ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​លើ​ការ​​ជួប​ជុំ​គ្នា​មួយ​ក្នុង​ក្រុង​កាប៊ុល​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​​​សម្លាប់​មនុស្ស​៨០​នាក់


បុរស​ម្នាក់​ដែល​ត្រូវ​របួស​​ក្នុង​ការ​វាយប្រហារ​ដ៏ប្រល័យ​មួយ​លើ​ហ្វូង​បាតុករ​អំបូរ Hazaras ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃសៅរ៍ ទី​២៣ ខែ​កក្កដា។
បុរស​ម្នាក់​ដែល​ត្រូវ​របួស​​ក្នុង​ការ​វាយប្រហារ​ដ៏ប្រល័យ​មួយ​លើ​ហ្វូង​បាតុករ​អំបូរ Hazaras ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃសៅរ៍ ទី​២៣ ខែ​កក្កដា។

ពួក​ភេរវជន​រដ្ឋ​ឥស្លាម​ បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ក្រុង​កាប៊ុល​ កាល​ពី​ថ្ងៃ​សៅរ៍​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ស្លាប់​ និង​ធ្វើឱ្យ​មនុស្ស​រាប់​រយ​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​ហែ​ក្បួន​ធ្វើការ​តវ៉ា​ធំមួយ។​

គេហទំព័រ​មួយ​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​ភេរវជន​រដ្ឋ​ឥស្លាម​ បានអះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​អំពើ​ហិង្សានេះ។ សេចក្តី​ថ្លែងការណ៍​មួយ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​មាន​គោល​ដៅ​ព្រមានពួក​ជន​អំបូរ ​Hazaras នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ និកាយ​ Shia ​ឱ្យ​ឈប់​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​ បញ្ជាក់​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​បី​នាក់​បាន​ធ្វើការ​វាយ​ប្រហារ​លើ​ពួក​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ថ្លែង​ថា ​អ្នក​ធ្វើការ​វាយ​ប្រហារ​ម្នាក់​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​របស់​ក្នុង​ចំណោម​ពួក​បាតុករ​ ម្នាក់​ទៀត​បាន​សម្លាប់​ខ្លួន​ឯង​ដោយ​ការ​ភ័ន្ត​ច្រឡំ​ ហើយ​ជន​ទី​បី​បាន​ត្រូវ​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​ដែល​យាម​ការពារ​ការ​ហែក្បួន​នោះ។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួក​ជន​អំបូរ​ Hazaras រាប់​ពាន់​នាក់​បាន​ដើរ​នៅ​តាម​ផ្លូវ​ទាមទារ​សុំ​ឱ្យ​គេ​បង្វែរ​ខ្សែ​ភ្លើងអគ្គិសនី​ដែល​គេ​គ្រោង​ដាក់​ឱ្យ​កាត់​តាម​ខេត្ត​ Bamiyan​ ក្រី​ក្រ​របស់​ពួក​គេ​ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​ប្រទេស​អាហ្វហ្គានីស្ថាន។

ពួក​ការពារ​សិទ្ធិ​មនុស្ស​ និងពួក​អ្នក​ធ្វើវិភាគ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​អ៊ីរ៉ង់​ ថា​បាន​ជ្រើស​រើស​និង​ហ្វឹកហ្វឺន​ពួក​បុរសពី​ក្នុង​ចំណោម​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​ ជិត​បី​លាន​នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ជន​ភៀសខ្លួន​បាន​ចុះ​ឈ្មោះ​ប្រមាណ​មួយ​លាន​នាក់​ផង​ ហើយ​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ស៊ីរី​ឱ្យ​រួមប្រយុទ្ធ​ជាមួយ​កង​កម្លាំង​រដ្ឋាភិបាល។​

លោក​ប្រធានាធិបតី​ Ashraf Ghani ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ​ថា​ ជា​សកម្មភាព​របស់ «ពួក​ភេរវជន​និង​ពួក​ឱកាស​និយម»​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ដើម្បី​ផ្តល់​សន្តិសុខ​ដល់​ពួក​បាតុករ។

លោក​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ក៏​ប៉ុន្តែ​ពួក​ភេរវជន​បាន​ចូល​ក្នុង​បាតុកម្ម​នោះ​ហើយ​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​ដែល​បាន​បណ្តាល​ឱ្យស្លាប់​ពលរដ្ឋ​មួយ​ចំនួន​ដែល​ក្លាយ​ទៅ​ជា​ទុក្ករបុគ្គល​ហើយ​នាំ​ឱ្យ​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​របួស​ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​សមាជិក​នៃ​កង​កម្លាំង​ខាង​សន្តិសុខ​ និង​ខាង​ការពារ​ប្រទេស​ផង​ដែរ»។

ថ្លែង​ទៅ​កាន់ការ​ប្រជុំ​មួយ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ជាមួយ​ពួកមេដឹក​នាំ​ Hazara ​លោក ​Ghani ​បាន​ប្តេជ្ញា​ថា​នឹង​យក​ពួក​ជន​ទទួល​ខុស​ត្រូវ​ដែល​បានវាយ​ប្រហារ​នេះ​ទៅ​ឱ្យ​តុលាការ​កាត់​ទោស​ហើយ​លោក​បាន​ប្រកាស​ថ្ងៃ​អាទិត្យ​នេះ​ថា​ជា​ទិវា​កាន់​ទុក្ខជាតិ​ដោយ​មាន​ការ​សូត្រធម៌​ពិសេស​សម្រាប់​ពួកជន​រង​គ្រោះ​នៅ​ក្នុង​ព្រះ​វិហារឥស្លាម​ ផង​ដែរ៕

XS
SM
MD
LG