ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ខាង​អំពើ​ប្រល័យ​ពូជសាសន៍​ថា ទស្សនៈ​ចង្អៀតចង្អល់​ចំពោះ​មនុស្ស​ដទៃ​អាច​ជា​មូលហេតុ​នៃ​អំពើ​ហិង្សា


គម្រប​សៀវភៅ “Man or Monster?” ដែល​និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ Alexander Hinton។ (រូបថត​ផ្តល់​ឲ្យ​ដោយ Alexander Hinton)

បញ្ហា​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​សៀវភៅ​នេះ គឺ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ចំណង​ជើង​របស់​សៀវភៅ​នេះ ដែល​មាន​ចំណង​ជើង​ថា «មនុស្សជាតិ ឬ​សត្វ​ចម្លែក? ការ​ជំនុំ​ជម្រះ​លើ​អ្នក​ធ្វើ​ទណ្ឌកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម» ដែល​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា (Man or Monster? The Trial of a Khmer Rouge Torturer)។

កំណត់​និពន្ធ៖ ក្នុង​នាម​ជា​អ្នក​ជំនាញ​ផ្នែក​អំពើ​ប្រល័យ​ពូជសាសន៍​ដ៏​ល្បីល្បាញ​មួយ​រូប លោក​បណ្ឌិត Alexander L. Hinton គឺ​ជា​សាស្ត្រាចារ្យ​នរវិទ្យា​នៅ​សាកលវិទ្យាល័យ Rutgers University ក្នុង​ទីក្រុង Newark រដ្ឋ New Jersy សហរដ្ឋ​អាមេរិក។ លោក​ក៏​ជា​នាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​សិទ្ធិ​មនុស្ស និង​ជា​ប្រធាន​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​នៅ​សាកលវិទ្យាល័យ Rutgers ផង​ដែរ។ សៀវភៅ​ចុង​ក្រោយ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «មនុស្ស​ជាតិ ឬ​សត្វ​ចម្លែក? ការ​ជំនុំ​ជម្រះ​លើ​អ្នក​ធ្វើ​ទណ្ឌកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម» ដែល​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា "Man or Monster? The Trial of a Khmer Rouge Torturer" គឺ​ជា​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដែល​មិនមែន​ត្រឹម​តែ​ផ្ដោត​លើ​សមមិត្ត ឌុច ដែល​ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស២១ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​ដែល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​រហូត​ដល់​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដោត​លើ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជ្រើសរើស​យក​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ហួស​ហេតុ និង​ការ​មិន​ផ្ដល់​តម្លៃ​ដល់​មនុស្ស​ទូទៅ​ផង​ដែរ។ លោក​បណ្ឌិត Hinton បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​លោក ភី សុភាដា នៃ​ VOA តាម​រយៈ​ទូរស័ព្ទ​អំពី​សៀវភៅ​នេះ។ ​តទៅ​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​បទ​សម្ភាសន៍​នេះ​ជា​ភាសា​ខ្មែរ៖

(ចុច​ស្តាប់​បទ​សម្ភាសន៍​ជា​ភាសា​ខ្មែរ​ខាង​ក្រោម​នេះ)

VOA៖ តើ​បញ្ហា​សំខាន់ៗ​អ្វី​ខ្លះ ដែល​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​សៀវភៅ​របស់​លោក?

