ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មូលនិធិ IMF៖ ការ​សម្រេច​ជម្រើស​បន្សំ​​គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ​​​មាន​សារៈសំខាន់​


លោក Tobias Adrian (ទីពីរ​ពីខាងស្តាំ) ទី​ប្រឹក្សា​ហិរញ្ញវត្ថុ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ជា​អ្នក​ដឹកនាំ​សន្និសីទ​សារព័ត៌មាន​អំពី​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​សកលលោក ជាមួយ​នឹង​សហការី​របស់​លោក​ផ្សេង​ទៀត​រង់ចាំ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​របាយការណ៍​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ស្ថិរភាព​ហិរញ្ញវត្ថុ​សកល​លោក​បាន​បោះជំហាន​ទៅ​មុខ​​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​កន្លង​មក​នេះ​ ក៏​ប៉ុន្តែ​ការ​ខកខាន​ក្នុង​ការ​ផ្សំផ្គុំ​គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ​អាច​ប៉ះពាល់​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ។នេះ​បើ​យោង​ទៅ​តាម​​សម្តី​របស់​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ នៅ​ក្នុង​សុន្ទរកថា​​បើក​សន្និសីទ​សារព័ត៌មាន។

ការ​សម្រេច​ជម្រើស​បន្សំ​គោលនយោបាយ​ត្រឹមត្រូវ ឬ Policy Mix Right អាច​ជួយ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​សកលលោក និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច។ នេះ​បើ​យោង​ទៅតាម​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​សកលលោក (Global Financial Stability Report)។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ចេញ​របាយការណ៍​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ Spring Meetings ធ្វើ​ឡើង​កាល​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​កន្លង​ទៅ​នេះ។ កិច្ចប្រជុំ​ Spring Meetings ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ពិភពលោក​ និង​ទីស្នាក់ការ​កណ្តាល​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក Tobias Adrian ទី​ប្រឹក្សា​ហិរញ្ញវត្ថុ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ជា​អ្នក​ដឹកនាំ​សន្និសីទ​សារព័ត៌មាន​អំពី​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​សកលលោក ជាមួយ​នឹង​សហការី​របស់​លោក​ផ្សេង​ទៀត​រង់ចាំ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​របាយការណ៍​នេះ។

យោង​ទៅ​តាម​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​សកលលោក ការ​សម្រេច​ជម្រើស​គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ការណ៍​នេះ​ត្រូវ​ការ​កិច្ចសហការ​ពី​សំណាក់​អ្នក​គោលនយោបាយ​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​រក្សា​ស្ថិរភាព និង​ក្តី​រំពឹង​វិជ្ជមាន​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

របាយការណ៍​ដដែល​នេះក៏​បាន​លើកឡើង​ថា អ្នក​គោលនយោបាយ​គួរ​តម្រែតម្រង់​ការ​ផ្សំផ្គុំ​គោលនយោបាយ​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​ការ​អភិវឌ្ឍ​មួយ​ ដែល​មាន​រយៈពេល​វែង និងផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក Tobias Adrian ទី​ប្រឹក្សា​ហិរញ្ញវត្ថុ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​និយាយ​ថា ការ​សម្រេច​ជម្រើស​បន្សំគោលនយោបាយ មាន​លក្ខណៈ​ផ្សេងៗ​គ្នា​សម្រាប់​សហរដ្ឋអាមេរិក អឺរ៉ុប និង​សេដ្ឋកិច្ច​ទីផ្សារ​កំពុង​ងើបឡើង។

សហរដ្ឋអាមេរិក ​ត្រូវការ​គោលនយោបាយ​ ដែល​ពង្រឹង​ការ​វិនិយោគ​សាជីវកម្ម។ អឺរ៉ុប​ត្រូវ​ការ គោលនយោបាយ ដែល​ជួយ​ដល់​វិស័យ​ធនាគារ តាមរយៈ​ការ​ដោះស្រាយ​បញ្ហា​ចោទ​ ដែល​បង្ក​ឲ្យ​មាន​ភាព​ស្ដួចស្ដើង​ក្នុង​ការ​ទទួល​បាន​ផល​ចំណេញ។ សេដ្ឋកិច្ច​ទីផ្សារ​កំពុង​ងើបឡើង​ ត្រូវ​ការ​ដោះស្រាយ​អតុល្យភាព​ហិរញ្ញវត្ថុ​ក្នុង​ និង​ក្រៅ​ស្រុក ដើម្បី​លើកកម្ពស់​លទ្ធភាព​ទប់ទល់​នឹង​បញ្ហាពី​ក្រៅ​ប្រទេស ដែល​មិនបាន​រំពឹង​ទុក។ នេះ​បើ​យោងទៅ​តាមលោក Tobias។

ទី​ប្រឹក្សា​ហិរញ្ញវត្ថុ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រូប​នេះ​បាន​បន្ត​ថា ក្នុង​បរិបទ​សកលលោក ការ​សម្រេច​ឲ្យ​បាន​នូវ​របៀបវារៈ​កំណែទម្រង់នានា​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​សារៈសំខាន់ ហើយ​ពឹងផ្អែក​លើ​កិច្ចសហការ និង​ការ​សម្របសម្រួល​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៕

XS
SM
MD
LG