ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ហ៊ុន សែន ជំរុញ​ឲ្យ​យុវជន​កម្ពុជា​រៀន​ពី​សៀវភៅ​ «ស៊ី ជីនពីង អភិបាល​កិច្ច​ប្រទេស​ចិន»


រូបឯកសារ៖ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន (ខាងឆ្វេង) ចាប់ដៃ​ជាមួយនឹង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង មុនពេល​កិច្ចប្រជុំ នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃសុក្រ ទី០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​កម្ពុជា​អាន​សៀវភៅ​នេះ​ដើម្បី​រៀន​ពី​ចំណុច​​សំខាន់ៗ​ សម្រាប់​ជា​គោលដៅ​ក្នុង​ជីវិត។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​យុវជន​អាន​សៀវភៅ​ស្ដីពីការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ក្នុង​ដឹកនាំ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​រាប់​ទសវត្ស​រ៍ ដើម្បី​រៀន​សូត្រ​ពី​ចំណុច​សំខាន់ៗយក​ទៅ​អភិវឌ្ឍសេដ្ឋកិច្ច​របស់​សង្គម​កម្ពុជា។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ ហ៊ុន សែន បាន​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​មាន​ចំណង​ជើង​ថា «ស៊ី ជីនពីង អភិបាល​កិច្ច​ប្រទេស​ចិន» ដែល​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ចិន​ជាច្រើន​រូប នៅ​វិមាន​សន្តិភាព។​ នេះ​ជា​រឿង​ដ៏​កម្រ​ដែល​លោក​ ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវភៅ​ ជា​ពិសេស​សៀវភៅ​ដែល​និយាយ​ពី​បរទេស។​

VOA មិន​ទាន់​បាន​ដឹង​ពី​ចំនួន​ទំព័រ និង​អត្ថន័យក្នុងសៀវភៅ​ដែល​មិន​ទាន់​ត្រូវ​បានដាក់​លក់​ជា​សាធារណៈនេះ​នៅ​ឡើយ​ទេ។​

លោក ជាំង ជៀងកៅ (Jiang Jiauguo) សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវភៅ​ស្ដីពី​អភិបាលកិច្ច​ប្រទេស​ចិន​របស់​ប្រធានាធិបតី​ប្រទេស​ចិន​ ស៊ី ជីនពីង លើក​ឡើង​ថា សៀវភៅ​នេះ​បាន​ចងក្រង​នូវ​អត្ថបទ​សុន្ទរកថា​ជា​ច្រើន​របស់​លោក ស៊ី ជីនពីង ដោយបានឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ចំនួន​៣​ជា​ស្នូល។

លោក​បញ្ជាក់​ថា ទស្សនៈទី១ ជា​ទស្សនៈដែល​លើក​តម្កើង​តម្លៃ​ប្រជាជន​ជា​ចម្បង​និង​ការ​បម្រើ​ប្រជា​ជន​ដោយ​ស្មោះ​អស់​ពី​ដួងចិត្ត ដែល​លោក​ថា​ជា​កម្មវត្ថុ​នៃ​បក្ស​កុម្មុយនិស្ត​ចិន។ ទស្សនៈ​ទី២ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​រៀបចំ​គោល​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា ដោយ​គុណ​ធម៌​សង្គម ដើម្បី​ឲ្យ​ប្រជាជន​ទាំង​អស់​មាន​ជីវភាព​សមរម្យ​ដូចគ្នា។ ទស្សនៈ​ទី៣ គឺជា​បែប​បទ​អនុវត្ត​ជាក់ស្ដែង តាមរយៈ​ការ​រៀប​ចំ​បង្កើត​ប្រព័ន្ធ​អប់រំ​ដោយ​ឥត​គិត​ថ្លៃ ការ​បង្កើតប្រព័ន្ធ​ធានា​វិស័យ​សុខាភិបាល​ជា​មូលដ្ឋាន​ និង​ធានា​ដល់​ការ​មើល​ថែ​មនុស្ស​ចាស់​ជាដើម។

លោក ហ៊ុន សែន បាន​រៀប​រាប់​ក្នុង​ពិធី​សម្ពោធ​ផ្សព្វផ្សាយ​នោះ​ថា​ សៀវភៅ​នេះ​គឺជា​ផ្នែក​មួយ​ បង្ហាញ​ពី​អភិបាលកិច្ច​នៃ​ប្រទេស​ចិន និង​ជា​ប្រយោជន៍​សំខាន់​ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា អំពី​គំនិត​របស់ លោក ស៊ី ជីនពីង ជុំវិញ​អភិបាល​កិច្ច​របស់​ប្រទេស​ចិន។

លោក​បន្ត​ថា សៀវភៅ​នេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ ប្រទេស​ចិន​ឆ្ពោះ​ទៅ​រក​ការ​កែទម្រង់​ស៊ី​ជម្រៅ​មួយ និង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិនពីង។

លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​កម្ពុជា​អាន​សៀវភៅ​នេះ​ដើម្បី​រៀន​ពី​ចំណុចសំខាន់ៗ​ សម្រាប់​ជា​គោលដៅ​ក្នុង​ជីវិត។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឯកឧត្ដម លោក​ជំទាវ អស់​លោក លោកស្រី ក្មួយៗ​យុវជន សិស្សនិស្សិត​ទាំងអស់ សូម​យក​សៀវភៅ «ស៊ី ជីនពីង អភិបាលកិច្ច​ប្រទេស​ចិន» នេះ​ទៅ​អាន ហើយខិតខំ​ចម្រាញ់​យក​ទស្សនៈ​ល្អៗ​ជា​ធាតុ​ផ្សំ ក្នុង​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ ស្រប​ទៅ​តាម​ស្ថាន​ភាព និង​បដិការ​អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច​កម្ពុជា»។

ការប្រកាសឲ្យ​ប្រជាពលរដ្ឋ​រៀន​សូត្រតាមសៀវភៅ «ស៊ី ជីនពីង អភិបាលកិច្ច​ប្រទេស​ចិន» នេះ​ ធ្វើ​ឡើងស្រប​ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​ផ្សាយ​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា«ប្រាប់ពី​ការ​ពិត»។

ឯកសារ​នេះ ​បាន​សរសេរ​វាយ​ប្រហារ​ប្រទេស​លោក​ខាងលិច ​ដែល​ធ្វើការ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក​ ថា​បានធ្វើ​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន មួល​បង្កាច់​អំពីតថភាព​ និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ក្នុង​គោល​បំណង​បង្ហាញ​រូបភាព​អវិជ្ជមាន​អំពី​កម្ពុជា និង​ដាក់​កំហុស​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

លោក​ ឈាង វណ្ណារិទ្ធ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ ប្រាប់ VOA ថា ការ​ដែល​លោក​នាយករដ្ឋមន្រ្តីចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រៀន​សូត្រ​ពី​សៀវភៅដែល​សរសេរ​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​របស់​ប្រទេស​ចិន គឺជាការ​បង្ហាញ​ពី​ទំនាក់​ទំនង​ពិសេស​ជាមួយ​ប្រទេស​ចិន។

លោក​បន្ថែម​ថា ការ​បង្ហាញ​នូវ​ទំនាក់​ទំនង​ស្អិតល្មួត​ជ្រុល​ជាមួយប្រទេស​ចិន អាច​ជា​ការ​បង្ហាញ​ថា កម្ពុជា​មាន​ចិន​ជា​ខ្នង​បង្អែក និង​មិន​បារម្ភ​ពី​ការ​ដាក់​សម្ពាធ​ណា​មួយ​ពីអន្តរជាតិ​ ដែល​លោក​ថា ទង្វើ​នេះអាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេសផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «ចង់​ផ្ដល់​សញ្ញា​ទៅ​ដល់​លោក​ខាង​លិច​ថា ការ​លូក​ដៃ​ចូល​ពី​លោក​ខាង​លិច​មក​បញ្ហា​នៅ​ក្នុង​កម្ពុជា​ ប្រហែល​ជា​ពុំ​មាន​ឥទ្ធិពល ឬ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អ្វី​នៅ​កម្ពុជា​ទេ ពី​ព្រោះកម្ពុជា​មាន​ភាគី​ចិន​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់»។​

លោក ឈាង វណ្ណារិទ្ធ​ បន្ថែម​ថា កម្ពុជា​អាច​រៀន​ពី​ចំណុច​វិជ្ជមាន​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​ចិន​បាន លុះ​ត្រា​តែ​កម្ពុជា​ មាន​ឆន្ទៈ​នយោបាយ​ដោយ​ធានា​ប្រព័ន្ធ​គ្រប់​គ្រង​ដែល​មាន​ប្រសិទ្ធភាព និង​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង។

ទោះ​ជា​យ៉ាង​ណា ​លោក​ថា កម្ពុជា​គួរតែ​រៀន​ពី​បណ្ដាប្រទេសអភិវឌ្ឍន៍​ផ្សេង​ទៀត​ជា​ច្រើន មិនមែន​រៀន​តែ​ពីប្រទេស​ចិន​នោះ​ទេ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ លោក ស៊ី ជីនពីង បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង និង​ពិធី​សារ​ចំនួន៣១ ទាក់ទង​នឹង​ការ​សាងសង់​ផ្លូវ មន្ទីរពេទ្យ ប្រព័ន្ធ​ធារា​សាស្ត្រ វារីអគ្គិសនី និង​ទំនាក់ទំនង​ពាណិជ្ជកម្មជាដើម ក្នុង​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ ក្នុង​នាម​ជា​ប្រធានាធិបតី​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន។ ​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង​ នា​ពេល​នោះ ប្រទេស​ចិន​បាន​យល់ព្រម​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់ និង​បានជួយ​ដល់​វិស័យ​យោធា​កម្ពុជា​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​ខ្ចី​លុយ​ប្រទេស​ចិន ប្រមាណ​ជា​៦០​លាន​ដុល្លារ​បន្ថែម។

គិត​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ​កម្ពុជា​ជំពាក់​បំណុល​ចិន​ជិត​៤ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ កាលពី​ខែ​តុលា ឆ្នាំ​២០១៦៕

XS
SM
MD
LG