Alexander L. Hinton៖ បញ្ហា​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​សៀវភៅ​នេះ គឺ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ចំណង​ជើង​របស់​សៀវភៅ​នេះ ដែល​មាន​ចំណង​ជើង​ថា «មនុស្សជាតិ ឬ​សត្វ​ចម្លែក? ការ​ជំនុំ​ជម្រះ​លើ​អ្នក​ធ្វើ​ទណ្ឌកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម» ដែល​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា (Man or Monster? The Trial of a Khmer Rouge Torturer)។ ប៉ុន្តែ​ជា​ចម្បង សៀវភៅ​នេះ​និយាយ​ពី​លោក ឌុច ការ​ធ្វើ​ទារុណកម្ម​កាលពី​អតីតកាល​របស់​លោក និង​មន្ទីរ​សន្តិសុខ​ ស២១ ដែល​គាត់​គ្រប់គ្រង ដែល​បច្ចុប្បន្ន​នេះ​ជា​សារមន្ទីរ​ទួលស្លែង។ សៀវភៅ​នេះ​ក៏​លើក​ឡើង​អំពី​តុលាការ​ខ្មែរ​ក្រហម​ដែល​បាន​កាត់​ទោស​លោក ឌុច និង​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា​យុត្តិធម៌។ ប៉ុន្តែ ប្រសិនបើ​និយាយ​ឲ្យ​ទូលំ​ទូលាយ​ជាង​នេះ​ទៅ​ទៀត សៀវភៅ​នេះ​ក៏​ផ្ដោត​លើ​សារជាតិ​របស់​មនុស្ស និង​ផ្ដោត​លើ​បញ្ហា​ថា​ តើ​អតីតកាល​របស់​គាត់​អាច​នឹង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អតីតកាល​របស់​យើង​នោះ​ទេ ដោយសារតែ​នៅ​ក្នុង​ការ​រស់នៅ​របស់​យើង​សព្វថ្ងៃ យើង​ចូលចិត្ត​វាយ​តម្លៃ និង​បែងចែក​ប្រភេទ​មនុស្ស​ងាយ​ស្រួល​ពេក គឺ​មិន​សូវ​ផ្ដោត​តម្លៃ​ខ្លាំង​លើ​ចំណុច​ល្អ​របស់​បុគ្គល​ដែល​យើង​វាយ​តម្លៃ​នោះ​ទេ។

លោក​បណ្ឌិត Alexander Laban Hinton អ្នកនិពន្ធ​សៀវភៅ «Man or Monster? The Trial of a Khmer Rouge Tribunal‍»។ (រូប​ផ្តល់​ឲ្យ​ដោយ Lawrence Lerner)

លោក​បណ្ឌិត Alexander Laban Hinton អ្នកនិពន្ធ​សៀវភៅ «Man or Monster? The Trial of a Khmer Rouge Tribunal‍»។ (រូប​ផ្តល់​ឲ្យ​ដោយ Lawrence Lerner)

VOA៖ តើ​អ្វី​ខ្លះ​ជា​ចំណុច​សំខាន់​ដែល​លោក​គិត​ថា អ្នក​អាន​អាច​សិក្សា​ស្វែង​យល់​ពី​សៀវភៅ​របស់​លោក​បាន?

Alexander L. Hinton៖ នៅ​ក្នុង​ន័យ​មួយ ប្រសិនបើ​និយាយ​តាម​បែប​ប្រវត្តិសាស្ត្រ និង​នរវិទ្យា​វិញ សៀវភៅ​នេះ​និយាយ​អំពី​លោក ឌុច ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ហើយ​នឹង​អតីតកាល​របស់​លោក​ដែល​នាំ​ឲ្យ​លោក​ក្លាយ​ជា​ប្រធាន​ពន្ធនាគារ ស២១ និង​ឈាន​ដល់​ការ​កាត់​ទោស​លោក​នៅ​តុលាការ​ខ្មែរ​ក្រហម។ សៀវភៅ​នេះ​ក៏​ពិភាក្សា​អំពី​តុលាការ​ខ្មែរ​ក្រហម ដំណើរការ​យុត្តិធម៌ និង​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

ប៉ុន្តែ សារ​ជា​ថ្មី​ម្ដង​ទៀត ប្រសិនបើ​យើង​ក្រឡេក​មើល​លើ​ចំណង​ជើង​របស់​សៀវភៅ​នេះ វា​គឺ​ជា​សំណួរ​ដែល​យើង​ចោទ​សួរ​លើ ឌុច ប៉ុន្តែ វា​ក៏​ជា​សំណួរ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​យើង​ផង​ដែរ។ កាលណា​យើង​មើល​គាត់​តាម​វិធី​នេះ គឺ​យើង​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គិត​រាក់ៗ​ពេក​ក្នុង​ការ​វាយ​តម្លៃ​ទៅ​លើ​មនុស្ស ដែល​នេះ​ជា​ការ​គិត ដែល​ជន​ឧក្រិដ្ឋ​ប្រើ​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ជន​រងគ្រោះ។

