ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហាផ្ទៃ​​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​ដក​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ»


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​ (ឡេង ឡែន/VOA)

ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះជាតិ​ទៅលើ​ការ​ប្រើប្រាស់​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​ដក​ពាក្យ​ស្លោក​នេះ​ចេញ។

ក្រសួង​មហាផ្ទៃ​អះអាង​ថា ពាក្យ​ស្លោក​នេះ ផ្ទុយ​នឹង​ស្មារតីនៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មាន​ចំណាត់​ការ​យ៉ាងណា​នោះ​ទេ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ មិន​ព្រម​ដក​ពាក្យ​ស្លោក​នេះ​ចេញ។

ក្រសួង​មហាផ្ទៃ​ស្នើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដក​ចេញ​នូវពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ដែល​មាន​ចែង​នៅ​ក្នុង​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​ប្រឆាំង​នេះ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០១៧នេះ។ ក្រសួង​លើកឡើង​ថា សារ​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ផ្ញើ​ជូន​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ស ខេង លើកឡើង​នៅ​ក្នុង​លិខិត​នេះ​ថា សារ​ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ ព្រមទាំង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ។

លោក ស ខេង ស្នើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ចែង​អនុវត្ត​តាម​សំណើ​នេះ​ «ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ»។

នៅ​ក្នុង​លិខិត​ដដែល​នេះ​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្រាប់​ទៅ​គណបក្ស​ប្រឆាំង​ផងដែរ​ថា សមាជ​វិសាមញ្ញ​បោះឆ្នោត​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន និង​មន្ត្រី​៣​រូប​ផ្សេង​ទៀត​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​នោះ គឺ​បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី​២ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បដិសេធ​អត្ថាធិប្បាយ​បន្ថែម​ថា​តើ​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​ត្រង់​មាត្រា​ណា ឬ​ចំណុច​ណា​នោះ​ទេ។

លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​ VOAនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រសួង​នឹង​រង់ចាំ​ការ​ឆ្លើយតប​ពី​គណបក្ស​សង្គ្រោះជាតិ។ ទោះ​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ថា​ក្រសួង​នឹង​ចាត់​វិធានការ​អ្វី​បន្ត​ទៀត​នោះ​ទេ ករណី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុវត្ត​តាម។

«វិធានការ​ផ្សេងៗ វា​ពាក់ព័ន្ធ​អី​ផ្សេងៗ យើង​អាច​ដឹង​ទាំងអស់​គ្នា។ ឧទាហរណ៍​ថា​មិន​ដូរ អា​ហ្នឹង​អាស្រ័យ​លើ​ គ.ជ.ប (គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត) ទេ។ ការ​បោះឆ្នោត​យ៉ាងម៉េច បេក្ខភាព​ឧទ្ទេសនាម​យ៉ាងម៉េច បាន​មិនបាន​មិនមែន​ក្រសួង​មហាផ្ទៃ​សម្រេច​ទេ អាស្រ័យ​លើ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លោក​សម្រេច»។

ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​ថ្មី​របស់​គណបក្ស​សង្គ្រោះជាតិ ​លោក ខៀវ សុភ័គ បញ្ជាក់​ប្រាប់​ VOA ថា លោក សម រង្ស៊ី បាន​លាលែង​តំណែង​ប្រធាន​គណបក្ស​កាលពី​ខែ​កុម្ភៈ ​គឺ​សល់​រយៈពេល​តិច​ជាង​១៨​ខែ មុន​ចប់​អាណត្តិ។

លោក​ថា យោង​តាម​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​រយៈពេល​តិច​ជាង​១៨​ខែ​ដូចនេះ អនុប្រធាន​គណបក្សត្រូវ​បំពេញ​តួនាទី​ជា​ប្រធាន​ស្ដីទី និង​ជ្រើសរើស​អនុប្រធាន​ថ្មី​ម្នាក់ ដើម្បី​បំពេញ​ការងារ​រហូត​ចប់​អាណត្តិ។

លោក ខៀវ សុភ័គ បន្ត​ទៀត​ថា ការ​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​គណបក្ស​ថ្មី​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រាតែ​រយៈពេល​ដែល​នៅ​សល់​បន្ទាប់​ពី​ការ​លាលែង​របស់​ប្រធាន​នៅ​មាន​រយៈពេល​ច្រើន​ជាង​១៨​ខែ។ ទោះ​យ៉ាង​ណា លោក​ថា នេះ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​ក្រសួង​គ្រាន់​តែ​ជូន​ដំណឹង​ប៉ុណ្ណោះ។

