ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​មន្ត្រី​រដ្ឋាភិបាល​រិះគន់​គុណភាព​និស្សិត​កាសែត អ្នក​ជំនាញ​លើកឡើង​ពី​គ្រោះថ្នាក់​សម្រាប់​អ្នកកាសែត​អាជីព


លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានក្នុងខួប១៥ឆ្នាំ របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងខួប​១៥​ឆ្នាំ របស់​​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារគមនាគមន៍ (DMC) ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បាន​រិះគន់​​និស្សិត​​ DMC ថា ខ្វះ​ចំណេះ​ដឹង​ផ្នែក​វប្បធម៌​ទូទៅ​ដើម្បី​ក្លាយ​ជា​អ្នកសារ​ព័ត៌មាន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​គឺលោក ខៀវ កាញារីទ្ធ បានរិះគន់​និស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​ខ្វះ​ខាត​ចំណេះដឹង​ទូទៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ មិន​អាចប្រឡង​ជាប់​ក្រប​ខណ្ឌ​ក្រសួង​ព័ត៌មាន​បាន។ ប៉ុន្តែ អ្នក​ជំនាញ​យល់ថា​ ការ​មិន​និយម​ធ្វើ​ជា​អ្នក​សារព័ត៌មាន​របស់​អ្នក​បញ្ចប់​ការ​សិក្សា​ផ្នែក​នេះ គឺ​ដោយសារ​ប្រាក់​ចំណូល​មិន​សមស្រប​នឹង​ការ​ប្រឈមគ្រោះ​ថ្នាក់​នៅ​ក្នុង​មុខ​របរ​នេះ​ទៅវិញ។

នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​១៥​ឆ្នាំ​របស់ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​គមនាគមន៍ (Department of Media and Communication ឬDMC) ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ថ្ងៃ​២០ ខែ​ធ្នូ​នេះ លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ដោយ​រិះគន់និស្សិត DMC ថា ពួកគេ​ខ្វះ​ចំណេះ​ដឹង​ផ្នែក​វប្បធម៌​ទូទៅ​ដើម្បី​ក្លាយ​ជា​អ្នក​សារ​ព័ត៌មាន​ដ៏​ពូកែ។​

លោក ខៀវ កាញារីទ្ធ ​ថ្លែង​ថា ចំណេះ​ដឹង​ផ្នែក​វប្បធម៌​ទូទៅ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីព​ជា​អ្នកសារព័ត៌មាន។

លោក​បន្ត​ថា និស្សិត​ភាគ​តិច​បំផុត​ដែល​បាន​បញ្ចប់ និងកំពុង​សិក្សា​ផ្នែកប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​គមនាគមន៍​នៅ​DMC កំពុង​ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​ ដោយសារ​ពួកគេ​មាន​ចំណេះ​ដឹង​តែផ្នែក​បច្ចេកទេស​ប៉ុន្តែ​ខ្វះ​ចំណេះ​ដឹង​ផ្នែក​វប្បធម៌​ទូទៅ​នេះ។

«និស្សិត DMC បើ​ទៅ​ប្រឡង​ចូល​ក្រសួង​ព័ត៌មាន​មិន​សូវ​ជាប់​ទេ ពីព្រោះ​គាត់​រៀន​តែ​បច្ចេកទេស ប៉ុន្តែ​គាត់​អត់​មាន​ចំណេះ​ទូទៅ ដល់​អញ្ចឹង​ដាក់​ចំណេះ​ទូទៅ​ទៅ គឺ​គាំង​តែ​ម្ដង។ ទៅ​ប្រឡង​ចាញ់​និស្សិត​អក្សរសាស្ត្រ​វិញ។ អញ្ចឹង​បាន​ឥលូវ​យើង​បំបែក​ជា​ពីរ ក្រសួង​ប្រឡង​ហ្នឹង​គឺ​នរណាប្រឡង​បច្ចេកវិទ្យា IT តែ​ម្ដង ហ្នឹង​យើង​មាន​របៀប​ប្រឡង​ផ្សេង អត់​ឲ្យ​ប្រឡង​ជាមួយ​គេ។ ​ប្រឡងជាមួយ​គេ​អត់​ជាប់​ទេ បាន​ន័យ​ថា​យើង​រៀន​បច្ចេកទេស​ដោយ​អត់​បាន​រៀន​ចំណេះ​ទូទៅ។ អ្នក​កាសែត​ចំណេះ​ទូទៅ​សំខាន់​ណាស់​ដើម្បី​សម្រាប់​វាស់​ថា​តើដំណឹង​ហ្នឹង​វាត្រូវ​ទេ ការ​វិភាគ​ហ្នឹង​ត្រូវ​ទេ គេ​ឲ្យ​យោបល់​មក​ហ្នឹង​ត្រូវ​ទេ យើង​គ្មាន​ចំណេះ​ដឹង​ទូទៅ​គឺ​យើង​យ៉ាប់ ហើយ​សំខាន់នៅ​ DMC នេះ​ខ្វះ​ចំណេះ​ទូទៅ»។

ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍ (DMC) បង្កើត​នៅ​ឆ្នាំ​២០០១ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១៥​ឆ្នាំ និង​មាន​និស្សិត​បញ្ចប់ និង​កំពុង​សិក្សា​ជាង​៣០០​នាក់ ហើយ​ក្នុង​នោះ​និស្សិត​មាន​ចំនួន​តិច​តួច​បំផុត​បានចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន។​

លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​និស្សិត​ទាំង​នោះ​ ឲ្យ​ខិតខំ​បន្ថែម​ដោយ​ខ្លួន​ឯង​ដើម្បី​បង្កើន​ចំណេះ​ដឹង​ទូទៅ​នេះ។​

លោក សោម រតនា ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​គមនាគមន៍ (DMC) ដែល​មិន​ធ្លាប់​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក និង​មិន​បាន​បញ្ចប់​ការ​សិក្សាបរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន​នៅ​DMC​ផង​នោះ​ យល់ស្រប​តាម​ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ព័ត៌មាន ដោយ​លោក​និយាយ​ថា DMC ពិត​ជា​មាន​ភាព​ខ្វះ​ខាត​ផ្នែកចំណេះ​ទូទៅ​ពិតមែន ប៉ុន្តែ​លោក​ថា មិនមែន​និស្សិត DMC ទាំងអស់​សុទ្ធតែ​ខ្វះចំណេះ​ដឹង​ទូទៅ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​លោក​សោម រតនា ​ថ្លែង​ថា លោក​នឹង​ខិត​ខំបំពេញ​បន្ថែម​ទាក់ទង​នឹង​ភាព​ខ្វះ​ខាត​ដែល​កំពុង​កើត​មាន។​

«អ្វី​ដែល​គាត់​មាន​ប្រសាសន៍​មកហ្នឹង​គឺ​បាន​ធ្វើ​ឲ្យ​យើង​បាន​ Note (កត់ទុក) ទុក ថា​អ្វី​ទៅ​ដែល​យើង​គួរ​តែ​ធ្វើ​បន្ទាប់​ទៀត ហើយ​យើង​នឹង​ព្យាយាម​សិក្សា​បន្ថែម​ថា​តើហ្នឹង​ជា​កត្តាខ្វះ​ខាត​មែន​ ឬ​មិនមែន ហើយ​យើង​នឹង​ធ្វើចាត់​វិធានការ​ក្នុង​ការ​ពង្រឹង​គុណភាព​ហ្នឹង​ឲ្យ​កាន់​តែ​ប្រសើរ»។​

កញ្ញា ទួន សិរីរតនា និស្សិត​ឆ្នាំ​ទី៣ នៃ​ដេប៉ាតឺម៉ង់​DMC​នេះ ប្រាប់ VOA ថា កញ្ញា​សុំ​មិន​បញ្ចេញ​មតិ​លើ​ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​កញ្ញា​បញ្ជាក់​ថា DMC មាន​មុខវិជ្ជា​ចំណេះ​ដឹង​ទូទៅ​នៅ​ឆ្នាំ​ទី១ ស្ទើរ​តែ​មួយ​ឆ្នាំ​ពេញ ដូច្នេះ​កង្វះ​ចំណេះ​ដឹង​ទូទៅ​មិនមែន​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កញ្ញា និង​និស្សិត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​គមនាគមន៍​ផ្សេង​ទៀត​មិន​អាច​ធ្វើ ឬ​មិន​ចង់​ធ្វើ​ជា​អ្នកសារព័ត៌មាន​នោះ​ទេ។

កញ្ញា ទួន សិរីរតនា និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ប្រាប់ VOA ក្នុងខួប១៥ឆ្នាំ របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

កញ្ញា ទួន សិរីរតនា និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ប្រាប់ VOA ក្នុងខួប១៥ឆ្នាំ របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

កញ្ញា​បាន​សង្កត់​ធ្ងន់​ថា កត្តា​ដែល​ចោទ​ខ្លាំង​បំផុតគឺប្រភពដែល​ជា​អ្នក​ផ្ដល់​ព័ត៌មានទៅវិញ​ទេ ​ដែល​ធ្វើ​ឲ្យ​កញ្ញា​មិន​ចង់​ចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន។​