ខ្ញុំ​ចង់​បកស្រាយ​វា​បន្តិច។ គម្រប​សៀវភៅ​នេះ​គឺ​ជា​រូបថត​នៅ​សារមន្ទីរ​ទួលស្លែង ដែល​ត្រូវ​បាន​គេ​គូស​ក្រវេមក្រវាម​ពី​លើ ដោយ​មាន​សរសេរ​ពាក្យ​មួយ​ចំនួន​ដូចជា​ពាក្យ​ថា «បិសាច» «ចុះ​នរក» និង​ពាក្យ​ផ្សេងៗ​ទៀត។ សារ​ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ពាក្យ​ដែល​គូស​ក្រវេមក្រវាម​លើ​សៀវភៅ​នេះ​ណាស់ ដោយសារ​តែ​វា​បង្ហាញ​ថា យើង​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គិត​រាក់ៗ​ពេក ដែល​ការ​គិត​បែប​នេះ​អាច​បណ្ដាល​ឲ្យ​មាន​លក្ខណៈ​ជ្រុល​ហួស​ហេតុ ដូច​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​កន្លែង​ដូចជា​គុក​ទួលស្លែង និង​កន្លែង​ធ្វើ​ទារុណកម្ម​ផ្សេងៗ​ទៀត​ជា​ដើម​នោះ ដែល​នៅ​កន្លែង​ទាំង​នោះ មនុស្ស​យើង​មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ឲ្យ​មាន​ហ្មត់ចត់​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ គឺ​ត្រូវ​គេ​វាយ​តម្លៃ​សើៗ ដែល​ការ​ធ្វើ​បែប​នេះ គឺ​ងាយ​ស្រួល​ក្នុង​ការ​ឲ្យ​យើង​ធ្វើ​បាប​មនុស្ស​ដទៃ​ទៀត​ណាស់ ដែល​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា «ភាព​សើៗ​នៃ​ការ​គិត​រាល់​ថ្ងៃ​របស់​មនុស្ស»។

VOA៖ លោក​ប្រើ​ពាក្យ «ភាព​សើៗ​នៃ​ការ​គិត​រាល់​ថ្ងៃ​របស់​មនុស្ស» នៅ​ក្នុង​សៀវភៅ​របស់​លោក។ តើ​លោក​ចង់​បាន​ន័យ​យ៉ាង​ដូចម្ដេច?

Alexander L. Hinton៖ អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ដែល​បាន​ស្វែងរក​មូលហេតុ ឬ​កត្តា​ផ្សេងៗ​ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍ ឬ​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​កើត​ឡើង​នោះ បាន​ធ្វើ​ការ​សន្និដ្ឋាន​ជា​រួម​ថា កត្តា​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​កើត​ឡើង​បាន​មាន ​ដូចជា​ស្ថានការណ៍​ចលាចល​នៅ​ក្នុង​ប្រទេស ស្ថានការណ៍​ដែល​ពលរដ្ឋ​មាន​ទស្សនៈ​បែងចែក​បក្ខពួក និង​ស្ថានការណ៍​ដែល​មនុស្ស​ប្រកាន់​ទស្សនៈ​ស្អប់​គុំកួន​គ្នា​ជា​ដើម។

ដូច្នេះ យើង​ឃើញ​មាន​ស្ថានការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​ក្នុង​បរិបទ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​និង​ស្ថានការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​មុន​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ ដូចជា​សង្គ្រាម​ស៊ីវិល សង្គ្រាម​នៅ​វៀតណាម ហើយ​និង​ភាព​ចលាចល​សេដ្ឋកិច្ច​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ មនុស្ស​ទូទៅ​ស្វែងរក​សារ​ថ្មីៗ​ដែល​ផ្ដល់​អត្ថន័យ​ប្រសើរ​ជាង​ស្ថានការណ៍​ដែល​ពួកគេ​ជួប​ប្រទះ​ទាំង​នេះ ហើយ​ពួក​មនោគម​វិជ្ជា​នានា​ផ្ដល់​សារ​ទាំង​នេះ។ សារ​ទាំង​នោះ​តែង​តែ​កើត​ឡើង​ដោយសារ​រឿង​ផ្សេងៗ ដូចជា​យុត្តិធម៌​សង្គម​ជា​ដើម។ ប៉ុន្តែ ប្រសិនបើ​យើង​គិត​ពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​វិញ យើង​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ក្រហម​មាន​គោល​បំណង​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​ប្រសើរ​ជាង​មុន។

គម្រប​សៀវភៅ “Man or Monster?” ដែល​និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ Alexander Hinton។ (រូបថត​ផ្តល់​ឲ្យ​ដោយ Alexander Hinton)

គម្រប​សៀវភៅ “Man or Monster?” ដែល​និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ Alexander Hinton។ (រូបថត​ផ្តល់​ឲ្យ​ដោយ Alexander Hinton)

VOA៖ តើ​យុត្តិធម៌​មាន​ន័យ​យ៉ាង​ដូចម្ដេច សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម?

Alexander L. Hinton៖ នេះ​ជា​សំណួរ​ស្មុគស្មាញ​ណាស់។ ខ្ញុំ​មិន​ចង់​ឆ្លើយ​សំណួរ​នេះ​ជំនួស​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ នេះ​ជា​រឿង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​សម្រេច​ចិត្ត​ខ្លួន​ឯង ហើយ​វា​ក៏​ជា​សំណួរ​បែប​លក្ខណៈ​បុគ្គល​ផង​ដែរ ដូច្នេះ​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ឆ្លើយ​សំណួរ​នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់។

ប៉ុន្តែ ប្រសិនបើ​និយាយ​ឲ្យ​ទូលំ​ទូលាយ​ជាង​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ ហាក់​ដូច​ជា​មាន​បំណង​ដ៏​ពិត​ប្រាកដ​មួយ​ក្នុង​ការ​ចង់​បាន​យុត្តិធម៌។ តើ​អ្វី​ដែល​ហៅ​ថា​យុត្តិធម៌​នោះ ជា​សំណួរ​ដ៏​ទូលំ​ទូលាយ​មួយ ហើយ​មនុស្ស​ទូទៅ​ក៏​មាន​ចម្លើយ​ផ្សេងៗ​គ្នា​ផង​ដែរ​ចំពោះ​សំណួរ​នេះ។

ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​ហាក់បីដូចជា​ចង់​បាន​យុត្តិធម៌​មួយ​ប្រភេទ ដែល​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ហើយ​ចង់​ស្វែងយល់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​កើត​ឡើង។ ដែល​ចំណុច​នេះ​ឈាន​ទៅ​ដល់​សំណួរ​ដែល​ចោទ​សួរ​ថា «តើ​យុត្តិធម៌​មាន​ន័យ​ដូចម្ដេច?» ហើយ​មនុស្ស​ទូទៅ​ឲ្យ​និយមន័យ​ផ្សេងៗ​គ្នា​ចំពោះ​ពាក្យ​ថា​យុត្តិធម៌​នេះ។

យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ គឺ​ជា​យុត្តិធម៌​ដែល​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ដែល​មាន​កម្រិត​ស្តង់ដារ​ខ្ពស់។ លោកស្រី Hannah Arendt ចង់​សំដៅ​ដល់​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​បែប​នេះ។

ទាក់ទង​នឹង​សំណួរ​អំពី​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម មនុស្ស​ទូទៅ​ក៏​ឆ្លើយ​សំណួរ​នេះ​ផ្សេងៗ​គ្នា​ដែរ។ ខ្ញុំ​គិត​ថា វា​ច្បាស់​ណាស់​ថា វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ​ក្នុង​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​អស់។ ឧទាហរណ៍ នៅ​ក្នុង​ប្រទេស Rwanda ប្រទេស​នេះ​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់​មុន​នឹង​ឈាន​ដល់​ការ​បង្កើត​តុលាការ​កាត់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កើត​ឡើង​កាល​ពី​ទសវត្ស​១៩៩០​នោះ។ ប្រទេស Rwanda ប្រើប្រាស់​ទម្រង់​មួយ​នៃ​យុត្តិធម៌​បែប​សហគមន៍ ដែល​យុត្តិធម៌​បែប​នេះ​ក៏​អាច​ជា​រឿង​មួយ​ដែល​អាច​ទៅ​រួច​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ វា​នឹង​មិន​ទំនង​ជា​កើត​ឡើង​នោះ​ទេ។

VOA៖ តើ​លោក​គិត​ថា តុលាការ​ខ្មែរ​ក្រហម​ទទួល​បាន​ជោគជ័យ​ខ្លះ​ដែរ​ទេ?

Alexander L. Hinton៖ បាទ ខ្ញុំ​គិត​ថា​អញ្ចឹង ដោយ​ហេតុ​ថា​មិន​មាន​តុលាការ​ណា​មួយ​អាច​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នោះ​ទេ។ យុត្តិធម៌​អន្តរជាតិ​ដែល​ស្ថិត​នៅ​ក្នុង​បរិបទ​សម្ពាធ​នយោបាយ​ខ្លាំងក្លា​បែប​នេះ តែងតែ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ល្អក​កករ​ដោយសារ​បញ្ហា​នយោបាយ​ក្នុង​កម្រិត​មួយ ដោយ​ក្នុង​កម្រិត​ណា​នោះ យើង​មិន​ដឹង​ទេ។ ដូច្នេះ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​ចង់​និយាយ​ថា មិន​មាន​យុត្តិធម៌​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ តុលាការ​ខ្មែរ​ក្រហម​យ៉ាង​ហោច​ណាស់​បាន​ផ្ដល់​យុត្តិធម៌​សមរម្យ​មួយ ហើយ​យុត្តិធម៌​បែប​នោះ គឺ​វា​ប្រសើរ​ជាង​ការ​មិន​ទទួល​បាន​យុត្តិធម៌​អ្វី​ទាំង​អស់។

VOA៖ អ្នក​អង្កេត​ស្ថានការណ៍​មួយ​ចំនួន​មាន​ចម្ងល់​អំពី​សារៈសំខាន់​របស់​តុលាការ​ខ្មែរ​ក្រហម​នេះ​ចំពោះ​ពលរដ្ឋ​កម្ពុជា។ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​បែប​នេះ?

Alexander L. Hinton៖ នេះ​ជា​សំណួរ​ដ៏​ល្អ​មួយ។ ប្រសិនបើ​ខ្ញុំ​សួរ​បញ្ច្រាស​មក​វិញ ហើយ​និយាយ​ថា តើ​អ្នក​ភ្ញាក់ផ្អើល​ឬ​ទេ ប្រសិនបើ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការងារ​របស់​តុលាការ​ខ្មែរ​ក្រហម​នោះ គឺ​រឿង​នេះ​ពិតជា​រឿង​ដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ។

ខ្ញុំ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ទើប​តែ​ធ្វើ​ការ​បោះឆ្នោត​ហើយ។ នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ មនុស្ស​ពាក់​កណ្ដាល​មិន​បាន​ទៅ​បោះឆ្នោត​នោះ​ទេ ដោយសារ​មូលហេតុ​ផ្សេងៗ​គ្នា។ មាន​គោលបំណង​ពីរ គឺ​មួយ គោល​បំណង​ក្នុង​រយៈពេល​ខ្លី និង​មួយ​ទៀត គោល​បំណង​រយៈពេល​វែង។ គោលបំណង​រយៈពេល​វែង​មាន​ចំនួន​ពីរ​ចំណុច។ ចំណុច​ទី​មួយ​គឺ​ទាក់​ទង​នឹង​ផ្នែក​ច្បាប់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចំណុច​មួយ​ទៀត​គឺ​ការ​បង្រៀន​មនុស្ស។ ខ្ញុំ​នឹង​មាន​ការ​ភ្ញាក់ផ្អើល ប្រសិនបើ​ពលរដ្ឋ​មិន​បារម្ភ​ពី​ជីវភាព​របស់​ពួកគេ ដោយសារ​តែ​វា​សំខាន់​ខ្លាំង​ណាស់។

លទ្ធផល​នៃ​យុត្តិធម៌​អន្តរជាតិ​ជារឿយៗ​ត្រូវ​បាន​គេ​ពន្លើស។ មាន​បញ្ហា​ជាក់លាក់​ក្នុង​ការ​គ្រប់គ្រង​ការ​រំពឹង​ទុក ហើយ​ខ្ញុំ​គិត​ថា មនុស្ស​ទទួល​ស្គាល់​ថា ការ​កាត់​ទោស​អាច​ត្រូវ​ការ​ជំហាន​ជាក់លាក់​មួយ​ចំនួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ ក៏​ត្រូវ​លើក​កម្ពស់​ការ​ផ្សះផ្សារ​ ហើយ​និង​ត្រូវ​បង្កើន​ការ​យល់​ដឹង​ផង​ដែរ។

ប្រសិនបើ​អ្នក​មាន​គោលបំណង​តិចតួច យុត្តិធម៌​ត្រឹមត្រូវ​ដែល​តុលាការ​ខ្មែរ​ក្រហម​អាច​ផ្ដល់​ឲ្យ​ អាច​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទូទៅ ទោះបីជា​មាន​ភាព​ចម្រូងចម្រាស​ដែល​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​របស់​តុលាការ ដែល​យើង​គួរតែ​យក​មក​ពិចារណា​ក៏​ដោយ។

VOA៖ តើ​លោក​គិត​ថា ពលរដ្ឋ​កម្ពុជា​នៅតែ​បន្ត​ដំណើរ​ជីវិត​របស់​ពួកគេ​ទៅ​មុខ​ដដែល ទោះបីជា​ពួកគេ​នៅ​មាន​របួស​ផ្លូវ​ចិត្ត​ក៏ដោយ ឬ​ក៏​យ៉ាង​ណា​ដែរ?

Alexander L. Hinton៖ ខ្ញុំ​គិត​ថា យើង​មិន​មាន​ស្ថានភាព​ដែល​ពេល​ខ្លះ បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​តាំង​ពី​ឆ្នាំ១៩៧៩​មក រស់នៅ​ក្នុង​ស្ថានការណ៍​នៃ​វិបត្តិ​ផ្លូវ​ចិត្ត ឬ​ក៏​ទទួល​ស្គាល់​និង​ដោះស្រាយ​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​ពួកគេ​ជួប​ប្រទះ​នោះ​ទេ។ ខ្ញុំ​គិត​ថា ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​កម្ពុជា​ជាច្រើន​ដែល​បាន​បន្ត​ដំណើរ​ជីវិត​រស់​នៅ​របស់​ពួកគេ​តាម​បែប​ផ្សេងៗ​គ្នា អាច​ដោះស្រាយ​បញ្ហា​ឈឺចាប់​កាល​ពី​អតីតកាល​របស់​ពួកគេ។

វា​ច្បាស់​ណាស់​ថា មនុស្ស​មួយ​ចំនួន​មាន​របួស​ផ្លូវ​ចិត្ត ប៉ុន្តែ ខ្ញុំ​គិត​ថា មនុស្ស​ភាគច្រើន​មិន​មែន​អញ្ចឹង​ទាំង​អស់​នោះ​ទេ។ ជួនកាល ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា បាន​បង្ហាញ​រឿង​នេះ​ក្នុង​លក្ខណៈ​យ៉ាង​ដូច្នេះ។ នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ១៩៧៩ បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​អាច​នឹង​បន្ត​ទៅ​អនាគត​ទៀត។

មាន​កិច្ចប្រឹងប្រែង​ផ្នែក​អប់រំ​នានា​ត្រូវ​បាន​ធ្វើ​ឡើង ដូចជា​ការ​បង្រៀន​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​តាម​រយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ការ​អនុវត្ត​គម្រោង​ផ្ដួចផ្ដើម​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ដោយ​សង្គម​ស៊ីវិល និង​គម្រោង​ផ្ដល់​សំណង​មួយ​ចំនួន​ដែល​អាច​នឹង​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ជា​ដើម។ វា​ជា​ជំហាន​មួយ តែ​វា​មិន​មែន​ជា​ជំហាន​តែ​មួយ​នោះ​ទេ។

មាន​ជំហាន​ជាច្រើន​ដែល​បាន​ធ្វើ​ឡើង​មុន​នេះ ហើយ​នឹង​មាន​ជំហាន​ជា​ច្រើន​ទៀត​ដែល​នឹង​ត្រូវ​ធ្វើ​បន្ទាប់​ពី​នេះ។ នេះ​ជា​ជំហាន​មួយ​ក្នុង​ដំណើរការ​ទាំង​មូល។ យើង​សរសើរ​ដល់​អ្វី​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ធ្វើ ទោះ​បី​ជា​យើង​ឃើញ​មាន​បញ្ហា​នានា​ដែល​បាន​កើត​ឡើង ដែល​បញ្ហា​ទាំង​នេះ​ត្រូវ​ការ​ការ​ទទួល​ស្គាល់ និង​ការ​ពិភាក្សា​ក៏​ដោយ។

VOA៖ តើ​លោក​មាន​យោបល់​អ្វី​ចុង​ក្រោយ​ដែរ​ឬ​ទេ?

Alexander L. Hinton៖ ខ្ញុំ​សង្ឃឹម​ថា​ សៀវភៅ​នេះ​នឹង​ត្រូវ​បាន​បកប្រែ​ជា​ភាសាខ្មែរ។ វា​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ ប្រសិនបើ​វា​អាច​អញ្ចឹង​មែន ដោយសារ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​អាច​អាន​វា​បាន។ នា​ពេល​បច្ចុប្បន្ន​នេះ សៀវភៅ​នេះ​មាន​តែ​ជា​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ។ ដូច​ខ្ញុំ​បាន​និយាយ​អញ្ចឹង ក្រៅ​ពី​មាន​មេរៀន​អំពី​ប្រវត្តិសាស្ត្រ សៀវភៅ​នេះ​ក៏​មាន​មេរៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​មនុស្ស​ជាតិ ដែល​ជា​និយមន័យ​មួយ​ស្រប​ជាមួយ​នឹង​ទស្សនៈ​ព្រះ​ពុទ្ធសាសនា នៅ​ក្នុង​ស្ថានការណ៍​ដែល​ថា អ្នក​មាន​ភាព​អាត្មា​និយម និង​បំណង​ក្នុង​ការ​គាំទ្រ​ភាព​អាត្មានិយម​របស់​អ្នក​ដែល​ឈាន​ដល់​ការ​មាន​ការ​ផ្សារភ្ជាប់។

ប៉ុន្តែ សារ​ជា​ថ្មី​ម្ដង​ទៀត គោល​គំនិត​នៃ​ការ​ចង់​លុប​បំបាត់​អ្វី​មួយ គឺ​ជា​គំនិត​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​មនុស្ស​ជាតិ​ដទៃ​ទៀត ដោយ​ការ​ព្យាយាម​តាម​តែ​យើង​អាច​ធ្វើ​ទៅ​បាន ដែល​មិន​មែន​ជា​ការ​គិត​អំពី​មនុស្ស​ដទៃ​ផ្អែក​លើ​ទស្សនៈ​ចង្អៀតចង្អល់​នោះ​ទេ ពី​ព្រោះ​ថា គំនិត​បែប​នេះ​គឺជា​ដើម​ហេតុ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា និង​អំពើ​ប្រល័យ​ពូជ​សាសន៍​កើត​ឡើង៕

XS
SM
MD
LG