ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជប៉ុន​បាន​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង ដោយសារ​រូប​សំណាក​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​មួយ


ផ្កា​ត្រូវ​បាន​គេ​ដាក់​លើ​រូបសំណាក​នៃ​នារី​ក្មេង​ម្នាក់​ដែល​តំណាង​ឲ្យ​ជនរងគ្រោះ​ផ្លូវ​ភេទ​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​ជប៉ុន​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ពី​មុខ​ស្ថានកុងស៊ុល​ជប៉ុន​ប្រចាំ​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ប្រទេស​ជប៉ុន​បាន​បញ្ជា​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​បណ្តោះ​អាសន្ន ដោយ​សារ​តែ​រូប​សំណាក​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​មួយ​ត្រូវ​បាន​ដាក់​នៅ​ពី​មុខ​ស្ថាន​កុងស៊ុល​ជប៉ុន​ក្នុង​ទីក្រុង​ប៊ូសាន។

ស្ត្រី​បម្រើ​ផ្លូវ​ភេទ ឬ​ហៅ​ថា «Comfort women» គឺ​ជា​ពាក្យ​ដ៏​អាក្រក់​សម្រាប់​ស្ត្រី​នៅ​ទូទាំង​តំបន់​អាស៊ី ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ដល់​ទាហាន​ជប៉ុន ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​លោក​លើក​ទី​២។

លោក Yoshihide Suga រដ្ឋ​មន្ត្រី​ប្រចាំ​ប្រទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ដាក់​រូប​សំណាក​នោះ​គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ «សោកស្តាយ​ជា​ខ្លាំង»។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ជប៉ុន​ក៏​បាន​ផ្អាក​ការ​ពិភាក្សា​ទៅ​លើ​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​កិច្ចប្រជុំ​ទៅ​លើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​ថ្មី​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​បាន​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​នេះ​កាល​ពី​ឆ្នាំ​២០១៥ ដោយ​ដំណោះស្រាយ​រួម​មាន​ទាំង​ការ​សរសេរ​លិខិត​សុំ​អភ័យទោស​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe និង​ការ​សន្យា​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ ក្នុង​ការ​ផ្តល់​មូលនិធិ​រាប់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ដែល​នៅ​រស់រាន​មាន​ជីវិត​ផង​ដែរ។​

ក្រុម​សកម្មជន​ដែល​ប្រឆាំង​នឹង​ដំណោះស្រាយ​នេះ​បាន​ដាក់​រូប​សំណាក​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​នៅ​ក្បែរ​ស្ថាន​កុងស៊ុល​ជប៉ុន​កាល​ពី​ចុង​ខែ​មុន។ រូប​សំណាក​ស្រដៀង​គ្នា​នេះ​ដែរ ត្រូវ​បាន​ដាក់​នៅ​ក្បែរ​ស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​សេអ៊ូល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ការ​សោកស្តាយ​ជា​ខ្លាំង ដែល​ប្រទេស​ជប៉ុន​បាន​ចាត់វិធានការ​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន។ ប្រទេស​ទាំង​ពីរ​គួរ​តែ​សហការ​គ្នា​ «ទោះ​ជា​នៅ​ពេល​ដែល​មាន​បញ្ហា​លំបាក​ក៏​ដោយ»៕

XS
SM
MD
LG