ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហាផ្ទៃ​ព្រមាន​​វិធានការ​ផ្លូវ​ច្បាប់​ បើ​សង្គ្រោះជាតិ​មិន​រើស​ថ្នាក់​ដឹកនាំ​ខ្លួន​ឱ្យ​ត្រូវ​តាម​លក្ខន្តិកៈ


លោក ប្រាក់ សំអឿន​ (ឆ្វេង) អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ និង​លោក ប៊ុន ហុន (ស្តាំ) អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី៣​០ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

យោងតាម​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ​ការ​ជ្រើសតាំង​លោក​កឹម សុខា​ ជា​ប្រធាន​ថ្មី ​និង​អនុ​ប្រធាន​ថ្មី​៣​រូប​ទៀត​ គឺ​បំពាន​ទៅ​នឹង​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នេះ ទាំង​ប្រការ​ចាស់ ​និង​ប្រការ​ថ្មី។

ក្រសួង​មហា​ផ្ទៃ​អះអាង​ថា​ ក្រសួង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​លើ​គណបក្ស​សង្គ្រោះជាតិ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​ដែល​បាន​បញ្ជាក់​ថា ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ និង​អនុ​ប្រធាន​ថ្មី​របស់​គណបក្ស​សង្គ្រោះ​នៅ​ក្នុង​សមាជ​នា​ពេល​កន្លង​ទៅ​ គឺ​ខុស​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​នេះ។​

កាល​ពី​ថ្ងៃទី​២ ​ខែ​មីនា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​សមាជ​វិសាមញ្ញ ​ដោយ​បាន​ធ្វើ​វិសោធន​កម្ម​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​ខ្លួន ​និង​បាន​ជ្រើសរើស​លោក​កឹម សុខា​ ជា​ប្រធាន​ថ្មី​របស់​គណបក្ស ​និង​អនុប្រធាន​ថ្មី​ចំនួន​៣រូប ​គឺ​លោក​ប៉ុល ហំម ​លោកស្រី​មូរ សុខហួរ ​និង​លោក​អេង ឆៃអ៊ាង បន្ទាប់ពី​លោក​សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប៊ុន ហុន ​អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះជាតិ ​និង​ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៥ ​និង​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស គឺ​ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នេះ។​

ទោះយ៉ាងណា ​លោក​ថា ​យោងតាម​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ​ការ​ជ្រើសតាំង​លោក​កឹម សុខា​ ជា​ប្រធាន​ថ្មី ​និង​អនុ​ប្រធាន​ថ្មី​៣​រូប​ទៀត​ គឺ​បំពាន​ទៅ​នឹង​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នេះ ទាំង​ប្រការ​ចាស់ ​និង​ប្រការ​ថ្មី។​

លោក​ប៊ុន ហុន ​បាន​អាន​ប្រការ​ទី៤៧​ចាស់​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​ក្រោយការ​លាលែង​របស់​ប្រធាន ​ប្រសិន​អាណត្តិ​ដែល​នៅ​សល់​មាន​រយៈពេល​តិច​ជាង​១៨​ខែ ​អនុ​ប្រធាន​គណបក្ស​ត្រូវ​បំពេញ​តួនាទី​ជា​ប្រធាន​ស្ដីទី​ និង​ជ្រើសរើស​អនុ​ប្រធាន​ថ្មី​ម្នាក់​ដើម្បី​បំពេញ​ការងារ​រហូត​ចប់​អាណត្តិ។​

លោក​បន្ត​ថា ​ចំណែក​ប្រការ​៤៧​ថ្មីនៃ​លក្ខន្តិកៈ​បាន​ចែង​ថា ​ក្រោយ​ការ​លាលែង​របស់​ប្រធាន ​ប្រសិន​អាណត្តិ​ដែល​នៅ​សល់​មាន​រយៈពេល​តិច​ជាង​១៨​ខែ នោះ​អនុ​ប្រធាន​គណបក្ស​១​រូប​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ ត្រូវ​ទទួល​តួនាទី​ជា​ប្រធាន​គណបក្ស ហើយ​បើ​គ្មាន​អនុ​ប្រធាន​គណបក្ស ​គណៈ​កម្មាធិការ​នាយក​ត្រូវ​ជ្រើស​រើស​អនុប្រធាន​គណបក្ស​ថ្មី​យ៉ាង​តិច​១រូប ​ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ ​ដោយ​សំឡេង​៥០​ភាគរយ​បូក​១។​