«ស្រេច​តែ​គាត់​ទេ បើ​ខុសៗ​ទៅ។ ទុក​ឱ្យ​ខុស​អ៊ីចឹង​រហូត​ទៅ​វា​មាន​អី ស្រេច​តែ​គាត់​តើ។ យើង​ទៅ​មាន​សិទ្ធិ​អំណាច​ឯណា​ទៅ​បង្ខំ​គាត់ អ្នក​ឯង​ត្រូវ​កែ​តម្រូវ​អី អា​ហ្នឹង​រឿង​ផ្ទៃ​ក្នុង​គាត់​ទេ។ បើ​គាត់​ថា ខុស​ក៏​ខុស តាម​តែ​ខុស​រហូត​ទៅ វា​មាន​ទៅ​ស្អី។ យើង​គ្រាន់​តែ​[ប្រាប់]តើ! យើង​ក៏​អបអរ​សាទរ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​គាត់។ វា​មិន​មែន​ជា​កិច្ច​ការងារ​ប្រទេស​ជាតិ​ឯណា? អា​ហ្នឹង​ផ្ទៃ​ក្នុង​របស់​បក្ស​គាត់​តើ!»។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បដិសេធ​អត្ថាធិប្បាយ​ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​ក្រសួង​មហាផ្ទៃ។ លោក​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណបក្ស​ប្រឆាំង​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​សុំ​ជួប​ប្រជុំ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ឬ​មន្ត្រី​តំណាង​ក្រសួង ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទាំង​២​នេះ។

លោក យឹម សុវណ្ណ ឱ្យ​ដឹង​ទៀត​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ចាត់តាំង​មន្ត្រី​តំណាង​៥​រូប​ទៅ​ប្រជុំ នៅពេល​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ។

«ដើម្បី​ពិភាក្សា​អ្វី​ដែល​សម្ដេច​បាន​លើក[នៅ​ក្នុង​លិខិត] ពី​ព្រោះ​យើង​ឆ្លើយឆ្លង​លិខិត​វា​ពិបាក​ណាស់! យើង​ចង់​ជួប​ផ្ទាល់​ស្រួល​និយាយ​ ឬ​ក៏​បាន​លឿន។ វា​បាន​ខ្លឹមសារ​ទៅវិញ​ទៅមក វា​បាន​ពន្យល់​គ្នា​ទៅ​វិញ​ទៅមក»។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បច្ចុប្បន្ន បញ្ហា​ពាក្យ​ស្លោក និង​សារ​ឃោសនា​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​ ស្ថិត​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​ គ.ជ.ប នៅ​ឡើយ។

លោក ហង្ស ពុទ្ធា បន្ត​ថា គ.ជ.ប គ្រប់គ្រង​លើ​ពាក្យ​ស្លោក និង​ខ្លឹមសារ​នៃ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ចាប់​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។ លោក​បន្ថែម​ថា នៅ​ក្នុង​អំឡុង​ពេលនេះ គ.ជ.ប អាច​ចាត់​ជា​វិធានការ ប្រសិន​បើ​មានពាក្យ​បណ្ដឹង​ពី​គណបក្ស​នយោបាយ​ឬ​ភាគី​ណាមួយ។

«បាទ​ប្រសិន​បើ​មាន​ Complaint [ពាក្យ​បណ្ដឹង​]ពី​ភាគី​ណាមួយ បាន​ គ.ជ.ប រៀបចំ​នូវ​ការ​ពិចារណា​បាទ»។

​ពាក្យ​ស្លោក​នយោបាយ​ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ដើម​ខែ​មីនា​នេះ ដោយ​ភ្ជាប់​ជាមួយ​នឹង​គោល​នយោបាយ​៥​ចំណុច សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាងមុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​នឹង​ពាក្យ​ស្លោក​នេះ។ ក្រោយមក គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ទាម​ទារ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​កែ​តម្រូវ​ពាក្យ​ស្លោក​នេះ។

គណបក្ស​កាន់​អំណាច ​ក៏​បាន​គំរាម​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដោយ​លើក​ឡើង​ថា ខ្លឹមសារ​នៃ​ពាក្យ​ស្លោក​នោះ​មាន​ចរិត​ញុះញង់ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ​សង្កាត់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទូទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​យល់​ថា ការ​ប្រើប្រាស់​ពាក្យ​ស្លោក​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ៕

XS
SM
MD
LG