ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឥណ្ឌា​នឹង​បង្កើត​ការងារ​ចំនួន​១​ម៉ឺន​នៅ​អាមេរិក


បុគ្គលិក​របស់​ក្រុមហ៊ុន Infosys ពាក់​អាវ​ដែល​មាន​រូប​ទង់ជាតិ​អាមេរិក នៅ​ពេល​លោក​ទិញ​គូប៉ុង​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។
បុគ្គលិក​របស់​ក្រុមហ៊ុន Infosys ពាក់​អាវ​ដែល​មាន​រូប​ទង់ជាតិ​អាមេរិក នៅ​ពេល​លោក​ទិញ​គូប៉ុង​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុន​បច្ចេកវិទ្យា Infosys ដែល​មាន​មូលដ្ឋាន​នៅ​ឥណ្ឌា​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​បង្កើត​ការងារ​ចំនួន​១ម៉ឺន​នៅ​ក្នុង​សហរដ្ឋអាមេរិក ស្របពេល​ដែល​ខ្លួន​ក្លាយ​ទៅ​ជា​គោលដៅ​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន Infosys ជា​អ្នក​ប្រើប្រាស់​ទិដ្ឋាការ H1-B ធំ​បំផុត​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ កម្មវិធី​ផ្តល់​ទិដ្ឋាការ​នេះ​គឺ​ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​មក​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ក្រុមហ៊ុន​បរទេស​ទាំង​នោះ​ប្រកាស​ថា ខ្លួន​មិន​អាច​ស្វែងរក​បុគ្គលិក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នក​រិះគន់​កម្មវិធី​ផ្តល់​ទិដ្ឋាការ​នេះនិយាយ​ថា ក្រុមហ៊ុន​បរទេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​អាមេរិក ​ប៉ុន្តែ​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​បរទេស​តែងតែ​ផ្តល់​ប្រាក់​ខែ​ដល់​បុគ្គលិក​បណ្តោះអាសន្ន​តិច​ជាង​ប្រាក់​ខែ​ដែល​ត្រូវ​ផ្តល់​ឲ្យ​បុគ្គលិក​អាមេរិក ដែល​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ដូចគ្នា។

ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា «គិតគូ​ពី​អាមេរិក​មុនគេ‍» លោក​ប្រធានាធិបតី Donald Trump ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើង​វិញ​ទៅ​លើ​កម្មវិធី​ផ្តល់​ទិដ្ឋាការ។ លោក Trump បាន​និយាយ​ថា លោក​ចង់​អនុញ្ញាត​ឲ្យ​តែ​បុគ្គលិក​បរទេស​ដែល​ល្អ​បំផុត​និង​ឆ្លាត​បំផុត​ប៉ុណ្ណោះ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក ហើយ​លោក​ចង់​ធ្វើ​កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍ ខណៈ​ដែល​ពួកគេ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​និង​សន្តិសុខ​នៅ​តាម​ព្រំដែន។​ ប៉ុន្តែ​កំណែទម្រង់​មួយ​ដែល​ថា ក្រុមហ៊ុន​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​បំផុត​ដល់​បុគ្គលិក​នឹង​អាច​ទទួល​បាន​ទិដ្ឋាការ​ធ្វើ​ការ​សម្រាប់​បុគ្គលិក​ខ្លួន អាច​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ក្រុមហ៊ុន Infosys៕

XS
SM
MD
LG