ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ចំអក​ឲ្យ​សហ​ភាព​អឺរ៉ុប​អំពី​ការចាក​ចេញ​របស់​អង់គ្លេស


រូបឯកសារ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃប្រទេស​កម្ពុជា។​
រូបឯកសារ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃប្រទេស​កម្ពុជា។​

លោក​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​ក៏​បាន​និយាយ​ថា​ គម្រោង​ចាក​ចេញ​របស់​​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ​ឬ​ ​Brexit​ ​នា​សប្តាហ៍​កន្លង​ទៅ​នេះ​ ​កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប ​«ជួប​វិបត្តិ» ​ដោយ​សារតែ​សហភាព​​ទទួល​បាន​ព័ត៌មាន​ខុស។​

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន នា​ថ្ងៃ​ពុធ​នេះ​ បាន​ធ្វើ​ការ​ចំអក​ឡកឡើយ​ដល់​សហភាព​អឺរ៉ុប​ ​ចំពោះ​គម្រោង​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ ​ពី​សហភាព​នេះ​ ​ក្រោយ​ពី​អង់គ្លេស​បាន​ចូល​ជា​មាជិក​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣​មក។​ ​ក៏​ប៉ុន្តែ​អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ ​កម្ពុជា​និង​អាស៊ាន​គួរតែ​រៀនសូត្រ​ពី​បញ្ហា​ដែល​កំពុង​កើត​មាន​នេះ​ ហើយ​ក្រុម​ប្រទេស​អាស៊ានក៏​អាច​នឹង​មាន​ការ​ហែក​ហួរ​ដោយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។​

ការ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែនគឺ​ធ្វើ​ឡើងមិន​ប៉ុន្មាន​សប្តាហ៍​ទេ​ ក្រោយ​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ និង​ស្ថាន​មួយ​ចំនួន​ទៀត ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​បញ្ជាក់​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ទាក់ទិន​នឹងការ​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ជំទាស់​នៅ​កម្ពុជា។​

ក្រោយ​ពី​តប​ត​នឹង​ការ​រិះគន់​របស់​លោក ​កឹម សុខា​ ​ប្រធាន​ស្តីទី​គណ​បក្ស​ជំទាស់​ដែល​ថា​ លោក​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ ​លោក​ហ៊ុន សែន​ ​នា​ថ្ងៃ​ពុធ​នេះ​ ក៏​បានរិះគន់ដល់​ស្ថានទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ចំពោះ​ការ​លម្អៀង​ក្នុង​ការ​ទទួល​ព័ត៌មាន​ និង​មិន​យល់​ពី​ច្បាប់​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​ លោក​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​ក៏​បាន​និយាយ​ថា​ គម្រោង​ចាក​ចេញ​របស់ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ​ឬ​ ​Brexit​ ​នា​សប្តាហ៍​កន្លង​ទៅ​នេះ​ ​កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​«ជួប​វិបត្តិ» ​ដោយ​សារតែ​សហភាពទទួល​បាន​ព័ត៌មាន​ខុស។​

ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​ឆ្នាំ​ទី​៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ស្ថាប័ន​គយ​ និង​រដ្ឋាករ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថ្លែង​ថា៖​

«ព្រោះ​អឺរ៉ុប​តែង​តែ​ទទួល​ព័ត៌មាន​អត់​ច្បាស់​ទេ​ អញ្ចឹង​បាន​អឺរ៉ុបវា​កំពុង​មាន​វិបត្តិ​ ដោយ​សារអី? ​ដោយ​សារ​ការ​ទទួល​ព័ត៌មាន​វា​អត់ច្បាស់។​ ​ផុត​ពី​អង់គ្លេស​ហើយ​ ​មុខ​តែ​មាន​ទៅ​ទៀត​ហើយ​ ​មិន​នៅ​ទេ!​ ​ប្រហែល​ជា​ក្រិក។​ មាន​ហេតុ​ មានផល! ​ទៅ​ទៀត​ ​ប្រទេស​មួយ​ចំនួន​ទៅ​ទៀត!»​

ប្រទេស​អង់គ្លេស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ​បាន​ធ្វើឱ្យ​ពិភព​លោក​ស្រឡាំង​កាំង​ ​នៅ​ពេល​ប្រជា​រាស្ត្រ​អង់គ្លេស​បាន​បោះឆ្នោត​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។​ ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​ខណ្ឌ​នៃ​ប្រទេស​អង់គ្លេស ដែល​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ​បានឲ្យ​ដឹង​ថា​ ​សំឡេង​បោះឆ្នោត​សម្រេច​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​មាន​ចំនួន​៥១,៨៩​ភាគរយ។​ ​ភ្លាមៗ​ក្រោយពី​ការ​ប្រកាស​លទ្ធផលនៃការ​បោះ​ឆ្នោត​នោះ​ លោក​ David Cameron ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេសក៏​បាន​ប្រកាសភា្លមៗ​ថា ​លោកលាលែង​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​នេះ​ផង​ដែរ។​

VOA​ មិន​អាច​ទាក់​ទង​ស្ថានទូត​សហភាព​អឺរ៉ុបដើម្បី​សុំការ​អធិបាយ​បាន​នោះ​ទេ​ ​នា​ថ្ងៃ​ពុធ​នេះ​ ​ដោយ​សារមិន​មាន​ការ​ឆ្លើយតប​ចំពោះសារ​ Email របស់​ VOA។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ​លោកពូ សុវច្ចនា​ ​នាយក​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ​បាន​ប្រាប់​ VOA​ នាថ្ងៃ​ពុធ​នេះ​ថា​ ការ​សម្រេច​ចាក​ចេញ​របស់​ ​ប្រទេស​អង់គ្លេស​គឺ​បញ្ជាក់​ពី​បំណង​ដ៏​ធំ​របស់​ប្រជា​រាស្ត្រ​អង់គ្លេស​ដែល​ស្រឡាញ់ឯករាជ្យ​ភាព​របស់​ខ្លួន ​និង​មិនចង់​ចូល​បក្សសម្ព័ន្ធ ហើយ​ចង់​ធ្វើ​សេច​ក្តី​សម្រេច​តែ​ឯក​ឯង​ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ក្រុម​ប្រទេសសមាជិក​សហភាព​អឺរ៉ុប។ ​យ៉ាង​ណា​ក៏​ដោយ ​លោក​ពូ សុវច្ចនា​ថ្លែង​ថា​ ការណ៍​នេះ​គឺជា​មេរៀន​មួយដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្តលទ្ធិ​ប្រជា​ធិបតេយ្យ។​

«នេះ​គឺ​ជា​ឱកាស​មួយ​ដែល​គេ​ស្តាប់​ប្រជា​ពល​រដ្ឋ​គេ។ ​ឃើញ​ស្រុក​គេ​គឺ​ជា​គម្រូ​មួយ​ ​ពេល​ប្រជា​ពលរដ្ឋ​គេ​ចង់​បាន​អី​ ​គេ​ស្តាប់​ប្រជា​ពល​រដ្ឋ​គេ។​ ​ដូច​ជា​ឥឡូវ​ហ្នឹង​គេ​ចង់​ចេញពី​សហភាព​អឺរ៉ុប​ ​គេ​បោះ​ឆ្នោត​ទៅ​គេ​ចេញ​អញ្ចឹង​ទៅ។​ ហើយ​បញ្ហា​នេះ​ ខ្ញុំថា៖ ​ស្រុក​ខ្មែរ​យើង​គួរ​រៀន​សូត្រ​ខ្លះ​ ត្រូវ​ឱ្យ​តម្លៃ​សំឡេង​និង​មតិ​នៃ​ប្រជា​ពលរដ្ឋ​ តើ​លោក​ចង់​បាន​អី»។​

អ្នក​ស្រាវ​ជ្រាវ​ដ​ដែល​នេះ​បន្ត​ថា ​បើ​ទោះជា​ Brexit​ មាន​ផល​ប៉ះពាល់​តិចតួច​ដល់​ប្រទេស​កម្ពុជា​ក៏​ដោយ ​តែ​កម្ពុជា​និង​ក្រុម​ប្រទេសអាស៊ាន​ ​ទាំង​មូល​គួរ​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​ និង​ចៀសវាង​ការ​បែក​បាក់​ ជា​ពិសេស​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​កំពុង​ឡើង​កំដៅ​នោះ។​

«ហើយ​ប្រទេស​យើង​សព្វ​ថ្ងៃ​ក៏​កំពុង់តែ​អញ្ចឹង​ដែរ។ ឧទាហរណ៍​ដូច​ជា​រឿង​ សមុទ្រ​ចិន​ខាងត្បូងអញ្ចឹង​ គឺ​កំពុងបែក​បាក់​គ្នា​អញ្ចឹង។​ ​អញ្ចឹង​ហើយ​វា​ជា​កត្តា​មួយ​ដែល​យើង​គួរ​យល់​ថា​ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​យើង​មាន​សំឡេង​តែ​មួយ​នៅ​ក្នុង​បញ្ហា​តំបន់​សមុទ្រ​ចិន​អញ្ចឹង។​ ឧទាហរណ៍​មួយ​ទៀត​ដែល​យើង​គួរ​រៀនសូត្រ​គឺ​ថា ​នៅ​ពេល​ណា​ដែល​សំឡេងយើង​មិន​រួម​គ្នា​អញ្ចឹង​នឹង​មាន​ការ​បែកបាក់។ ​ពេល​ហ្នឹង​ហើយ​គឺ​មហា​អំណាច​និមួយៗនឹង​ចាប់​ផ្តើម​ពង្រឹង​សម្ព័ន្ធ​ភាព​របស់​ខ្លួន»។​

ស្របគ្នា​នោះ​ដែរ​ ​លោក​កែម ឡី​ អ្នកវិភាគ​សង្គម​ បាន​បញ្ជាក់​ថា​ គម្រោង​ចាក​ចេញ​របស់​អង់គ្លេស​គឺ​អាច​បង្កើត​ជា​ផលវិជ្ជមាន​ និង​អវិជ្ជមាន​ដល់​ប្រទេស​កម្ពុជា​ ​អាស្រ័យ​លើ​ការ​រីក​ចម្រើនរបស់​អង់គ្លេស​ ​និង​សហភាព​អឺរ៉ុប​ ក្រោយ​ពេល​អង់គ្លេស​លា​លែង​សមាជិក​ភាព​របស់​ខ្លួន​នោះ។​ ​លោកបន្ត​ថា​ ការ​រីក​ដុះ​ដាល​នៃ​ឥទ្ធិពល​ ឬ​អំណាច​របស់​អង់គ្លេស​ ​និង​សហភាព​អឺរ៉ុប​អាច​ជួយ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីឲ្យ​រីក​ដុះដាល​ផង​ដែរ ​ដូច​ជា​កម្ពុជា។​

ផ្ទុយ​ទៅ​វិញ ​លោក​កែម ឡី​ថ្លែង​ថា៖

«ប៉ុន្តែ​ប្រសិន​បើ​អឺរ៉ុប​ហ្នឹង​វា​កាន់តែ​ខ្យោយ​ វាធ្វើ​ឲ្យ​ខ្មែរ​ហ្នឹង​វា​ខាត​ទៅ​វិញទេ ដោយសារ អី?​ ​អា​មហា​យក្ខ​ចិន​ហ្នឹង​គឺ​ចាប់​ផ្តើម​ស៊ីឈាម​ខ្មែរ​បន្តទៅ​ទៀត។​ តំាង​ពី​ជំនាន់​ប៉ុល ពត​ មក​ ហើយ​យើង​នឹង​អាច​ងាក​ទៅ​ធ្វើ​ជា​ខ្ញុំ​ចិន​វិញ»។​

បើ​ទោះ​ជា​មាន​ការ​បារម្ភ​រឿង​ការ​ប្រេះឆា​នៅ​ក្នុង​សហគមនន៍​អាស៊ាន​ក៏​ដោយ​ ក៏​នៅ​ក្នុង​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើតគណបក្ស​ប្រជាជន​កម្ពុជា​កាលពីថ្ងៃ​អង្គារ​កន្លង​ទៅ​ លោក​ហ៊ុន សែន​បាន​អះ​អាង​ថា​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​នឹង​មិន​អាច​បែក​បាក់​គ្នា​នោះ​ ​បើ​ទោះ​ជា​សមាជិក​មួយ​ចំនួន​មានជំហរ​ខុស​គ្នា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​អវិជ្ជមាន​ទៅ​លើ​ទីផ្សារ​អាស៊ី​ ហើយ​រូបិយបណ្ណ​ផោន​របស់​អង់គ្លេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​មក​នេះ។​ ​អ្នក​ចូលរួម​បោះ​ឆ្នោតនៅ​អង់គ្លេស​មាន​ចំនួន​ច្រើន​ដល់៧២​ភាគរយ​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ​ ​បើ​ទោះ​បី​ជា​មាន​ព្យុះ​ភ្លៀង​ខ្លាំង​នៅ​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​នេះ​ក៏​ដោយ។​ ប្រជាមតិនេះ​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ដ៏​ខ្លាំង​ក្លា​ ​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​នៅ​ក្នុង​ប្រទេស​ដែល​អត្រា​អន្តោ​ប្រវេសន៍​កើន​ឡើង​ទ្វេដង​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​កន្លង​មក​នេះ៕

XS
SM
MD
LG