ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​ភាគ​តិច​ឥណ្ឌូនេស៊ី​ដើរ​ដល់​ផ្លូវ​បំបែក​


រូបភាព​ឯកសារ៖ អេ​ស្កា​វ៉ា​ទ័មួយ​កំពុង​សម្អាត​ព្រៃ​នៅ​កោះស៊ូម៉ាត្រា​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌូនេស៊ីកាល​ពី​ថ្ងៃទី​១៦ តុលា​ ២០១០។

មុខ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក Joko Widodo ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ខិតប័ណ្ណ​អំពី​ការ​ប្រជុំ​សមាជ​លើក​ទី​៥​ របស់​ជន​ជាតិ​ដើម​​ភាគ​តិច​នៅ​ប្រជុំ​កោះ​(KMAN V) មុន​ពេល​សន្និបាត​នៅ​ភាគ​ខាង​ជើង​កោះ​ស៊ូម៉ាត្រា​ កាល​ពី​ពាក់​កណ្តាល​ខែ​មីនា។​

ប៉ុន្តែ​លោក​ប្រធានាធិបតី​ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ថា​ « Jokowi» ​បាន​លុប​ចោល​ការ​បង្ហាញ​ខ្លួន​របស់​លោក​ ក្នុង​ព្រឹត្តិការណ៍​នោះ​ភ្លាមៗ​ ដែល​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ម្តង​ ដើម្បី​កំណត់​របៀប​វារៈ​គោល​នយោបាយ​និង​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​សម្រាប់​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ប្រជុំ​កោះ​ (AMAN)​ ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រជុំ​ KMAN។ ​

អវត្តមាន​របស់​លោក​ក្នុង​សន្និសីទ​ទ្រង់ទ្រាយ​ធំ​នេះ​ និង​សារទុក្ខ​ផ្សេង​ទៀត​ដែល​បាន​លើក​ឡើង​ក្នុង​សមាជ​នេះ​ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា​ ចលនា​ទាមទារសិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ គឺ​កំពុង​តែ​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី។

អ្នក​ចូល​រួម​មួយ​ចំនួន បាន​សើច​ចំអក​ចំពោះ​ការ​អញ្ជើញ​ដើម្បី​សម្រុះ​សម្រួល​របស់​លោក​ប្រធានាធីបតី Jokowi ដែល​ផ្ញើ​ទៅ​ឲ្យមេដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ឲ្យ​មក​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​ក្រោយ​មក​ទៀត។

អ្នកស្រី Ruuka Sombolinggi អ្នក​សម្រប​សម្រួល​ការ​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ប្រជុំ​កោះ(AMAN)​ និង​ជា​អ្នក​រៀប​ចំ​ការ​ប្រជុំ​ KMAN បាន​និយាយ​ថា៖ «តើ​ដើម្បី​អ្វី​ទៅ? យើង​មិន​មែន​កូន​ក្មេង​ទេ។ យើង​មិន​រំជើប​រំជួល​ដោយសារ​តែ​វិមាន​របស់​ប្រធានាធិបតី​ឡើយ»។​

ការ​លុបចោល​ការ​ចូលរួម​ក្នុង​ការ​ប្រជុំ​ KMAN ​ដោយ​លោក​ប្រធានាធិបតី​ Jokowi គឺ​ជា​បញ្ហា​ថ្មី​បំផុត​ ក្នុង​ការ​តស៊ូ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ឥណ្ឌូនេស៊ី​ ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ និង​ការ​ការពារ​ផ្នែក​ច្បាប់។

សេចក្តីព្រាង​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ពន្យារ​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​មក​ហើយ​ ដោយសារ​តែ​ការ​ដោះស្រាយ​មិន​ច្បាស់​លាស់​ រវាង​រដ្ឋាភិបាល​ និង​សភា​តំណាង​ឥណ្ឌូនេស៊ី។ សកម្មជនសិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​បាន​សង្ឃឹម​ថា ​វត្តមាន​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​ប្រជុំ​សមាជ​ អាច​ជំរុញ​បន្ថែម​ដល់​បុព្វហេតុ​របស់​ពួកគេ។​

ក្រុម​សកម្មជន​បារម្ភ​ថា​ ការ​តស៊ូ​ដ៏​ស្វិតស្វាញ​ដើម្បីសិទ្ធិជន​ជាតិ​ដើម​ភាគ​តិច​ បាន​ជាប់​គាំង​ជា​ថ្មី​ម្តង​ទៀត។

ក្រុម​មនុស្ស​ដែល​គ្មាន​ឈ្មោះ

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ ទទួល​ស្គាល់​ក្រុម​ជន​ជាតិ​ភាគ​តិច​ជាង​១.០០០​ក្រុម​ ដែល​មាន​នៅទូទាំង​កោះ​នានា​ចំនួន ១៧.០០០កោះ ហើយ​ប្រជាជន​ប្រមាណ​៥០​លាន​ ទៅ​៧០​លាន​នាក់​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សមាជិក​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។​

ជន​ជាតិ​ដើម​ភាគ​តិច​តែង​តែ​ត្រូវ​បាន​គេ​ហៅ​ថា «masyarakat adat» ឬ​អ្នក​ដែល​ប្រើ​ច្បាប់​ប្រពៃណី (adat)។ ប៉ុន្តែ​ គ្មាន​ពាក្យ​ពិត​ប្រាកដ​ណា​មួយ​ក្នុង​ភាសា​ឥណ្ឌូនេស៊ី​សម្រាប់​ «ជន​ជាតិ​ដើម​ភាគ​តិច»​ ទេ។ នេះ​បាន​ចង្អុល​បង្ហាញ​ពី​ភាព​ចម្រូង​ចម្រាស​ដែល​កើត​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ឧបសគ្គ​ទូទៅ​មួយ​ក្នុង​ប្រទេស​នេះ​គឺ​ថា «ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំង​អស់​ គឺ​ជា​ជន​ជាតិ​ដើម​ភាគតិច» មាន​ន័យ​ថា ពួក​គេ​មាន​ដើម​កំណើត​ពី​តំបន់​ភូមិសាស្រ្ត​ដែល​ពួក​គេ​កំពុង​រស់​នៅ។ ដូច​កា​ល​ពី​ចុង​ឆ្នាំ​២០១២ ប្រធានាធិបតី​នៅ​ពេល​នោះ​គឺ​លោក Susilo Bambang Yudhoyono​ បាន​បដិសេធ​ថា​ គ្មាន​ជន​ជាតិ​ដើម​ណា​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នោះ​ទេ។ ប៉ុន្តែ​ រហូត​ដល់​ពេល​ដែល​លោ​ក Jokowi​ ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៤ ទើប​លោក​អាច​ពិភាក្សា​ដោយ​បើក​ចំហ​ពី​ផែនការ​ដើម្បី​គាំទ្រ​ជន​ជាតិ​ដើម​ភាគ​តិច។​

អ្នក​ស្រី​ Mona Sihombing នៃ​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ប្រជុំ​កោះ​ (AMAN)បាន​និយាយ​ថា​ «យើង​ពិត​ជា​សង្ឃឹម​ថា ​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឃើញ​ពី​ភាព​ចម្រុះ​គ្នា​ និង​ឥទ្ធិពលជន​ជាតិ​ដើម​ភាគ​តិច។ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត​ យើង​ចង់ឲ្យ​មន្រ្តី​ដឹង​ថា​ សហគមន៍​ជនជាតិ​ដើម​ភាគ​តិចមាន​សំឡេង​ឆ្នោត​ធំ​ប៉ុណ្ណា»។

នៅ​ព្រឹក​មួយ​នៅ​ក្នុង​ការ​ប្រជុំ​សមាជ អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​ម្នាក់​បាន​និយាយ​ថា​ កិច្ចការ​ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​ចំពោះ​បញ្ហា​ជន​ជាតិ​ដើម​ភាគ​តិច​ មិន​មែន​ជា​អាទិភាព​ទៀត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​រូប​នោះបាន​និយាយ​ហាក់​ដូច​ជា ​បញ្ហា​នេះលែងជា​បញ្ហា​ចាំបាច់​ត​ទៅ​ទៀត​ហើយ ដោយ​លើកឡើង​ថា ​វា​ហាក់​ដូចជា​ការ​ប្រទាញប្រទង់​មិន​ចាំបាច់​មួយ​ចំពោះមុខ​ជម្រើស​វិធានការ​ «ជាក់លាក់» មួយ ​ដូច​ជា​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីព្រៃ​ឈើ​ទំហំ​១២លាន​៧​សែន​ហិចតា​ទៅ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច។​

អ្នក​ស្រី​ Ruuka ​បាន​និយាយ​ថា៖ «នេះ​គឺ​ជា​លើក​ទី​១​ដែល​យើង​ឭ​ជំហរ​បែប​នេះ​ ពី​ក្រុម​ការងារ​នេះ។ ក្រុម​ការងារ​របស់​ប្រធានាធិបតី​បាន​និយាយ​នៅ​ក្នុងកម្មវិធី​ជាច្រើន​មក​ហើយ ​ហើយក្រុម​ការងារ​នេះ​ គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​របស់​គោល​នយោបាយ​ជន​ជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន»។

បន្ទាប់​មក​លោក ​Noer Fauzi Rachman​ អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ម្នាក់​ បាន​បញ្ជាក់​ថា​ ក្រុម​ការងារ​មិន​មែន​ត្រូវ​បាន​លុបចោល​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ ការ​បង្កើត​ក្រុម​ការងារ​នេះ​ត្រូវ​បាន​ពន្យារ​ដោយសារ​បញ្ហា​ការិយាធិបតេយ្យ។​

លោក​ Rachman ប្រាប់ VOA ថា៖ «ប្រសិនបើ​តាម​ចិត្ត​របស់​ខ្ញុំ​ ក្រុម​ការងារ​គួរតែ​ត្រូវ​បង្កើត​តាំង​ពី​ឆ្នាំ​មុន។ ទោះបីជា​គាត់​អាច​សាក​និយាយ​ជាមួយ​នឹង​ក្រសួង​ពាក់​ព័ន្ធ​ក៏​ដោយ​ ពេល​វេលា​មិន​អាច​កំណត់​ដោយ​ប្រធានាធិបតី​នោះ​ទេ»។​

ប្រតិកម្ម​របស់​មេ​ដឹកនាំ​ជន​ជាតិ​ដើម​ភាគ​តិច

មេដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច​មាន​ការ​ខក​ចិត្ត​ចំពោះ​អវត្តមាន​របស់​ប្រធានាធិបតី។

លោក​ Alex Sangenafa ​មក​ពី​កោះ​ Yapen នៃ​ខេត្ត​ West Papua ភាគ​ខាង​លិច បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ខាង​មុខ​ឆាក​របស់​សន្និសីទ​ ដោយ​បាន​បង្ហាញ​ពី​ការ​ខកចិត្ត​របស់​លោក។ លោក​បាន​ទៅ​រក​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ជាមួយ​នឹង​ព្រួញ​ឈើ​ប្រាំបី​ដើម​ធំៗ​ ដែល​សម្គាល់​កាល​កំណត់​ប្រាំបី​ខែ។ លោក​បាន​សង្ឃឹម​ថា​ អំឡុងពេល​នោះ​ច្បាប់​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នឹង​ត្រូវ​បាន​ផ្តល់​សច្ចានុមតិ។​

លោក Sangenafa បាន​និយាយ​ថា «យើង​ជា​ប្រជាជន​ក្នុង​ខេត្ត​ Papua បាន​ចេញ​ពី​ព្រៃ​ភ្នំ ដើម្បី​មក​បោះ​ឆ្នោត​ឲ្យ​លោក Jokowi។ យើង​មាន​ការ​ជឿ​ជាក់​ថា​ លោក​ប្រធានាធិបតី​គឺ​ជា​មនុស្ស​ចេះ​ដាក់​ខ្លួន​ ហើយ​គាត់​ឃើញ​ពី​ភាព​ឈឺ​ចាប់​របស់​ប្រជាជន»។

កាយវិការ​របស់​គាត់​ត្រូវ​បាន​គេ​ទះ​ដៃ​គាំទ្រ​យ៉ាង​ច្រើន។

ក្រោយ​មក លោក​បាន​ប្រាប់ VOA ថា «​ខ្ញុំ​មិន​ខឹង​ទេ ខ្ញុំ​ខក​ចិត្ត​»។

លោក Apai Janggut បាន​មេ​ដឹក​នាំ​ជន​ជាតិ​ដើម​ភាគ​តិច​ មក​ពី​ក្រុង Putussibau កោះ​Kalimantan និយាយ​ថា៖ «​ការ​ផ្តល់​យោបល់​ថា ​យើង​គួរ​តែ​ទៅ​វិមាន​ប្រធានាធិបតី​ គឺ​មិន​សំខាន់​នោះ​ទេ។ បើ​អ្វី​ដែល​ខ្ញុំ​បារម្ភ​នេះ​ គឺ​ជា​កាលកំណត់​ដាច់​ខាត​មួយ​សម្រាប់​រដ្ឋាភិបាល​ ដើម្បី​មាន​ការ​ផ្លាស់ប្តូរ​សម្រាប់​សហគមន៍​យើង។ ពួក​គេ​បាន​បង្ហាញ​ពី​អាទិភាព​របស់​ពួកគេ​ ហើយ​យើងបោះ​ឆ្នោត​តាម​នោះ​»។

ព្រៃឈើ​ជា​ចំណុច​សំខាន់​របស់​គោល​នយោបាយ​សាធារណៈ

ប្រធានាធិបតី​បាន​បញ្ជូន​រដ្ឋមន្រ្តី​ព្រៃឈើ​លោកស្រី Siti Nurbaya ជា​តំណាង​លោក ហើយ​លោក​ស្រី​បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការ​ផ្តល់​ទឹក​ដី​ព្រៃ​ឈើ​ទំហំ​៧.០០០​ហិចតា​របស់​ក្រុមហ៊ុន​ Toba Pulp Lestariភាគ​ខាង​ជើង​កោះ​ស៊ូម៉ាត្រា​ត្រឡប់​ទៅ​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​វិញ។

ការ​ផ្តល់​សិទ្ធិ​គ្រប់​គ្រង​ព្រៃ​ឈើ​ណា​មួយ​ឲ្យ​ទៅ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​វិញ​គឺ ​ជា​គ្រឹះ​នៃ​គោល​នយោបាយ​របស់​រដ្ឋបាល​ជន​ជាតិ​ដើម​ភាគ​តិច។​ វា​គឺ​បក​ត្រឡប់​ទៅ​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​តាំង​ពី​ឆ្នាំ​២០១៣​ថា «ព្រៃ​ឈើ​ចំណាស់​កាល​ពី​មុន» មិន​មែន​ជា​ព្រៃ​របស់​រដ្ឋ ដែល​សេចក្តីសម្រេច​នេះ​ បាន​កំណត់​គំរូ​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​សិទ្ធិ​កាន់កាប់។​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៦ លោក​ប្រធានាធិបតី Jokowi បាន​ចុះ​ហត្ថលេខា​ប្រគល់​ដែន​ដី​ព្រៃ​ឈើ​ទំហំ​១៣.០០០ហិកតា​ទៅ​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​ប្រាំបួន​សហគមន៍​ ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី។​

សកម្មជន​បាន​ប្រកែក​ថា ​ដី​យ៉ាង​តិច​ ៨​លាន​២​សែន​ហិចតា​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ គួរតែ​ស្ថិត​ក្នុង​ដៃ​របស់​ជន​ជាតិ​ដើម​ភាគ​តិច។

លោក​ Abdon Nababan ជន​ជាតិ​ Batak មក​ពី​កោះ​ស៊ូម៉ាត្រា​ខាង​ជើង​ និង​ជា​ប្រធាន​របស់​ AMAN ដ៏​ពូកែ​ម្នាក់​បាន​និយាយ​ថា៖ ​ «សេចក្តីប្រកាស​ប្រគល់​ព្រៃឈើ​ទំហំ​៧.០០០​ហិចតា​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ គឺ​ពិត​ជា​រឿង​ល្អ​មួយ។ ប៉ុន្តែ​ រវាង​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន​ យើង​ទើបតែ​ទទួល​បាន​ដី​សរុប​ ២០.០០០​ហិចតា។ វា​ពិត​ជា​យឺត​ពេក​ហើយ ត្រូវ​ទេ? ក្នុង​ចំណោម​ដី​ទំហំ​រាប់​លាន​ហិចតា​ដែល​គួរ​តែ​នៅ​ក្នុង​ដៃ​របស់​យើង»។​

លោកNababan បាន​និយាយ​យោង​ពី​អំពើ​ពុករលួយ​ ការ​លួច​បន្លំ​ និង​ការ​ធ្វេស​ប្រហែស​ គឺ​ជា​ហេតុផល​សម្រាប់​សកម្មភាព​យឺត​យ៉ាវ​របស់​សហព័ន្ធ​ ទៅលើ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។

អ្នកស្រី​ Sombolinggi ​និយាយ​ថា៖ «ការណ៍​នេះ​មិន​មាន​ដំណើរការ​សោះ»។ អ្នក​ស្រី​បាន​ចាត់​ទុក​ការ​ចាត់ចែង​ការ​ទទួល​ខុស​ត្រូវ​មិន​ច្បាស់លាស់​ រវាង​រដ្ឋាភិបាល​សហព័ន្ធ​ និង​សភា​តំណាង​ថា​ ជា​ផ្នែក​មួយ​នៃ​ «ល្បែង​របស់​ពួក​គេ​ ក្នុង​ការ​គេចវេះ​ពី​ដំណោះស្រាយ​សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច។​ វា​ដូច​ជា​លេង​គ្រាប់​ពីងប៉ុង​អ៊ីចឹង»។​

កាល​ពី​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ប្រជុំ​កោះទើប​ចាប់​កំណើត​ដំបូង​ សម្ព័ន្ធ AMAN ​បាន​យក​ជំហរ​តទល់​ ដើម្បី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ជា​ប្រធាន​បទ​ពិបាក​មួយ​កាល​ពី​សម័យ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ដំបូង។​

អ្នកស្រី​ Sombolingggi ​បាន​និយាយ​ថា ភាព​អសកម្មភាព​ថ្មីៗ​នេះ​ ប្រហែល​ជា​អាច​ជំរុញ​ឲ្យ​មាន​ការ​វិល​ត្រឡប់​រក​ស្ថាន​ភាព​ប្រសើរ​ជាមុន​។

«​យើង​ស្ថិត​លើ​ផ្លូវ​បំបែក។ យើង​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ នឹង​បន្ត​ទៅ​មុខ​ទៀត​ដោយ​មាន​ការ​ពិភាក្សា​គួរ​សម ​ឬ​តទល់ឲ្យ​ខ្លាំង​ជាង​មុន»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG