ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លំនៅឋាន​ដែល​បាន​កែ​លម្អ​​មាន​សក្តានុពល​​សម្រាប់​បង្ការ​ជំងឺ​គ្រុន​ចាញ់​ដូច​ការ​ប្រើប្រាស់​មុង​ដែរ

  • Steve Baragona

ស្រ្តី​ជនជាតិ​សូដង់​ម្នាក់​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​អង្គុយ​នៅ​ក្នុង​ផ្ទះ​បណ្តោះអាសន្ន​របស់​គាត់​នៅ​ក្នុង​រដ្ឋ Upper Nile កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។

ការ​ធ្វើ​ឲ្យ​ស្ថានភាព​ផ្ទះ​សម្បែង​មាន​ភាព​ប្រសើរ​ឡើង​​អាច​ជួយ​បង្ការ​ជំងឺ​គ្រុន​ចាញ់​ នៅ​ពេល​​មួយ​ដែល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​អាច​នឹង​បាត់​បង់​ប្រសិទ្ធិភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ។ ខណៈ​ដែល​ទ្វីប​អាហ្វ្រិក​កំពុង​បោះបង់​ចោល​លំនៅឋាន​បុរាណ​ដែល​ធ្វើ​ពី​ដី​ឥដ្ឋ និង​ចម្បើង អ្នក​ជំនាញ​មើល​ឃើញ​ឱកាស​សម្រាប់​វិស្វករ និង​អ្នក​រៀបចំ​ទីក្រុង​ក្នុង​ការ​​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ។

អនុ​តំបន់​អាហ្រ្វិក​សាហារ៉ា​កំពុង​តែ​អភិវឌ្ឍ​ទៅ​ជា​ទីក្រុង​យ៉ាង​លឿន​ជាង​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភពលោក។ លោកស្រី​ Lucy Tusting​ អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាត្បាត​នៅ​សាកល​វិទ្យាល័យ​ Oxford និយាយ​ថា អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​គួរ​តែ​ទទួល​បាន​ប្រយោជន៍​ពី​ការ​រីកចម្រើន​នេះ។

«យើង​មាន​ឱកាស​ក្នុង​ការ​ប្រើ​ប្រាស់ការ​ផ្លាស់​ប្តូរ​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ដើម្បី​សាង​សង់​លំនៅឋាន​ដែល​មាន​សុខមាលភាព​ជាង​មុន»។

មនុស្ស​ជាង​ ៤០០.​០០០នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​ភាគ​ច្រើន​ជា​កុមារ​នៅ​ទ្វីប​អាហ្វ្រិក។ មុង​ជ្រលក់​ថ្នាំ និង​ថ្នាំ​បាញ់​មូស​បាន​ជួយ​ឲ្យ​អត្រា​នេះ​ធា្លក់​ចុះ​៤០​ភាគ​រយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​ មក។ ប៉ុន្តែសត្វ​មូស​ចាប់​ផ្តើម​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​កាន់​តែ​ខ្លាំង​ឡើង។ ដូច្នេះ ត្រូវ​មាន​មធ្យោបាយ​ថ្មី។​

លោកស្រី ​Tusting ​និង​សហការី​លោក​ស្រី​មាន​ចម្ងល់​ថា ​តើ​ការ​ផ្លាស់​ប្តូរ​ដែល​ក្រុម​ការងារ​លោកស្រី​បាន​កត់​សម្គាល់​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ដែរ​ឬ​ទេ។

«អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ គឺ​ការ​ជា​ផ្លាស់ប្តូរ​ទន់ភ្លន់​មួយ​ពី​លំនៅឋាន​បុរាណ​ដែល​មាន​ការ​ប្រក់​ចម្បើង និង​ជញ្ជាំង​ដី​ឥដ្ឋ ទៅ​ជា​លំនៅឋាន​ប្រើ​ដែក ​ក្បឿង​ និង​ជញ្ជាំង​បេតុង»។

ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជំងឺ​គ្រុន​ចាញ់ ​ដោយសារ​តែ​សត្វ​មូស​ដែល​មាន​ផ្ទុក​ជំងឺ​នៅ​ទ្វីប​អាហ្រ្វិក​ភាគ​ច្រើន​ គឺ​ខាំ​នៅ​ក្នុង​ផ្ទះ​នៅ​ពេល​យប់។ សំណង់​ដែល​រឹងមាំ​ជាង​នេះ​អាច​ធ្វើ​ឲ្យ​សត្វ​មូស​នៅ​ខាង​ក្រៅ​ផ្ទះ។ ប៉ុន្តែ​ មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ទៅ​លើ​បញ្ហា​នេះ​នោះ​ទេ។

នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ PLOS Medicine ​លោកស្រី ​Tusting ​និង​សហការី​បាន​ពិនិត្យ​មើល​លើ​ការ​ស្ទង់​មតិ​ប្រជាសាស្រ្ត​ និង​សុខភាព​របស់​ប្រទេស​ ចំនួន​២១។ ពួកគេ​បាន​រក​ឃើញ​ថា កុមារ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​សំណង់​ទំនើប​ មាន​អត្រា​ឆ្លង​ជំងឺ​គ្រុន​ចាញ់​តិច​ជាង​កុមារ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​បុរាណ​ពី ​៩ ​ភាគ​រយ​ ទៅ​ ១៤ ​ភាគ​រយ។

អត្រា​នេះ​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​កម្រិត​នៃ​ការ​ការពារ​របស់​មុង​ជ្រលក់​ថ្នាំ​ដែរ។

«អ្វី​ដែល​ការ​សិក្សា​នោះ​បង្ហាញ​គឺ​ថា លំនៅឋាន​អាច​ជា​មធ្យោបាយ​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយ​ជំងឺ​គ្រុន​ចាញ់»។

តាម​ពិត​ទៅ​ នេះ​មិន​មែន​ជា​គំនិត​ថ្មី​នោះ​ទេ។ លោកស្រី ​Tusting ​បាន​កត់​សម្គាល់​ឃើញ​ថា បង្អួច និង​ទ្វារ​ដែល​មាន​ដាក់​រនាំង​ការពារ​ គឹ​ជា​មធ្យោបាយ​មាន​ប្រសិទ្ធិភាព​ដំបូង​គេ​ដែល​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​បង្ការ​ជំងឺ​គ្រុន​ចាញ់​នៅ​ដើម​ទសវត្សរ៍​ទី​២០។

ប៉ុន្តែ​ លោកស្រី​បាន​និយាយ​ថា ​បញ្ហា​គឺ​ថា ​គេ​នឹង​សាងសង់​លំនៅឋាន​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ខណៈ​ដែល​ទ្វីប​នេះ​កំពុង​រីក​លូត​លាស់​នៃ​ទំហំទីក្រុង​របស់​ខ្លួន។

«យើង​អាច​ឆ្លៀត​យក​ចំណេញ​ពី​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​បាន។ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច្នេះ​បាន​ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ជំនាញ​ផ្នែក​សុខភាព​ត្រូវ​ធ្វើ​ការ​ឲ្យ​ហួស​ពី​វិស័យ​សុខាភិបាល និង​ត្រូវ​ធ្វើ​ការ​យ៉ាង​ជិត​ដិត​ជាមួយ​នឹង​វិស្វករ អ្នក​តាក់​តែង​គោលនយោបាយ​អភិវឌ្ឍ​ទីក្រុង និង​រដ្ឋាភិបាល​ថ្នាក់​ជាតិ»។

លោកស្រី​ Lucy Tusting ​និយាយ​ថា ពួកគេ​អាច​ជួយ​បង្កើត​វិធី​បង្ការ​ជំងឺ​គ្រុន​ចាញ់​ទៅ​ជា​លំនៅឋាន​សម្រាប់​ទីក្រុង​ដែល​កំពុង​តែ​រីក​លូត​លាស់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នេះ៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG