\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក John Kerry ធ្វើ​ទស្សនកិច្ច​ប្រទេស​កេនយ៉ា​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេស​ស៊ូដង់​ខាង​ត្បូង


រដ្ឋមន្រ្តី​ការបរទេស​ សហរដ្ឋអាមេរិក​ ឈរ​ជាមួយ​ប្រធានាធបតីប្រទេស​កេនយ៉ា​ Uhuru Kenyatta កាលពី​ថ្ងៃទី២២ សីហា ២០១៦ នៅវិមាន​ក្នុង​រដ្ឋណៃរ៉ូប៊ី មុន​កិច្ច​ប្រជុំ​ទ្វេភាគី។

រដ្ឋមន្រ្តី​ការបរទេស​ សហរដ្ឋអាមេរិក​ ឈរ​ជាមួយ​ប្រធានាធបតីប្រទេស​កេនយ៉ា​ Uhuru Kenyatta កាលពី​ថ្ងៃទី២២ សីហា ២០១៦ នៅវិមាន​ក្នុង​រដ្ឋណៃរ៉ូប៊ី មុន​កិច្ច​ប្រជុំ​ទ្វេភាគី។

លោក John Kerry រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ដែល​នៅ​ទីនោះ លោក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​មក​ពី​បណ្ដា​ប្រទេស​នៅ​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក ដើម្បី​រក​វិធី​ការពារ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ម្ដង​ទៀត។

លោក Kerry បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បាន​ប្រជុំ​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta មុន​ពេល​លោក​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​ថា សន្តិភាព​ត្រូវ​បាន​រក្សា​បាន​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ដែល​ជា​ប្រទេស​ទើប​បង្កើត​ថ្មី​បំផុត​នៅ​ក្នុង​ពិភពលោក។

ប្រទេស​ស៊ូដង់​ខាង​ត្បូង​មាន​ភាព​ចលាចល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ចាប់​តាំងពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់​នៅ​ឆ្នាំ ២០១១ មក។ សង្គ្រាម​ស៊ីវិល អំពើ​ហិង្សា និង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ូដង់ បាន​ធ្វើ​ឲ្យ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ដែល​ជា​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ។

លោក Kerry និង​រដ្ឋមន្ត្រី​ការបរទេស​ផ្សេង​ទៀត​មកពី​បណ្ដា​ប្រទេស​ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក ក៏​មាន​គម្រោង​ពិភាក្សា​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ផង​ដែរ ដែល​ប្រទេស​នេះ​នឹង​មាន​ការ​បោះ​ឆ្នោត​សភា និង​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ ដើម្បី​ឲ្យ​ប្រទេស​នេះ​មាន​ស្ថិរភាព​ឡើង​វិញ។

នៅ​ចុង​សប្ដាហ៍​នេះ លោក Kerry នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា ដែល​នៅ​ទី​នោះ ពួក​ក្រុម​ភេរវករ Boko Haram បាន​សម្លាប់​មនុស្ស​អស់​ជាង ២ ម៉ឺន​នាក់​មក​ហើយ​តាំង​ពី​ឆ្នាំ ២០០៩ មក។ ហើយ​បន្ទាប់​មក លោក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ប្រទេស​នេះ​ជា​ប្រទេស​ដឹកនាំ​ក្រុម​សម្ព័ន្ធ​មិត្ត​អារ៉ាប់​ប្រឆាំង​នឹង​ពួក​ឧទ្ទាម Huthi នៅ​ក្នុង​ប្រទេស​យ៉េម៉េន៕

XS
SM
MD
LG