«ឆ្លង​កាត់​កិច្ចការ​សាលា​គ្រូ​ដាក់​ឲ្យ នៅ​ពេល​ដែល​គាត់​ឲ្យ​ចុះ​ទៅ​សម្ភាសន៍ គឺ​ពួក​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​ទាក់ទង​ប្រភព​ដើម្បី​គាត់ផ្ដល់​ព័ត៌មាន ជួន​កាល​គាត់​ឮ​ថា​យើង​សិស្ស​អញ្ចឹង​គឺ​គាត់​បដិសេធ ឬក៏​គាត់​ថា​គាត់​រវល់​អី​អញ្ចឹង។ អញ្ចឹង​ការ​លំបាក​ទាំងអស់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ភាគ​ច្រើន​នៃ​សិស្ស​ដែល​រៀន​នៅ DMC ​គាត់​ចាប់​ផ្ដើម​គិត​ថា​ធ្វើ​ជា​អ្នកកាសែត​លំបាក បើ​យើង​ធ្វើ​អី​ផ្សេង​វា​ស្រួល​ជាង​ហ្នឹង។ តែ​បើ​សិន​ជា​ការ​ទទួល​ព័ត៌មាន​ហ្នឹង​ល្អ​ជាង​មុន ខ្ញុំ​គិត​ថា​អាច​ជំរុញ​ទឹក​ចិត្តអ្នក​រៀន​កាសែត​ហ្នឹង​ក្លាយ​ជា​អ្នកសារព័ត៌មាន​ទៅ​ថ្ងៃ​អនាគត»។

របាយការណ៍​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ២០១២ ​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​សារ​ព័ត៌មាន​ចំនួន ១២​នាក់ ត្រូវ​បាន​សម្លាប់ ១៧​នាក់ ​រងការ​គំរាម​សម្លាប់ និង​រត់​គេច​ខ្លួន ១២នាក់ បាន​ជាប់​ពន្ធនាគារ និង​អ្នក​សារព័ត៌មាន​ម្នាក់​ទៀត ​បាន​រង​របួស​ធ្ងន់ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ ដល់​២០១២ ដោយ​មូលហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មានរិះគន់​រដ្ឋាភិបាល បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់ និង​មូលហេតុ​មួយ​ចំនួន​ទៀត។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន យល់ថា ចំណេះ​ដឹង​ទូទៅ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​សារព័ត៌មាន​គួប​ផ្សំ​នឹង​វិជ្ជាជីវៈ​ ដើម្បី​អាច​រាយការណ៍​ព័ត៌មាន​មួយ​ត្រឹមត្រូវ និង​ផ្ដល់​ប្រយោជន៍​ដល់ប្រជាពលរដ្ឋ។

លោក​បន្ថែម​ថានិស្សិត​ ដែលបាន​ឆ្លង​កាត់វគ្គ​សិក្សា​សារព័ត៌មានរយៈពេល​វែង​ ភាគច្រើន​មិន​ចង់​ធ្វើ​ជា​អ្នកសារព័ត៌មាន​ដោយ​សារ​អាជីព​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប និង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់។

«អ្នកសារព័ត៌មាន​យើង​យក​ព័ត៌មាន​រសើប​ខ្លាំង​ ទាក់ទង​នឹង​បញ្ហា​សង្គម ទាក់ទង​នឹង​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ ទាក់ទង​នឹង​ការ​នេសាទ​ខុស​ច្បាប់ គឺ​អាច​ធ្វើ​ឲ្យ​អ្នក​សរសេរ​ហ្នឹង​គាត់​អាច​ទទួល​រង​នូវការ​វាយ​ប្រហារ​លើ​រាង​កាយ ឬ​ក៏វាយ​ប្រហារតាម​ផ្លូវ​ច្បាប់។ អញ្ចឹង​ចំណុច​ពីរ​នេះ​ហើយដែល​ធ្វើ​ឲ្យ​និស្សិត​ DMC ដែល​គាត់​បញ្ចប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ហើយ តែ​បែរ​ជ្រើស​រើស​អាជីព​ផ្សេង​ទៀត»។

បើ​ទោះ​បី​ជាអាជីព​ជា​អ្នក​សារព័ត៌មាន​ទទួល​បាន​ប្រាក់​កម្រៃ​ទាប ប៉ុន្តែ លោក មឿន ឈានណារិទ្ធ បាន​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ផ្នែក​សារព័ត៌មាន​ទាំងអស់ មក​ចាប់​អាជីព​នេះឲ្យ​បាន​ច្រើន​ដើម្បី​ជំរុញ​ឲ្យការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យកាន់​តែ​រីក​ចម្រើន។​

តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៤​ ខែ​មីនា ​ឆ្នាំ​២០១៥ ​បង្ហាញថា ក្នុង​ឆ្នាំ​២០១៤ ​កម្ពុជា​មាន​ស្ថាប័ន​វិទ្យុ​ចំនួន​១៧៥​ ទូរទស្សន៍​ចំនួន​២៤ ​កាសែត​ជាតិ​មាន​ចំនួន​៤៥៦ អង្គភាព​នៅ​ទូទាំង​ប្រទេស។ ទោះ​ជា​យ៉ាង​ណា​ គេ​មើល​ឃើញ​ថា ស្ថាប័ន​ព័ត៌មាន​ដែល​កំពុង​ដំណើរ​ការ​ មិន​មាន​ចំនួន​ច្រើន​ដូច​ក្នុង​របាយការណ៍​នោះ​ទេ៕

XS
SM
MD
LG