ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ប្រកាស​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​អាស៊ី​ខាង​ត្បូង​នៅ​ប្រទេស​បាគីស្ថាន


ពលរដ្ឋ​តំបន់​​ ​Kashmir ក្រោម​ការ​គ្រប់គ្រង​របស់​បាគីស្ថាន​ កាន់​បដា​បង្ហាញ​ការ​គាំទ្រ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ចំណោម​ជន​មូស្លីម​នៅ​តំបន់​ Kashmir កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៦។
ពលរដ្ឋ​តំបន់​​ ​Kashmir ក្រោម​ការ​គ្រប់គ្រង​របស់​បាគីស្ថាន​ កាន់​បដា​បង្ហាញ​ការ​គាំទ្រ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ចំណោម​ជន​មូស្លីម​នៅ​តំបន់​ Kashmir កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៦។

ប្រទេស​ឥណ្ឌា​បាន​ប្រកាស​កាល​ពី​ថ្ងៃអង្គារ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ Narendra Modi ​នឹង​មិន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​តំបន់​មួយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ​នៃ​ប្រទេស​បាគីស្ថាន​ទេ​នៅ​ខែ​វិច្ឆិកា​នេះ​ ដោយសារតែ​មាន​កំណើន​ការ​វាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​ក្នុង​តំបន់​នោះ។

សេចក្តី​សម្រេច​នេះ​បានត្រូវ​ប្រកាស​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក ​Modi បាន​និយាយ​ថា​ លោក​នឹង​ធ្វើយុទ្ធនាការ​សាកល​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​បាគីស្ថាន​ នៅ​ដាច់​ពី​គេខាង​ការទូត​នៅ​ក្រោយ​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​លើ​មូលដ្ឋាន​មួយ​នៃ​កងទ័ព​ជើង​គោក​ឥណ្ឌា​នៅ​ក្នុង​តំបន់​ kashmir ​ដែល​បាន​បណ្តាល​ឱ្យ​ទាហាន​១៨​នាក់​ស្លាប់។​

ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​បាន​កើន​ឡើង​ជាង​មុន​នៅ​ក្រោយ​ឥណ្ឌា​បាន​បន្ទោស​ពួក​ជន​សកម្ម​ប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ថា​បាន​ធ្វើការ​វាយ​ប្រហារ​នោះ។​ រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ បាន​ប្រកែក​ថា​ខ្លួន​គ្មាន​មុខ​នាទី​ណា​មួយ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ ​ហើយ​បាន​ថ្លែង​ថា​ការ​វាយ​ប្រហារ​នោះ​អាច​ជា​ប្រតិកម្ម​មួយ​ដល់​ស្ថានការណ៍​ក្នុង​តំបន់​ kashmir​ ឥណ្ឌា​ដែល​មាន​ចលាចល​របស់​ប្រជាជន​ដែល​រាល​ដាល​ចាប់​តាំង​ពី​ខែ​កក្កដា​មក។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ថា «ការ​កើន​ឡើង​នៃការ​វាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​នៅ​ក្នុង​តំបន់​ និង​កំណើន​នៃ​ការជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃរដ្ឋ​ជា​សមាជិក​បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​មួយ​ដែល​មិន​អាច​នាំ​ឱ្យ​មាន​ការ​ប្រជុំប្រកប​ដោយ​ជោគជ័យ​នៃ​ស​ន្និសីទកំពូល​របស់អង្គការ​សមាគមអាស៊ី​ខាង​ត្បូង​ក្នុង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ​ហៅ​កាត់​ថា​ SAARC»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG