\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ឥណ្ឌា​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បាញ់​ដល់​គោលដៅ​ក្នុង​ប្រទេស​ចិន


រូបឯកសារ៖ ​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ Agni-V របស់​ប្រទេស​ឥណ្ឌា។

រូបឯកសារ៖ ​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ Agni-V របស់​ប្រទេស​ឥណ្ឌា។

ប្រទេស​ឥណ្ឌា​បាន​ធ្វើ​តេស្ត​លើក​ទី​៤​ដោយ​ជោគជ័យ​ទៅ​លើ​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប Agni-V ​ដែល​មាន​សមត្ថភាព​ស្មើ​នឹង​នុយក្លេអ៊ែរ។ គ្រាប់​មីស៊ីល​នេះ​បាន​បាញ់​ទៅ​កាន់​គោលដៅ​ដែល​ស្ថិត​នៅ​ចម្ងាយ​៥.០០០​គីឡូម៉ែត្រ ​ជាក់​ស្តែង​គឺ​តំបន់​ភាគ​ខាង​ជើង​បំផុត​របស់​ប្រទេស​ចិន​ដែល​ស្ថិត​នៅ​ក្នុង​ចម្ងាយ​គន្លង​របស់​អាវុធ​នុយក្លេអ៊េរ​របស់​ឥណ្ឌា​នេះ។​

គ្រាប់​មីស៊ីល​ដែល​មាន​ប្រវែង​១៧​ម៉ែត្រ​កន្លះ និង​ទម្ងន់​៥០​តោន ត្រូវ​បាន​ធ្វើ​តេស្ត​សាកល្បង​កាល​ពី​ថ្ងៃ​ចន្ទ​ ពី​លើ​កោះ Abdul Kalam ក្នុង​រដ្ឋ ​Odisha និង​បាន​ធ្លាក់​ទៅ​ក្បែរ​សមុទ្រ​ប្រទេស​អូស្ត្រាលី។

លោក ​Ajay Lele​ នៃ​វិទ្យាសា្ថន​ញូវដេលី​សម្រាប់​ការសិក្សា​អំពី​ការការពារ​និង​វិភាគ​បាន​មាន​ប្រសាសន៍​ថា ការធ្វើ​តេស្ត​នេះ​បាន​ធានា​ថា​គ្រាប់​មីស៊ីល ​Agni-V អាច​ប្រតិបត្តិការ​បាន។​

លោក Lele បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​នេះ គ្រាប់​មីស៊ីល​នេះ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​កងកម្លាំង​យុទ្ធសាស្រ្ត​ឥណ្ឌា​ប្រតិបត្តិការ ហើយ​ពួកគេ​នឹង​ធ្វើ​តេស្ត​២​ដង​បន្ថែម​ទៀត ហើយ​បន្ទាប់​មក​គ្រាប់​មីស៊ីល​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ឥណ្ឌា»។

គ្រាប់​មីស៊ីល ​Agni ម៉ូដែល​មុន​ ដែល​ត្រូវ​បាន​គេ​ផលិត​កាល​ពី​ទសវត្សរ៍​មុន មាន​សមត្ថភាព​អាច​បាញ់​ទៅ​ដល់​គ្រប់​កន្លែង​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ឥណ្ឌា​និង​ជា​គូ​ប្រជែង​នៅ​អាស៊ី​ខាង​ត្បូង។ ប្រទេស​ទាំង​២​នេះ​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​ចំនួន​៣​រួច​មក​ហើយ ហើយ​ភាពតានតឹង​នៅ​តែ​បន្ត​កើត​មាន​ក្នុង​កម្រិត​ខ្ពស់​ដដែល។ ប្រទេស​ប៉ាគីស្ថាន​ក៏​មាន​អាវុធ​នុយក្លេអ៊ែរ​ដែរ។

អ្នកវិភាគ​ខាង​ការពារ​និយាយ​ថា គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ Agni-V នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយសារ​ការប្រុងប្រយ័ត្ន​ចំពោះ​ប្រទេស​ចិន ដែល​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ក៏​ចាត់​ទុក​ប្រទេស​ចិន​ជា​ការគំរាមកំហែង​មួយ​ដែរ៕

XS
SM
MD
LG