ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីរ៉ង់​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក ដោយ​ការ​ដាក់​ទណ្ឌកម្ម​តប​ទៅ​វិញ


មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​ត្រូវ​បាន​គេ​បាញ់​នៅ​ក្នុង​សមយុទ្ធ​យោធា​នៅ​ក្រុង Bushehr ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​មាន​គម្រោង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ក្រុមហ៊ុន​អាមេរិកាំង​ចំនួន ៩ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា ការ​សម្រេចចិត្ត «ដោយ​ខុស​ច្បាប់ មិន​អាច​ទទួល​យក​បាន» របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទាំង​នោះ បាន​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​តាម​រយៈ​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​នឹង​អំពើ​ឧក្រិដ្ឋ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន ឬ​ក៏​ជាមួយ​នឹង​ការ​គាំទ្រ​ពួក​ភេរករ​ជា​ដើម។ សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​ប្រកាស​ឈ្មោះ​របស់​បុគ្គល និង​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ទាំង​នោះ នា​ពេល​ក្រោយ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​លើ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់ ២ នាក់ ក្រុមហ៊ុន​អ៊ីរ៉ង់​មួយ និង​សមាជិក​នៃ​បណ្ដាញ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន។

លោក Steven T. Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​ទាំង​នោះ សំដៅ​លើ​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់ និង​បណ្ដាញ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ដែល​ផ្ដល់​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​ស៊ីរី និង​ផ្ដល់​ឧបករណ៍​នានា​ដល់​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​នឹង​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿងរ៉ាវ​ណា ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់»។

លោក Stuart Jones មន្ត្រី​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា បាន​និយាយ​ថា កម្មវិធី​មីស៊ីល​របស់​ប្រទេស​អ៊ីរ៉ង់​រំលោភ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG