\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ឥណ្ឌា​រង​ការរិះគន់​ចំពោះ​ការ​បន្ទោស​ការស្លៀកពាក់​បែប​បស្ចិម​ប្រទេស​ថា​ជា​មូលហេតុ​នៃ​ការបៀតបៀន​ផ្លូវ​ភេទ


រូបឯកសារ៖ ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភបំពាន​ផ្លូវ​ភេទ និង​ការ​សម្លាប់​និស្សិត​ច្បាប់​នៅ​រដ្ឋ Kerala កាល​ពី​ខែ​ឧសភា ឆ្នាំមុន។

រូបឯកសារ៖ ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភបំពាន​ផ្លូវ​ភេទ និង​ការ​សម្លាប់​និស្សិត​ច្បាប់​នៅ​រដ្ឋ Kerala កាល​ពី​ខែ​ឧសភា ឆ្នាំមុន។

រដ្ឋមន្ត្រី​ឥណ្ឌា​ម្នាក់​ទទួល​រង​ការរិះគន់​យ៉ាង​ច្រើន​ចំពោះ​ការលើក​ឡើង​ថា ការ​ស្លៀក​សម្លៀក​បំពាក់​បែប​ពួក​បស្ចិម​ប្រទេស​គឺ​ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​បំពាន​ផ្លូវ​ភេទ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង ​Bangalore ​កាល​ពី​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ។ ​

លោក ​G Parameshwara រដ្ឋមន្ត្រី​ក្រសួង​លំនៅដ្ឋាន​នៃ​រដ្ឋ Karnataka បាន​ថ្លែង​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​The Times Now ​ថា «ក្មេង​ជំទង់​ជាច្រើន​ប្រមូលផ្តុំ​គ្នា ហើយ​ស្លៀក​សម្លៀក​បំពាក់​ស្ទើរ​តែ​ដូច​ពួក​បស្ចិម​ប្រទេស។ ពួកគេ​ព្យាយាម​ចម្លង​តាម​ពួក​បស្ចិម​ប្រទេស​ទាំង​ការ​គិត និង​ការស្លៀកពាក់ ដូច្នេះ​ក្មេង​ស្រី​មួយ​ចំនួន​ត្រូវ​បាន​គេ​បៀតបៀន​ផ្លូវ​ភេទ។ រឿង​បែប​នេះ​ពិត​ជា​កើតឡើង»។

លោក ​Abu Azmi ​មេដឹកនាំ​គណបក្ស​ Samajwadi ​ឥណ្ឌា​ បាន​លើកឡើង​ពី​អត្ថាធិប្បាយ​នេះ​ឡើង​វិញ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ស្តី​បន្ទោស​ស្ត្រី​ស្លៀកពាក់​ខ្លី​ថា​ជា​មូលហេតុ​នៃ​ហេតុការណ៍​បៀតបៀន​ផ្លូវ​ភេទ ហើយ​បាន​ហៅ​ឥទ្ធិពល​របស់​បស្ចិម​ប្រទេស​ថា​ប៉ះពាល់​ដល់​វប្បធម៌​ឥណ្ឌា។ ​

ប៉ុន្តែ​អ្នក​នយោបាយ លោក Kiren Rijiju រដ្ឋមន្ត្រី​លំនៅដ្ឋាន​នៃ​រដ្ឋាភិបាល​កណ្តាល បាន​ហៅ​អត្ថាធិប្បាយ​នេះ​ថា​ មិន​មាន​ការទទួល​ខុសត្រូវ ហើយ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​សុវត្ថិភាព​របស់​ស្រ្តី​នៅ​ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ផ្លូវ​ការ​របស់​លោក​ផង​ដែរ។

លោកស្រី ​Lalitha Kumaramangalam ​ប្រធាន​គណៈកម្មការ​ជាតិ​សម្រាប់​ស្ត្រី​របស់​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ថា លោក Parameshwara គួរ​តែ​ចុះ​ចេញ​ពី​តំណែង​ចំពោះ​ការធ្វើ​អត្ថាធិប្បាយ​បែប​នេះ៕

XS
SM
MD
LG