដែល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នឹង​មកដល់។

ថ្វី​ដ្បិត​តែ​មាន​ការ​ព្រមាន​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​អំពី​ការ​ឆ្លើយតប​នឹង​ចលនា​បាតុកម្ម​ និង​ការ​ផ្ទុះ​សង្គ្រាម​សារ​ជា​ថ្មី​ក្តី​ ​ក្រុម​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​ក្នុង​លេខ​រៀង​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​បង្ហាញ​ឥរិយាបថ​ភ័យ​ខ្លាច​នោះ​ឡើយ​ សម្រាប់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ។​

កញ្ញា​ ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត​ ​បេក្ខជន​ស្ត្រី​លេខរៀង​ទី​មួយ​នៅ​សង្កាត់​អូចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ ប្រាប់​ VOA ក្រោយ​ការ​ប្រកាស​ពី​សមាសភាព​បេក្ខជន​ស្រ្តី​ទាំង​១០៣​នាក់នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​គំរាមកំហែង​នឹង​មិន​បន្ទច់បង្អាក់​ដល់​ការ​ធ្វើ​ឃោសនា​របស់​កញ្ញា​ដើម្បី​កាន់​កាប់​កៅអី​ជា​ចៅ​សង្កាត់​អូចារ​ នោះ​ទេ។

កញ្ញាបញ្ជាក់​ថា៖

«ទោះ​បី​មាន​ការ​គំរាមកំហែង​បែប​ណា​ក៏ដោយ​ ក៏​មិន​អាច​រាំង​ស្ទះ​សកម្មភាព​របស់​ខ្ញុំ​បាន​ដែរ​ គំនិត​ខ្ញុំ​ ឆន្ទៈ​ខ្ញុំ​ គឺ​ត្រូវ​តែ​ទៅ​ជួប​ពលរដ្ឋ​ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ»។​

អ្នក​ស្រី​ ស្វាត​ វ៉ារី​ បេក្ខជន​ស្ត្រី​លេខរៀង​ទី​មួយ​ផ្សេង​ទៀត​ ​នៅ​ឃុំ​ស្រះរាំង​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និយាយ​ថា​ អ្នកស្រី​ បារម្ភ​អំពី​ការ​ព្រមាន​នៃ​ការ​ផ្ទុះ​សង្គ្រាម​ តែ​មិន​បារម្ភ​ចំពោះ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ។ អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ធ្លាប់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថា សង្គ្រាម​នឹង​មិន​កើត​មាន​នោះ​ទេ​ ប្រសិន​បើ​ពួក​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នោះ។​

បេក្ខនារី​រូប​នេះ​ថ្លែង​ថា៖

«ការ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​បញ្ចៀស​សង្គ្រាម​ គ្មាន​សង្គ្រាម​ទេ»។​

យ៉ាង​ណា​ក៏​ដោយ​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ មិន​មាន​ការ​គំរាម​កំហែង​ខាង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​អ្វី​ដែលក្រុម​អ្នក​ជំទាស់​បាន​លើកឡើង។​ លោក​បន្ត​ថា​ គណបក្ស​ប្រឆាំង​នឹង​មិន​មាន​ជោគវាសនា​ឈ្នះ​ការ​បោះឆ្នោត​ផង​ដែរ ដោយ​សារ​តែ​កម្លាំង​គាំទ្រ​របស់​គណបក្ស​នេះ​បាន​បែកខ្ញែក​ គ្នា​អស់​ទៅ​ហើយ​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣៕

XS
SM
MD
LG