ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន ​សែន​ផ្ញើ​លិខិត​ចូល​ឆ្នាំ​ថ្មី​ជូន​ជន​រួម​ជាតិ​​ដោយ​ភ្ជាប់​នឹង​ការ​រៀបរាប់​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល


រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

បើ​តាម​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក ​ពលករ​កម្ពុជា​ជាង​១​លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ និង​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​ ដោយ​សារ​កត្តា​ជីវភាព។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ នៅព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ដោយ​បាន​លើក​ឡើង​ពី​សមិទ្ធផល​នានា​ដែល​រដ្ឋាភិបាល​របស់​លោក​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក ​ក្នុង​គោល​បំណង​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម​យល់​ថា ប្រជាពលរដ្ឋ​នឹង​សប្បាយ​ចិត្ត ​ប្រសិន​បើ​លោក​នាយករដ្ឋមន្រ្តី​លើក​ឡើង​ពី​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម​ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ ជា​ជាង​លើក​ឡើង​តែ​ពី​ចំណុច​វិជ្ជមាន​ដដែលៗ។ ​

ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក ​ហ៊ុន​ សែន​ បាន​សរសេរ​ថា ​លោក​ចូលរួម​អបអរ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជាមួយ​ជន​រួម​ជាតិ​ទាំង​អស់​ដែល​កំពុង​រស់នៅ​ក្នុង​ និង​ក្រៅ​ប្រទេស។ លោក​បាន​លើកឡើង​ពី​ការ​ប្តេជ្ញា​ការពារ​ថែ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ និង​បាន​លើកឡើង​ពី​សមិទ្ធផល​ជា​ច្រើន​ដែល​រដ្ឋាភិបាល​របស់​លោក​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក។

លោក​សរសេរ​ក្នុង​លិខិត​នោះ​ថា​ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ ការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម​ សិប្បកម្ម​ សំណង់ ​ទេសចរណ៍ ​អគ្គិសនី។ លោក​បន្ត​ថា​ រដ្ឋាភិបាល​កំពុង​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​ ខណៈ​ប្រជាជន​ម្នាក់ៗ​មាន​ចំណូល​កើន​ពី​១.២១៥​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥​ ទៅ​១.៣០០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។

ការ​លើកឡើង​ពី​កំណើន​សេដ្ឋកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នេះ ​កើត​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​បាន​និង​កំពុង​ជំពាក់​បំណុល​បរទេស​ចំនួន​ជិត​១០.០០០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាល​ពី​ចុង​ឆ្នាំ​២០១៦។ ក្នុង​នោះ​រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ជិត​៦.០០០​លាន​ដុល្លារ ​ហើយ​វិស័យ​ឯកជន​ជំពាក់​បំណុល​បរទេស​ជិត​៤.០០០​លាន​ដុល្លារ​អាមេរិក។​

លោក​ ហ៊ុន​ សែន​ បាន​សរសេរ​បន្ត​ក្នុង​លិខិត​ដដែល​នោះ​ថា​ រដ្ឋាភិបាល​បាន​លើក​កម្ពស់​វិស័យ​អប់រំ​ វិស័យ​សុខាភិបាល​ ការ​ផ្តល់​សេវា​សាធារណៈ ​និង​បានដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រម​ទាំង​បាន​គិតគូរ​ដល់​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ​និង​ស្បែក​ជើង​ជាដើម។ លោក​បន្ថែម​ថា ​កម្មករ​ទទួល​បាន​ការ​ដំឡើង​ប្រាក់ខែ​ពី​១៤០​ដុល្លារ​អាមេរិក​ក្នុង​១ខែ​ ទៅ​ដល់​១៥៣​ដុល្លារ​ក្នុង​១ខែ​ ​នៅ​ឆ្នាំ​២០១៦។

បើ​តាម​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក ​ពលករ​កម្ពុជា​ជាង​១​លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ និង​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​ ដោយ​សារ​កត្តា​ជីវភាព។

កន្លង​មក​កម្មករ​បាន​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ខែ​ជា​បន្ត​បន្ទាប់​ ដែល​ការ​តវ៉ា​ខ្លះ​ឈាន​ដល់​ការ​ប្រើ​កង​កម្លាំង​ដើម្បី​បង្ក្រាប​បាតុករ​ជាដើម។ កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤ កងទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​គេ​ស្គាល់​ថា​ ជំនិត​នឹង​លោក ​ហ៊ុន សែន​ បាន​បើក​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ ​ដែល​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ។

