ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី Rouhani នៃ​ប្រទេស​អ៊ីរ៉ង់​អាចប្រឈម​នឹងការ​ប្រឆាំង​​ក្នុង​ព្យាយាម​ជាប់​ឆ្នោត​ឡើង​វិញ


អ្នក​បោះឆ្នោត​ទៅ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត និង​ប្រធានាធិបតី​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

ពលរដ្ឋ​អ៊ីរ៉ង់​កំពុង​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី។

លោក​ប្រធានាធិបតី​ Hassan Rouhani ដែល​កំពុង​កាន់​តំណែង​ អាច​ប្រឈម​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​អភិរក្ស​និយម ដែល​បាន​រិះគន់​ការ​ចាត់​ចែង​របស់​លោក​ទាក់​ទង​នឹង​រឿង​សេដ្ឋកិច្ច​ និង​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​បស្ចិម​ប្រទេស។

លោក​ Rouhani ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​ដែល​នាំ​ឲ្យ​មាន​ការ​បន្ធូរ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់ សម្រាប់​អនាគត​របស់​លោក​ក្នុង​ឆាក​នយោបាយ។ ក៏​ប៉ុន្តែ​គូ​ប្រឆាំង​របស់​លោក គឺ​លោក​ Ebrahim Raisi ​បាន​រិះគន់​កិច្ច​ព្រម​ព្រៀង​នោះ ពី​ព្រោះ​នៅ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​សេវា​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជាបន្ត។ លោក​ Rouhani ត្រូវ​បានអ្នក​វិភាគ​នយោបាយមើល​ឃើញ​ថា​មាន​ប្រៀប​ជាង ហើយ​ការ​ស្ទង់​មតិ​តូចៗ​កន្លង​មក ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ដូច្នេះ​ដែរ។ ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីរ៉ង់​កន្លង​មក ប្រធានាធិបតី​កំពុង​កាន់​តំណែង​ តែង​តែ​ឈ្នះ​ឆ្នោត​ឡើង​វិញ តាំង​ពី​ឆ្នាំ​១៩៨១​មក។ ប៉ុន្តែ​បើ​សិនជា​លោក​ Rouhani ​មិន​បាន​ទទួល​សំឡេង​ភាគច្រើន នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ក្នុង​ចំណោម​បេក្ខជន​៤​នាក់​នោះ អ្នក​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​លើស​គេ​២​នាក់ នឹង​ត្រូវ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោតផ្តាច់​ព្រាត់ នៅ​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG