\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អន្តរាគមន៍​លោក​ហ៊ុន សែន​លើក​ទឹក​ចិត្ត​​​ប្រតិបត្តិករ​​ឡាន​ពេទ្យ​ខុសច្បាប់​


រថយន្ត​ស៊េរី​ទំនើបៗ​ចំនួន៣​គ្រឿង​ដែល​បាន​បំពាក់​​សម្ភារៈ​​និង​ស្លាកលេខ​គ្រប់​ទាំងអស់​ គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ ត្រូវលោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ប្រគល់​ជូនអាចារ្យ​អេ អគ្គ​នាយក​វិទ្យុ ​ABC នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦​។ (ទំព័រ Facebook របស់​លោក ប៉ា សុជាតិវង្ស)

រថយន្ត​ស៊េរី​ទំនើបៗ​ចំនួន៣​គ្រឿង​ដែល​បាន​បំពាក់​​សម្ភារៈ​​និង​ស្លាកលេខ​គ្រប់​ទាំងអស់​ គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ ត្រូវលោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ប្រគល់​ជូនអាចារ្យ​អេ អគ្គ​នាយក​វិទ្យុ ​ABC នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦​។ (ទំព័រ Facebook របស់​លោក ប៉ា សុជាតិវង្ស)

ក្រោយ​ការ​បង្គាប់​របស់​លោក​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​​លោក​ ប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ ​បាន​ប្រគល់​រថយន្ត​ស៊េរី​ទំនើបៗ​ចំនួន៣​គ្រឿង​ជូន​អាចារ្យ​អេ ​អគ្គ​នាយក​វិទ្យុ ​ABC។

អ្នក​សង្កេត​ការណ៍​សង្គម​កម្ពុជា​បារម្ភ​ថា ​ការ​ប្រគល់​រថយន្ត​ដែល​មន្រ្តី​មាន​សមត្ថកិច្ចចាប់​បាន​ក្នុង​ការ​អនុវត្ត​ការងារ និង​ការ​ផ្តល់​រថយន្ត​បន្ថែម​ចំនួន​៣​គ្រឿង​ជា​អំណោយ​ដែល​មាន​ដាក់​ឈ្មោះ​របស់​នាយក​រដ្ឋមន្រ្តី​ផ្ទាល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច។​

កាល​ពី​ថ្ងៃ​ទី១៣ ​ខែ​សីហា ​ប្រធាន​មន្ទីរ​សុខាភិបាល​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ចុះចាប់​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​របស់​វិទ្យុ ​ABC ​របស់​អាចារ្យ​អេ ​បន្ទាប់​ពី​បាន​មន្ត្រី​សុខាភិបាល​រក​ឃើញ​ថា​ រថយន្ត​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ដោយ​ពុំ​មាន​ការ​ចុះ​បញ្ជី​រថយន្ត​គិលាន​សង្គ្រោះ ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ ​នៅ​ថ្ងៃ​ដដែល​លោក​ ហ៊ុន សែន ​បាន​ប្រកាស​នៅ​តាម​វិទ្យុ ​ABC ​អំពី​ការ​ដក​តំណែង​លោក​ សុខ សុគន្ធ ​ប្រធាន​មន្ទីរ​សុខាភិបាល​ភ្នំពេញ​ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​និយាយទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​កាន់វិទ្យុ​ ABC ។ ​លោក ​ហ៊ុន សែន ​ក៏​បាន​សម្រេច​ឧបត្ថម្ភ​រថយន្ត​ចំនួន​២​គ្រឿង​ជូន​ដល់​វិទ្យុ ​ABC ​និង​បង្គាប់​ឲ្យ​សាលា​រាជ​ធានីភ្នំពេញ​រៀបចំ​បំពាក់​ស្លាកលេខ​សម្រាប់​រថយន្ត​ទាំងនោះ​ដើម្បី​ប្រគល់​ជូន​ក្នុង​ការជួយ​សង្គ្រោះប្រជា​ពលរដ្ឋ​ផង​ដែរ។​

លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ប្រគល់រថយន្ដអន្ដរាគមន៍ចំនួន០៣គ្រឿង ដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់អាចារ្យ​អេ អគ្គ​នាយក​វិទ្យុ ​ABC នៅសាលារាជធានី​ភ្នំពេញ កាល​ពី​ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ (ទំព័រ Facebook របស់​លោក ប៉ា សុជាតិវង្ស)

លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ប្រគល់រថយន្ដអន្ដរាគមន៍ចំនួន០៣គ្រឿង ដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់អាចារ្យ​អេ អគ្គ​នាយក​វិទ្យុ ​ABC នៅសាលារាជធានី​ភ្នំពេញ កាល​ពី​ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ (ទំព័រ Facebook របស់​លោក ប៉ា សុជាតិវង្ស)

ក្រោយ​ការ​បង្គាប់​របស់​លោក​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ ប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ ​បាន​ប្រគល់​រថយន្ត​ស៊េរី​ទំនើបៗ​ចំនួន៣​គ្រឿង​ដែល​បាន​បំពាក់សម្ភារៈនិង​ស្លាកលេខ​គ្រប់​ទាំងអស់​ គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ ជូន​អាចារ្យ​អេ ​អគ្គ​នាយក​វិទ្យុ ​ABC។ ​រថយន្ត​ដែល​ឧបត្ថម្ភ​ដោយ​លោក​ហ៊ុន សែន​មាន​បិទស្លាក​«អំណោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព

លោក ​យ៉ង់ គឹមអេង ​ប្រធាន​នៃ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្ដិភាព​ បាន​ប្រាប់ ​VOA ​ថា ​ការ​ផ្តល់​រថយន្ត​ចំនួន​៣គ្រឿង​ដល់​វិទ្យុ​ ABC ​គឺ​ជា​ការ​សហការ​គ្នា​រវាង​ស្ថាប័ន​រដ្ឋ ​និង​ឯក​ជន ​តែ​លោក​ថា ​លោក​នាយក​រដ្ឋមន្រ្តី​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្ថាប័ន​រដ្ឋ​ដើម្បី​ពង្រឹង​គុណ​ភាព​សេវា​សាធារណៈ។​ លោក​បន្ថែម​ដោយបារម្ភ​ថា ​អ្នក​ដែល​ទទួល​បាន​រថយន្ត​នេះ​នឹង​អាច​យក​ទៅ​ប្រើ​ប្រាស់​ខុស​ច្បាប់ ​ហើយសមត្ថកិច្ច​អាច​នឹង​មិន​ហ៊ាន​ចាប់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ដាក់​ស្លាក​ ​ដាក់​ឈ្មោះអ្នក​ធំៗ​ អ្នក​មាន​មុខមាត់​ក្នុង​ស្ថាប័ន​រដ្ឋ​ហ្នឹង ​ជាទូទៅប្រជាជន​គេខ្លាច​ អ្នក​ដទៃ​ក៏​ខ្លាច ​ប៉ូលិស​អី​ក៏​ខ្លាច​ដែរ​ មិន​សូវ​ហ៊ាន​ប៉ះពាល់ ​ហើយ​សូម្បី​អ្នក​ធ្វើ​ដំណើរ​អី​កាល​ណា​ឃើញ​ឡាន​ដែល​មាន​ដាក់​ស្លាកអំណោយ​អ្នក​នេះ​ អ្នកនោះ​នៅ​ក្នុង ​អ្នកធំ​ រដ្ឋាភិបាល​ ធម្មតា​គ្នា​រាង​ខ្លាច​ដែរ។​ អញ្ចឹង​ខ្ញុំ​ថា​ ចំពោះ​បញ្ហា​ហ្នឹង ​បើ​សិនជា​មាន​ការ​ខុសឆ្គង​អី​ថ្ងៃ​ក្រោយ​ទៀត​ ខ្ញុំ​បារម្ភ​ថា​ សមត្ថកិច្ច​ហ្នឹង​មិន​ហ៊ាន​ប៉ះ​ពាល់​ទេ ​ប្រសិន​ជា​ប្រើ​នៅ​ក្នុង​ន័យខុស»។​

លោក​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA)​។ (ឡេង ឡែន/VOA)

លោក​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA)​។ (ឡេង ឡែន/VOA)

ស្រដៀង​គ្នា​នេះ​ដែរ ​លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA)​ យល់​ថា ​ការ​ផ្តល់​រថយន្ត​ដែល​ដាក់​ឈ្មោះ​របស់​នាយក​រដ្ឋមន្រ្តី​ផ្ទាល់គឺ​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​ហ៊ាន​ធ្វើ​អន្តរាគមន៍​ ឬ​ចាត់​វិធានការ​ទេ នៅ​ពេល​រថយន្ត​នោះ​ត្រូវ​គេ​ប្រើ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ណា​មួយ។​

លោក​បន្ថែម​ថា៖​

«លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​គួរ​តែ​ប្រកាសដែរ​ថា​ អ្វីៗ​ដែល​ជា​អំណោយ​របស់​គាត់ហ្នឹងចាំ​បាច់​វា​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ ការ​អនុវត្ត​ច្បាប់​ទាំងអស់ ​បើ​សិន​ជា​មាន​បញ្ហា​អី​មិន​ប្រក្រតី ​ឬ​ក៏​មើល​ទៅ​មាន​ការ​សង្ស័យ ​គួរ​តែ​បើក​ឲ្យ​មាន​ការ​អង្កេត ​ឬក៏​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ​ប្រឆាំង​នឹង​មធ្យោបាយ​ដែល​ជា​អំណោយ​របស់​គាត់ ​ហើយ​ដែល​មាន​ការ​សង្ស័យ​ពី​សមត្ថកិច្ច​ ព្រោះ​កន្លង​មក​យើង​ឃើញ​ថា​ មាន​រូប​ភាព​ស្រដៀង​ហ្នឹង​ដែរ​ ឃើញ​រថយន្តពាក់​ស្លាកលេខ​ខ.ម. ស្លាកលេខ​ន.ប.​ខ្លះ ​ហើយ​សូម្បី​តែ​ឡាន​សាមុយ ​Ambulance ​(រថយន្ត​សង្គ្រោះ​បន្ទាន់)​ ខ្លះ​ហ្នឹង​ដឹក​ឈើ​ក្រញូងអី​ជាដើម»។​

VOA ​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ​លី សូវ៉ាន់ ​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ទេ។

​ចំណែក​អគ្គ​នាយក​វិទ្យុ ​ABC​ លោក ​សេង ប៊ុនវេង ​ហៅ​អាចារ្យ​អេ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។​

ប៉ុន្តែ​ក្នុង​ពិធី​ប្រគល់​រថយន្ត​នៅ​សាលា​រាជធានី​ភ្នំពេញ​ ព្រឹកថ្ងៃអង្គារ​ លោក​ ជា ប៊ុនវេង​ ហៅ​អាចារ្យ​អេ​និយាយ​ថា ​លោក​មិន​អរគុណ​លោក​ ហ៊ុន សែន ចំពោះ​ការ​ឲ្យ​ឡាន​នេះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«សម្តេច​នាយក​ឲ្យ​ឡាន​មក​ហ្នឹង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ការ​ងារ​របស់រដ្ឋាភិបាល​ ដែល​រដ្ឋាភិបាល​គេ​មាន​បណ្តាញ​របស់​គេ​ស្រេច​ហើយ។​ ប៉ុន្តែ​វា​មាន​ខ្លះ​ដែល​វា​អាច​ចន្លោះ ​ហើយ​យើង​ស្រង់​យក​កន្លែង​នោះ​មក​ដើម្បី​ឲ្យ​វា​ឥត​ខ្ចោះ​ក្នុង​ការ​បម្រើ​រដ្ឋាភិបាល​របស់​គាត់ ​មិនមែន​របស់​អាចារ្យ​ទេ។​ ​អាចារ្យអេ​អត់​មាន​តួនាទី​ទេ។​ ​គាត់​គ្រាន់​តែ​ប្រើ​អាចារ្យ​អេ​ឲ្យទៅ​ធ្វើ​ការ​ដើម្បី​គាត់​ប៉ុណ្ណោះ​ឯង»។​

ការ​ផ្តល់រថយន្ត​ដោយលោក​ហ៊ុន សែន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​សុខ សុគន្ធ ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ឃាត់​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿងរបស់​វិទ្យុ​ ABC​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​បាន​ប្រើប្រាស់​សម្រាប់​ដឹក​គ្រឿង​ភេសជ្ជៈ​ទឹក​ត្របែក​ចំនួន​១២៨​ប្រអប់។​ រថយន្ត​នេះ​ត្រូវ​បាន​រាយ​ការណ៍​ថា ​មិនមាន​ពាក់​ស្លាក​លេខ​សម្គាល់ ​មិន​បាន​ចុះ​បញ្ជី ​និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នោះទេ។​

បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត ​The Cambodia Daily ​បាន​ឲ្យ​ដឹង​ថា ​វិទ្យុ ​ABC​ នេះ​ជា​របស់​លោក​សេង ប៊ុនវេង ​ហៅ​អាចារ្យ​អេ។ ​កាល​ពីមុន​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣​ លោក​បាន​ព្រមាន​ថា ​ឈាម​នឹង​ហូរ ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​កាន់​អំណាច៕

XS
SM
MD
LG