ក្នុង​ការ​បង្រ្កាប​នោះ ​សមត្ថកិច្ច​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​សមរម្យ​ ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​ ក្នុង​តំបន់​ឧស្សាហកម្ម​កាណាឌីយ៉ា​ ក្នុង​រាជ​ធានី​ភ្នំពេញ​ លើ​កំណាត់​ផ្លូវ​វ៉េងស្រេង​ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​បួន​នាក់ស្លាប់​និង​ ម្នាក់​បាត់​ខ្លួន ហើយ​យ៉ាង​ហោច​ណាស់​មនុស្ស​២៤​នាក់​ផ្សេង​ទៀត ​បាន​រង​របួស។

លោក ​ហ៊ុន ​សែន ​បាន​សរសេរបន្ត​ក្នុង​លិខិតនោះ ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖

«រាល់​សមិទ្ធផល​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​បាន​កន្លង​ទៅ​នេះ គឺ​អាស្រ័យ​ដោយ​មាន​ការ​ដឹកនាំ​ខាង​នយោបាយ​ត្រឹមត្រូវ​ ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ មាន​ការ​ចូល​រួម​គាំទ្រ​ពី​ សមាជិក សមាជិកា​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ ​សមាជិក ​សមាជិកា​រាជរដ្ឋាភិបាល​ មន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​និង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស»។

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់ VOA ថា ការ​សរសេរ​លិខិត​ជូន​ជន​រួម​ជាតិ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដោយ​មាន​រៀបរាប់​ពី​សមិទ្ធផល​ជា​ច្រើន​នៅ​កម្ពុជា​ គឺ​ដើម្បី​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​ការងារដែល​រដ្ឋាភិបាលប្រឹងប្រែង​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក។ លោក​បន្ថែម​ថា​ សមិទ្ធផល​ទាំង​អស់​កើត​ឡើង​ដោយសារ​ស្នាដៃដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន​ផ្ទាល់។​

លោក​មាន​ប្រសាសន៍​ថា៖

«ហាយ​ឡាយ [ការ​គូស​បញ្ជាក់] ​ប្រយោជន៍​ហ្នឹង​ដើម្បី​លើក​កម្ពស់​ប្រជាប្រិយភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​ប្រធាន​គណបក្ស​ប្រជាជន​ ដើម្បី​ឲ្យ​ប្រជាជន​លោក​កក់ក្តៅ​ក្នុង​ការ​ដឹកនាំ​ ហើយ​បោះ​ឆ្នោត​គាំទ្រ​សម្តេច​ធ្វើ​នាយករដ្ឋមន្រ្តី​តទៅទៀត​ឲ្យ​បាន​លើស​៤០​ឆ្នាំ»។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា​លើកឡើង​ថា ​ជា​ទូទៅ​លោក​ ហ៊ុន​ សែន​ តែង​តែ​ភ្ជាប់​នូវ​សមិទ្ធផល​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ ដោយ​មិន​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ គឺជា​ចំណុច​ខ្វះ​ខាត​របស់​អ្នក​ដឹកនាំ។

លោក​បញ្ជាក់​ប្រាប់ VOA ថា៖

«បញ្ហា​ថ្មីៗ​ដែល​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ ហាក់​ដូចជា​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ និង​ការ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល​ទៅ​ហ្នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ទេ ដូច​ជា​បញ្ហា​តម្លៃកសិផល​ បញ្ហា​តម្លៃ​មធ្យោបាយ​ធ្វើ​ដំណើរ ឬក៏​តម្លៃឡានក្រុង​ឡើង​ថ្លៃ និង​បញ្ហា​ផ្សេងទៀត​ដែលប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ ​ដូច​ជា​បញ្ហា​ដីធ្លី​អី​ជាដើម​ហ្នឹង»។

លោក សន ជ័យ ​បន្ថែម​ថា ​ប្រជាពលរដ្ឋ​នឹង​សប្បាយ​ចិត្ត​ ប្រសិន​បើ​លោក​នាយករដ្ឋមន្រ្តី​លើកឡើង​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ដើម្បី​ជំរុញឲ្យ​មាន​ការ​ដោះស្រាយ ​ជា​ជាង​លើក​ឡើង​តែ​ពី​ចំណុច​វិជ្ជមាន​ដដែលៗ៕

XS
SM
MD
LG