ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

IMF៖ ផែន​ការ​របស់​លោក ត្រាំ ​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ប្រសើរ​ឡើង ប៉ុន្តែ​គ្រោះ​ថ្នាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក


រូបឯកសារ៖ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​លោកស្រី ​Christine Lagarde កាល​ពី​ចុង​ឆ្នាំ​២០១៦ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​លោកស្រី ​Christine Lagarde ​បាន​បញ្ចេញ​គំនិត​សុទិដ្ឋិនិយម​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ផែន​ការ​កាត់​បន្ថយ​ពន្ធ​និង​បន្ថែម​ការ​ចំណាយ​ទៅ​លើ​ការសាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ប្រសើរ​ឡើង ​ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​មាន​វិបត្តិ​ដល់​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក។ ​

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ពិភពលោក​ក្នុង​ទីក្រុង​ឌូបៃ ​លោក​ស្រី Lagarde បាន​មាន​ប្រសាសន៍​ថា៖ «ពី​អ្វី​តិច​តួច​ដែល​យើង​បាន​ដឹង​ ហើយ​ខ្ញុំ​នឹង​និយាយ​ទទូច​នៅ​លើ​អ្វី​តិច​តួច​ដែល​យើង​ដឹង​នោះ ដោយសារ​តែ​នេះ​ជា​ដំណើរ​ការ​ការងារ​ ប៉ុន្តែ​ពី​អ្វី​តិចតួច​ដែល​យើង​បាន​ឮ យើង​អាច​មាន​ហេតុ​ផល​ដើម្បី​មាន​សុទិដ្ឋិនិយម​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​អាមេរិក»។ ​

សន្ទស្សន៍​ផ្សារ​ហ៊ុន​ភាគច្រើន​នៅ​អាមេរិក​កំពុង​តែ​ស្ថិត​ជិត​ទៅ​រក​កម្រិត​ខ្ពស់​មួយ​ ដោយសារ​តែ​មេដឹកនាំ​ថ្មី​របស់​អាមេរិក​សន្យា​ថា​ នឹង​បង្ហាញ​ពី​ផែន​ការ​កាត់​បន្ថយ​ពន្ធ​នៅ​ក្នុង​រយៈពេល​២​ឬ​៣​សប្តាហ៍​ខាង​មុខ​នេះ និង​សន្យា​ចំណាយ​ប្រាក់​១​លាន​លាន​ដុល្លារ​ក្នុង​ការ​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ដើម្បី​ជួស​ជុល​ផ្លូវ​ថ្នល់​ ស្ពាន ​និង​ពង្រីក​អាកាស​យានដ្ឋាន​ដែល​ខូចខាត​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​វិធានការ​ទាំង​២​នេះ​ត្រូវ​ការ​ការ​អនុម័ត​ពី​សភា ដែល​តំណាង​រាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រប់​គ្រង ដែល​ពួកគេ​បាន​បញ្ចេញ​ការ​មន្ទិល​សង្ស័យ​អំពី​ការ​ផ្លាស់ប្តូរ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​បំណុល​រយៈ​ពេល​វែង​របស់​អាមេរិក​កើន​ឡើង​ដល់​ជិត​២០​លាន​លាន​ដុល្លារ៕

XS
SM
MD
LG