ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​អ៊ីតាលី​បាន​សម្លាប់​ជន​សង្ស័យ​ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង​បែរឡាំង


ប៉ូលិស​អ៊ីតាលី​ដាក់​របាំង​តំបន់​ជុំវិញ​សាកសព​មួយ បន្ទាប់​ពី​ការ​បាញ់ប្រហារ​របស់​ប៉ូលិស និង​ជន​នោះ​នៅ​ក្នុង​សង្កាត់ Sesto San Giovanni ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៦។

ប៉ូលិស​អ៊ីតាលី​ដាក់​របាំង​តំបន់​ជុំវិញ​សាកសព​មួយ បន្ទាប់​ពី​ការ​បាញ់ប្រហារ​របស់​ប៉ូលិស និង​ជន​នោះ​នៅ​ក្នុង​សង្កាត់ Sesto San Giovanni ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៦។

ក្រុម​មន្ត្រី​ប្រទេស​អ៊ីតាលី​បាន​ថ្លែង​ថា បុរស​ជន​ជាតិ​ទុយនីស៊ី​ដែល​ជា​ជន​សង្ស័យ​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ឯ​ផ្សារ​លក់​គ្រឿង​តុបតែង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្នុង​ទីក្រុង Milan នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​អ៊ីតាលី​លោក Marco Minniti បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុម​អាជ្ញាធរ​ប៉ូលិស​បាន​បញ្ជាក់​ថា បុរស​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ទៅ​មក​ជាមួយ​ប៉ូលិស​គឺ​ជា​ជន​សង្ស័យ Anis Amri ដែល​ជា​ជនសង្ស័យ​កំពូល​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ផ្សារ​មួយ​របស់​អាល្លឺម៉ង់។

ប្រភព​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​អាយុ​២៤ឆ្នាំ​នេះ​ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​យាម​ត្បាត​ជា​ប្រចាំ​មួយ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង Sesto San Giovanni ដែល​ស្ថិត​នៅ​ជាយ​ទីក្រុង Milan កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ ប្រភព​ដដែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​នោះ​បាន​ដក​កាំភ្លើង​ចេញ​មក​ នៅ​ពេល​ដែល​ប៉ូលិស​សុំ​មើល​អត្តសញ្ញាណប័ណ្ណ​របស់​ជន​នោះ បន្ទាប់​មក​ជន​នោះ​បាន​បាញ់​ប្រហារ និង​ធ្វើ​ឲ្យ​មន្ត្រី​ប៉ូលិស​មួយ​រូប​រង​របួស​មុន​នឹង​ជន​នោះ​ត្រូវ​បាន​បាញ់​សម្លាប់។

ជន​សង្ស័យ Amri គឺ​ជា​អ្នក​ដែល​ត្រូវ​បាន​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ជ្រកកោន​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដោយ​ត្រូវ​បាន​សង្ស័យ​ថា​ព្យាយាម​ទិញ​អាវុធ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ។ ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​បាន​បញ្ចប់​កាលពី​ខែ​កញ្ញា ហើយ​ទីភ្នាក់ងារ​ប្រឆាំង​នឹង​ភេរវជន​បាន​ផ្តល់​ព័ត៌មាន​អំពី​ជន​នេះ​លើក​ចុង​ក្រោយ​គឺ​កាល​ពី​ខែ​វិច្ឆិកា។
ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ជន​នេះ​ត្រូវ​បាន​បដិសេធ​កាល​ពី​៦ខែ​មុន ប៉ុន្តែ​ជន​នេះ​មិន​ត្រូវ​បាន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ ទុយនីស៊ី​វិញ​នោះ​ទេ ដោយ​សារ​តែ​មាន​បញ្ហា​ឯកសារ៕​

XS
SM
MD
LG