ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងអង្គរក្សប្រកាសការពារលោកហ៊ុន សែន និងគ្រួសារហើយប្រឆាំងបដិវត្តន៍ពណ៌


​កង​អង្គរក្ស​​ដើរជា​ក្បួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៨​នៃ​ការ​បង្កើត​កង​អង្គរក្ស​លោក​ហ៊ុន សែន​។ (រូបថត៖ ឡេង ឡែន VOA ខ្មែរ​/ថ្ងៃ៤​ កញ្ញា២០១៦)
​កង​អង្គរក្ស​​ដើរជា​ក្បួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៨​នៃ​ការ​បង្កើត​កង​អង្គរក្ស​លោក​ហ៊ុន សែន​។ (រូបថត៖ ឡេង ឡែន VOA ខ្មែរ​/ថ្ងៃ៤​ កញ្ញា២០១៦)

មេ​ដឹក​នាំ​នៃ​បញ្ជា​ការដ្ឋាន​កង​អង្គរក្សបាន​ធ្វើ​ការ​ប្រកាស​កាល​នៅថ្ងៃ​អាទិត្យ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៨​នៃ​ការ​បង្កើត​កង​អង្គរក្ស​លោក​ហ៊ុន សែនថា​ ខ្លួន​បេ្តជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ការពារ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជាង​បី​ទសវត្សរ៍មក​នេះ។​ ក្រុម​មេ​បញ្ជាការ​ក៏​ប្រកាស​បេ្តជ្ញា​ប្រឆាំង​នឹង​ចលនា​បដិវត្តន៍​ពណ៌​ ​ការពារប្រជា​ពលរដ្ឋរដ្ឋ​ធម្មនុញ​ និង​ព្រះ​មហា​ក្សត្រ​ផង​ដែរ។​

មេ​ដឹកនាំ​នៃ​បញ្ជាការ​រដ្ឋាន​អង្គរក្ស​ប្រកាសថា ​ខ្លួន​ប្រឆាំង​ជា​ដាច់​ខាត​រាល់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ និង​អំពើ​ភេរវ​កម្ម​នៅ​កម្ពុជា​ ដើម្បី​ការ​ពារ​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ​ប្រទេស​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​បាន​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​ខ្មែរ​នឹង​ខ្មែរ​នៅ​ក្នុង​១៩៩៨។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង នៅព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ឯ​ទី​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។​

លោកហ៊ីង ប៊ុនហៀង ​មេបញ្ជា​ការកងអង្គរក្សលោកហ៊ុន សែនថ្លែង​ប្តេជ្ញាការពាររដ្ឋាភិបាល។​
លោកហ៊ីង ប៊ុនហៀង ​មេបញ្ជា​ការកងអង្គរក្សលោកហ៊ុន សែនថ្លែង​ប្តេជ្ញាការពាររដ្ឋាភិបាល។​

ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​នេះ​ លោក​ប៉ុល សារឿន​ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ ​មាន​ប្រសាសន៍​ថា ​ក្រុមកង​អង្គ​រក្ស​នឹងបង្កើន​ប្រសិទ្ធ​ភាព​ការ​បង្ការ ​ទប់​ស្កាត់​ និង​បង្រ្កាប​អំពើ​អសន្តិសុខ​នានា​ក្នុង​ប្រទេស​ ឬ​សកម្ម​ភាព​បង្ក​គ្រោះថ្នាក់ផ្សេងៗ​ទៀត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ និង​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​ និង​សន្តិសុខ​ជាតិ​ទាំងមូល។​ លោក​បន្ត​ថា​ ក្រុម​កង​អង្គ​រក្ស​ប្ដេជ្ញា​ការពារលោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ព្រមទាំង​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​ចុង​ក្រោយ​នៃ​ការ​ចូលរួម​មតិ​នេះ​ សូម​ធ្វើ​បទ​បញ្ជាពីរ​ដូច​ត​ទៅ​នេះ៖​ ទី​មួយ​ដាច់​ខាត​ស្មោះត្រង់​ការពារ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន​ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​ក្រុម​គ្រួសារ​ឲ្យ​បាន​មួយ​រយ​ភាគ​រយ។​ ទីពីរ​ដាច់​ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ»។​

កង​អង្គរក្សដើរជា​ក្បួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៨​នៃ​ការ​បង្កើត​កង​អង្គរក្ស​លោក​ហ៊ុន សែន​។ (រូបថត៖ ឡេង ឡែន VOA ខ្មែរ​/ថ្ងៃ៤​ កញ្ញា២០១៦)
កង​អង្គរក្សដើរជា​ក្បួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៨​នៃ​ការ​បង្កើត​កង​អង្គរក្ស​លោក​ហ៊ុន សែន​។ (រូបថត៖ ឡេង ឡែន VOA ខ្មែរ​/ថ្ងៃ៤​ កញ្ញា២០១៦)

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​យឹម សុវណ្ណ​មាន​ប្រសាសន៍​ប្រាប់​ VOA​នៅពី​ថ្ងៃ​អាទិត្យនេះ​ថា ការ​ធ្វើ​បដិវត្តន៍​មិនមែន​ជា​ជម្រើស​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ ហើយ​ប្រជា​រាស្ត្រ​ខ្មែរ​ក៏​មិនមាន​សេចក្តី​ស្រេក​ឃ្លាន​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​នោះ​ដែរ។​

«មិន​មាន​ទេ។ ​ខ្ញុំ ​អ្នក​នយោបាយ​ មិន​មាន​អ្នក​ណា...​ ខ្ញុំ​ក្នុង​នាម​អ្នក​នយោបាយ​ ក៏​ខ្ញុំ​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​នេះ​ដែរ។​ ខ្ញុំ​មិន​ចង់​ឃើញ​ពាក្យ​បដិវត្តន៍​ ពាក្យ​ស្អី​ហ្នឹង​ គឺ​ពាក្យ​ទាំង​អស់​ហ្នឹង​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​មក​ទល់​សព្វ​ថ្ងៃ​ហ្នឹង ​ព្រាត់​ប្រាស់​ក្រុម​គ្រួសារ​ ស្លាប់​សមាជិក​ក្នុង​គ្រួសារ​ ​ដោយសារ​សង្រ្គាម​ស៊ីវិល​ ដោយសារ​ពួក​ខ្មែរ​ក្រហម​ ដោយសារ​ពួក​បដិវត្តន៍​ហ្នឹង។ ដូច្នេះ​យើង​អត់​ចង់​ជួប​ប្រទះ​ទេ។​ ខ្ញុំ​ជឿ​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ មិនចង់​ឃើញ​ការ​បង្ហូរ​ឈាម​ ការ​សម្លុត​ខ្មែរ​គ្នា​ឯង​គឺ​មិន​ចង់​ទេ»។​

លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អាទិត្យ​នេះថា ​ប្រជារាស្ត្រ​ខ្មែរ​ ឬក្រុម​អ្នក​នយោបាយ​មិនអាច​បំផុស​ឲ្យ​មាន​ចលនា​បដិវត្តន៍​នោះ​ទេ​ នៅ​គ្រា​ដែល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ កំពុង​ជួប​ការ​អភិវឌ្ឍ​ក្នុង​គន្លង​មួយ​ដែល​មិន​បង្កើត​ហានិភ័យ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​រាស្ត្រ។

«ខ្ញុំ​មើល​ទៅ​ ​វា​ទៅ​មិន​រួច​ទេ ​លើក​លែង​តែ​សេដ្ឋ​កិច្ច​ធ្លាក់​ខ្លាំង។​ បើ​សិន​សេដ្ឋកិច្ច​ធ្លាក់​ខ្លាំង​មាន​ប្រជា​ពលរដ្ឋ​ឈឺ​ចិត្ត​ខ្លាំង​ អា​ហ្នឹង​វា​អាច​មាន​បាតុកម្ម​អី​ធ្ងន់ធ្ងរ។ តែ​បើ​អត់​ទេ​គឺ​អត់​មាន​ទេ​ បាទ។​ ប្រជា​ពលរដ្ឋ​យើង​នៅ​មិន​ទាន់​ហ៊ាន​ មិនទាន់​មាន​សុវត្ថិភាព​ នៅ​មាន​ការ​បាក់ស្បាត ​គ្មាន​សមត្ថភាព ​ដោយសារ​សេដ្ឋកិច្ច។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ជន​បទ​ទេ​ ​មិនមែន​ជា​ប្រទេស​មួយ​ដែល​ប្រជា​ពលរដ្ឋ​ភាគច្រើន​នៅ​ក្រុង ​នៅ​ប្រជុំ​ជន​ទេ»។​

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បន្ត​មាន​សេចក្តី​ភ័យ​ខ្លាច​ នៃ​ការ​ផ្ទុះ​ឡើង​ចលនា​បដិវត្តន៍​ពណ៌​ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ អាហ្វ្រិក​ និង​ អឺរ៉ុប​ខាងកើត។​ ដើមចម​នៃ​ចលនា​បដិវត្តន៍​ទាំង​នោះ​ផ្តើម​ចេញ​ពី​ការ​ធ្លាក់​ចុះដុន​ដាប​ផ្នែក​សេដ្ឋកិច្ច​ គម្លាត​ខុសគ្នា​ខ្លាំង​នៃ​ទ្រព្យ​សម្បតិ្ត​ ការ​ក្រាញអំណាច​យូរឆ្នាំ​ និង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ជាដើម។​

លោក​អ៊ូ វីរៈ​បន្ត​ថា៖

«ការណ៍​ពិត ការពារ​រដ្ឋធម្មនុញ​ ការពារ​ប្រជា​ពលរដ្ឋ ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ជា​តួនាទី​ត្រឹមត្រូវ​គឺ​អត់​មាន​អី​ខុស​ទេ។​ តែ​បើ​និយាយ​រឿង​ព្រួយ​បារម្ភ​រឿង​បដិវត្តន៍​ពណ៌​វិញ ​ខ្ញុំ​មើល​ទៅ​ វា​មាន​គន្លឹះ​ពីរ​ដែល​សំខាន់​នោះ​ ​ទីមួយ​គឺ​ការ​ព្រួយ​បារម្ភ​មែនទែន​ ការ​ព្រួយ​បារម្ភ​មែន​ទែន​ គឺ​គាត់​ខ្លាច​ជ្រុល។ ខ្ញុំ​មើល​ទៅ​គាត់​គឺ​ព្រួយ​បារម្ភ​ជ្រុល។ ​ទីពីរ​ខ្ញុំ​មើល​ទៅ​ជា​យុទ្ធ​សាស្រ្ត​ ប្រហែល​ជា​យុទ្ធ​សាស្រ្ត​ដណ្ដើម​អំណាច​គ្នា​ទេ ​ឬ​មួយ​ក៏​យុទ្ធ​សាស្រ្ត​ទាញ​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ ​ពេលណា​យក​បដិវត្តន៍​ពណ៌​ធ្វើជា​ខ្មោច​លង​គ្នា​ទៅ​ គេ​ថា​ ដើម្បី​បង្ការ​ ឲ្យ​អំណាច​មក​ខ្ញុំ​អី​បន្តិច​មក​ ឲ្យ​ឥទ្ធិពល​មក​ខាង​ខ្ញុំ​អី​វិញមក។ ​ជា​យុទ្ធ​សាស្រ្ត​ដណ្ដើម​តួនាទី​គ្នា​នៅ​ក្នុងជួរ​រដ្ឋាភិបាល។ ​ខ្ញុំ​ឃើញ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​គេ​ធ្វើ​អញ្ចឹង។ ​ហើយ​ខ្ញុំ​មិន​ឃើញ​មាន​អី​ត្រូវ​ព្រួយ​បារម្ភ​អី​ផង»។​

នៅ​ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​បង្កើត​ក្រុម​កង​អង្គ​រក្សនេះ​ គេ​សង្កេត​ឃើញ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​នាយ​ទាហាន​ជាន់ខ្ពស់ ​អ្នក​វិយោគ​ជាតិ​ និង​អន្តរ​ជាតិ​នានា។​ ​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ភេរវ​កម្ម ​និង​ជា​អនុ​ប្រធាន​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស និង​ជាកូន​ប្រុស​ច្បង​របស់លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ព្រមទាំង​លោក​ហ៊ុន ម៉ានិត​កូនប្រុស​ទី​ពីរ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​អនុ​ប្រធាន​អង្គភាព​ចារកម្ម​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ពិធី​នេះផងដែរ៕

XS
SM
MD
LG