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​បញ្ជាក់​ថា ​ក្រោយ​ការ​លាលែង​របស់​លោក​សម រង្ស៊ី ​អាណត្តិ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​សល់​រយៈពេល​តិច​ជាង​១៨​ខែ។

លោក​ប៊ុន ហុន ​មាន​ប្រសាសន៍​បន្ត​ថា ​មាត្រា​ទី​១៧​ថ្មី​នៃ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តម្រូវ​ឱ្យគ្រប់​គណបក្ស​នយោបាយ​រៀបចំ​ឱ្យ​មាន​ប្រធាន​ និង​អាច​មាន​អនុប្រធាន​តាម​ការ​ចាំបាច់ ​ហើយ​ត្រូវ​ជ្រើស​រើស​ដោយ​អនុវត្តតាម​លក្ខន្តិកៈ​នៃ​គណបក្ស​ខ្លួន។​

«យើង​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​នូវ​នីតិវិធី​បន្ត​ទៀត ​បន្ទាប់​ពី​អ្វី​ដែល​ជម្រាប​ទៅ​ខាង​គណបក្ស​សង្គ្រោះជាតិ​ហើយ។​ អីចឹង​យើង​នឹង​ពិនិត្យ​លើ​ផ្លូវ​ច្បាប់​អំពី​ថា ​តើ​គណបក្ស​នយោបាយ​ឱ្យ​សិទ្ធិ ​តួនាទី​យើង​ដល់​កម្រិត​ណា ​យើង​អនុវត្ត​ទៅ​តាម​ច្បាប់​ហ្នឹង»។​

បើទោះបី​ជា​ក្រសួង​អះអាង​ថា​ ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៥ ​និង​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នេះ​ក៏ដោយ​ លោក​ប៊ុន ហុន​ ឱ្យ​ដឹង​ថា ​ក្រសួង​នៅ​ពុំ​ទាន់​បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​នេះ​នៅ​ឡើយ​ទេ។ ​លោក​បដិសេធ​មិន​ផ្ដល់​មូលហេតុ​ដែល​ក្រសួង​ពុំ​ទាន់​ទទួល​ស្គាល់​វិសោធន​កម្ម​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ​ នា​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ទោះជា​យ៉ាងណា​ ក្នុង​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​រងគ្រោះ​ដោយសារ​ការ​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​ចាស់​កាល​ពី​ឆ្នាំ​១៩៩៧ លោក​អេង ឆៃអ៊ាង ​ដែល​ទើប​ត្រូវ​បាន​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ​គណបក្ស​សង្គ្រោះជាតិ​នឹង​រក​មធ្យោបាយ​ដោះស្រាយ​សមស្រប​ជា​បន្ត​បន្ទាប់​សម្រាប់​បញ្ហា​នេះ។​

«ដូច្នេះ​រឿង​ធ្វើ​សមាជ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​គឺ​យើង​ចាំ​មើល​ស្ថានភាព​ជាក់​ស្ដែង។ ​ទី​១ ​គណបក្ស​នឹង​ធ្វើ​អ្វីៗ​ឱ្យ​ស្រប​ជាមួយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​បាន​ធ្វើ​វិសោធន​កម្ម ​ព្រោះយើង​ដឹង​ហើយ ​ទោះបី​ច្បាប់​ហ្នឹង​យើង​មិន​គាំទ្រ ​យើង​មិន​បាន​ចូលរួម​ដើម្បី​អនុម័ត​ក៏ដោយ ​ ប៉ុន្តែ​កាល​ណា​ចូល​ជា​ធរមាន​ហើយ ​យើង​ត្រូវ​តែ​គោរព​ច្បាប់​ហ្នឹង​ ហើយ​ច្បាប់​ហ្នឹង​វា​ខ្ពស់​ជាង​លក្ខន្តិកៈ​របស់​គណបក្ស។​ អីចឹង​គឺ​គណបក្ស​នឹង​មាន​លទ្ធភាព​គ្រប់បែប​យ៉ាង​ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់​ហ្នឹង ធ្វើ​យ៉ាង​ម៉េច​ឱ្យ​សមស្រប»។​

យោង​តាម​លោក​ប្រាក់ សំអឿន ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថា​ ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​ថ្នាក់​ដឹកនាំ​ថ្មី​ វា​មិន​ប៉ះពាល់​ដល់​សុពល​ភាព​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ ​ដោយ​លោក​ពន្យល់​ថា ​គណបក្ស​នេះ​ទទួល​បាន​សុពលភាព​តាំង​ពី​ឆ្នាំ​២០១២​មក​ម៉្លេះ៕

XS
SM
MD
LG