ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ដឹង​ពី​រោគ​សញ្ញា​សំខាន់ៗ​ជា​មុន​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​បាន


រូបឯកសារ៖ អ្នកជំងឺស្ទះសរសៃឈាមក្នុង​ខួរក្បាល​កំពុង​ត្រូវបាន​គ្រូពេទ្យ​ធ្វើ​ការ​វិនិច្ឆ័យ​ចង្វាក់បេះដូង ក្រោយពេល​ដែល​បាន​ធូរស្បើយពី​ជំងឺ​នេះនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Juntendo ទីក្រុងតូក្យូ ប្រទេស​ជប៉ុន។

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ ថ្លែង​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ឬStroke កើតឡើង​ដោយសារ​តែ​មាន​ឈាម​កក​នៅក្នុង​សរសៃ​ឈាម មូលហេតុ​ម្យ៉ាងទៀត​គឺ​បែកធ្លាយ​សរសៃ​ឈាម​ក្រហម​ក្នុង​ខួរក្បាល។

ការកក​នៅក្នុង​សរសៃ​ឈាម​នេះ​ បណ្តាល​ឲ្យ​ខ្វះ​ចរន្ត​ឈាម​រត់​ទៅ​ដល់​ខួរក្បាល​ ហើយ​ធ្វើ​សាច់​របស់​ខួរក្បាល​មិន​អាច​ដំណើរការ​ធម្មតា​បាន។

លោក​បាន​បន្ត​ថា​ រោគសញ្ញា​សំខាន់ៗ​ដែល​យើង​ត្រូវ​ដឹង​ មាន​ដូចជា​ វៀចមុខ​ វៀចមាត់​ដោយសារ​ខ្សោយ​សាច់ដុំ​នៅ​ក្នុង​មុខ​ ធ្លាក់​ភ្នែក​មួយ​ចំហៀង​ ដៃ​មួយ​ចំហៀង​ខ្សោយ​លើក​មិន​រួច​ និង​និយាយ​មិន​ច្បាស់។

ទាំងអស់​នេះ​ជា​រោគសញ្ញា​សំខាន់ៗ​ដែល​អ្នក​ជំងឺ​ត្រូវ​ដឹង។ បញ្ហា​សំខាន់​មួយ​ទៀត​ដែល​អ្នកជំងឺ​ត្រូវ​ដឹង​ដែរ​នោះ​គឺ TIA (Transient Ischemic Attack) ឬក៏ Pre-Stroke គឺ​ជា​ការ​ខ្វះ​ចរន្ត​ឈាម​ក្នុង​មួយ​រយៈ​ខ្លី​ ប៉ុន្តែ​វា​នឹង​ត្រឡប់​មក​វិញ​បាន។ ប៉ុន្តែ​នេះ​គឺ​ជា​សញ្ញា​ព្រមាន​សំខាន់​ដែល​ប្រាប់​ឲ្យ​អ្នក​ជំងឺ​ដឹង​ ហើយ​អាច​ការពារ​ពី​ជំងឺ​នេះ។

នៅ​ប្រទេស​កម្ពុជា​ មាន​អ្នកជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ភាគច្រើន​បណ្តាល​មក​ពី​ជំងឺ​លើស​សំពាធ​ឈាម​ ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ និង​ជក់បារី​ច្រើន៕

XS
SM
MD
LG