ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ប្រកាស​ផែនការ​វេទិកា​សាធារណៈ​ក្នុង​រដ្ឋាភិបាល​ថ្មី


លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​អាណត្តីថ្មី​ដែល​ទទួល​ស្គាល់ដោយសមាជិកសភា​គណបក្សខ្លួន​ឯង បើក​សម័យ​​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឯកបក្សលើក​ដំបូង។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​អាណត្តីថ្មី​ដែល​ទទួល​ស្គាល់ដោយសមាជិកសភា​គណបក្សខ្លួន​ឯង បើក​សម័យ​​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឯកបក្សលើក​ដំបូង។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ដែល​ទើប​ឡើង​បន្ត​កាន់​អំណាច​ជា​ផ្លូវ​ការ​បាន​ដាក់​បញ្ជា​ម៉ឺងម៉ាត់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ឲ្យ​មាន​ការ​រៀប​ចំ​វេទិកា​សាធារណៈ​នៅ​តាម​ក្រសួង​ នៅ​គណៈរដ្ឋ​មន្ត្រី​និង​តាម​មូលដ្ឋានដើម្បី​ទទួល​យក​ការកែ​តម្រូវ​និង​សេចក្តី​ត្រូវ​ការ​នានា​ពី​ក្រុម​មន្ត្រី​រាជការ ​និង​ប្រជា​ពល​រដ្ឋ។​

បទ​បញ្ជា​ដោយ​ផ្ទាល់​មាត់​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ជា​លើក​ដំបូង​ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ហ៊ុន ​សែន​បាន​ចូល​កាន់​កៅអី​នាយក​រដ្ឋ​មន្ត្រី​អាណតិ​ថ្មី។

នៅ​ចំពោះ​មុខ​រដ្ឋ​មន្ត្រី​ និង​រដ្ឋ​លេខា​ធិការ​មកពី​ក្រសួង​ទាំង​២៧​ និង​រដ្ឋ​លេខាធិការដ្ឋាន នោះ លោក​ហ៊ុន ​សែន​បាន​ថ្លែង​ក្នុង​សន្ទរកថា​រយៈ​ពេល​ប្រាំម៉ោង​ដំបូង​ថា ​វេទិកា​សាធារណៈ​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​អាណត្តិទី​៥​រយៈ​ពេល​ប្រាំឆ្នាំ។​

បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​ត្រូវ​គេ​មើល​ឃើញ​ថា​ ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​បាត់​បង់​អាសនៈ​ក្នុង​រដ្ឋ​សភា​ពី​៩០​មក​ត្រឹម​៦៨​អាសនៈ​វិញ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ខែ​កក្កដា។​

លោក​ហ៊ុន ​សែន ​ទទួល​ស្គាល់​ថា ​នេះ​គឺ​ជា​ការ​កែ​ទម្រង់​មួយ។​

«បើ​មិន​កែ​មិន​បាន​ទេ​ ផ្លាស់​ប្តូរ​ឥរិយាបថ ​ផ្លាស់​ប្តូរ​ការ​គិត ​ផ្លាស់​ប្តូរ​វិធី​ធ្វើ​សកម្មភាព​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ»។​

ក្រៅ​ពី​នោះ​ លោក​ហ៊ុន​ សែន​ក៏​បាន​គូស​បញ្ជាក់​ថា​ នៅ​តាម​បណ្តា​ក្រសួង​និមួយៗ​ត្រូវ​មាន​កិច្ច​ប្រជុំ​ស្វ័យ​ទិតៀន​លើ​ការ​ដឹក​នាំ​ចាប់​ពី​ថ្នាក់​នាយក​ដ្ឋាន​រហូត​ដល់​ថ្នាក់​រដ្ឋ​មន្ត្រី​និង​បន្ថែម​ពី​នោះ​ទៀត​ត្រូវ​មាន​កិច្ច​ប្រជុំ​តិច​តៀន​ និង​វាយ​តម្លៃ​លើ​ការ​ដឹក​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ផង​ដែរ។​

«ជួប​ជុំ​គ្នា​មើល​នា​យក​រដ្ឋ​មន្ត្រី​ធ្វើ​ខុស​អី​ ឲ្យ​រដ្ឋ​លេខាធិការ​ អនុ​រដ្ឋលេខាធិការ​ជុំគ្នា។ ​យើង​ប្រជុំ​បិទ​ទ្វារ។ ​ជួន​កាល​អនុ​រដ្ឋ​លេខាធិការ​ រដ្ឋ​លេខាធិការ​មក​ដាក់​រដ្ឋ​មន្ត្រី​មួយរយៗ​ ​នៅ​មុខ​នាយក​រដ្ឋ​មន្ត្រី​ ឧប​នាយក​រដ្ឋ​មន្ត្រី»។​

ឧប​នាយក​រដ្ឋ​មន្ត្រី​ពីរ​រូប​ ដែល​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​ភារកិច្ច​រៀប​ចំ​វេទិកា​ទាំង​នេះ​គឺ​មាន​លោក​គាត ​ឈន់​ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​ទទួល​បន្ទុក​រៀប​ចំ​វេទិកាក្នុង​គណៈ​រដ្ឋមន្ត្រី ​និង​លោក​ស ​ខេង ​ឧបនា​យក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ទទួល​ខុស​ត្រូវ​ផ្នែក​រៀប​ចំ​វេទិកា​សាធារណៈ​រវាង​រដ្ឋ​អំណាច​និង​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន។​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ទទួល​កំណើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋ​សភា​ពី​២៩​ទៅ​៥៥​អសនៈ​មួយ​ផ្នែក​គឺ​ដោយ​សារ​អំណោយ​ផល​នៃ​ការ​រៀប​ចំ​វេទិកា​សាធារណៈ​នេះដើម្បី​វាស់​ស្ទង់​កម្រិត​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ និង​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ។​

លោក​កឹម ​សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ធ្លាប់​បាន​ប្រកាស​ថា ​លោក​បាន​ដឹក​នាំវេទិកា​សាធារណៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​យ៉ាង​តិច​មួយ​ឆ្នាំ​មុន​ការ​បោះឆ្នោត។​

យ៉ាងណា​ក៏ដោយ ​លោក​សុន ​ឆ័យ​ តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ក្រុង​ភ្នំពេញ​ ​យល់​ថា​ ការ​ដាក់​បញ្ជា​ឲ្យ​មាន​ការធ្វើ​វេទិកា​សាធារណៈ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​មិន​មាន​ប្រសិទ្ធិភាព​នោះ​ទេ។​

«ខ្ញុំថា​ ការ​ធ្វើ​បែប​នេះ​គ្រាន់​តែ​ជា​ការ​ឃោសនា​ទៅ​វិញ​ទេ។ ​ការងារ​មាន​ប្រសិទ្ធិ​ភាព​គឺ​ការងារ​គ្រប់​គ្រង​ច្បាស់​លាស់ ​វិធាន​ការ​ហ្មត់ចត់ ​គឺ​មនុស្ស​មាន​សមត្ថភាព​ មាន​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការងារ​ត្រឹម​ត្រូវ។ ​បើ​យើង​ពិនិត្យ​មើល​គណៈរដ្ឋ​មន្ត្រី​ដ៏​ធំ​ធេង​ដែល​គាត់​រៀបចំ​នេះ ​គ្មាន​លក្ខណៈអ្វី​ប្លែក​ពី​មុន​ផង។ ហើយ​យន្តការ​គ្រប់​គ្រង​នៅ​ដដែល»។​

រដ្ឋា​ភិបាល​ ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​អំពី​ប្រព័ន្ធ​យុត្តិធម៌​ដែល​ស្ថិត​ជា​ឧបករណ៍​នយោបាយ​អំពី​អំពើ​ពុករលួយ​ បក្ខពួក​និយម​ និង​គ្រួសារ​និយម​នៅ​តាម​បណ្តា​ក្រសួង​មន្ទីរ​សាធារណៈ ​ការ​ប្រើ​ប្រាស់​អំណាច​ជា​ផល​ប្រយោជន៍​បុគ្គល​ជា​ដើម។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍បើក​គណៈរដ្ឋ​មន្ត្រី​សរុប​រយៈ​ពេល​ជាង​៦​ម៉ោង​នៅថ្ងៃ​នេះ​ លោក​ហ៊ុន​ សែន​បាន​ទទួល​ស្គាល់​ចំណុច​អវិជ្ជមានមួយ​ចំនួន​ ដូចជាការ​បង្កើត​ក្រុម​គ្រួសារ​ក្នុង​ក្រសួង​របស់​រដ្ឋ។​ ដំណាល​គ្នា​នោះ​ រដ្ឋា​ភិបាលថ្មី​របស់​លោក​បាន​ដាក់​ផែន​ការ​កែ​ទម្រង់​បន្ត​ទៀត ​ដូចជា​លើ​ផ្នែក​ប្រព័ន្ធ​តុលាការ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​ឲ្យ​បាន​តិច​បំផុត​២៤​ម៉ឺន​រៀល​ ឬ​ប្រមាណ​ជា​៦០​ដុល្លារ​អាមេរិក​សម្រាប់​មន្ត្រី​ថ្នាក់​ទាប​បំផុត។​ ការ​ពង្រឹង​ធនធាន​មនុស្ស​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ប្រព័ន្ធ​ធារា​សាស្ត្រ ​និង​ការ​អភិវឌ្ឍ​កសិកម្ម​ និង​ការ​កែ​ទម្រង់​ដីធ្លី៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG