ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ជំរំ​គុក​នយោបាយ​កូរ៉េ​ខាង​ជើង


រូបភាព​ឯកសារ៖ ប៉ូលិស​ស្រី​យាម​គុក​ខាងក្រោយ​របង​គុក​ប្រទេស​កូរ៉េ​ខាង​ជើងនៅ​ក្បែរ​មាត៉​ទន្លេ​ Yalu​ តំបន់ Chongsong ប្រទេស​កូរ៉េ​ខាង​ជើង​ជាប់​នឹង​ព្រំដែន​ចិន​ទីក្រុង Dandong។

រូបភាព​ឯកសារ៖ ប៉ូលិស​ស្រី​យាម​គុក​ខាងក្រោយ​របង​គុក​ប្រទេស​កូរ៉េ​ខាង​ជើងនៅ​ក្បែរ​មាត៉​ទន្លេ​ Yalu​ តំបន់ Chongsong ប្រទេស​កូរ៉េ​ខាង​ជើង​ជាប់​នឹង​ព្រំដែន​ចិន​ទីក្រុង Dandong។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​កំពុង​ចាប់ផ្ដើម​កសាង​សំណុំ​ឯកសារ​សម្រាប់​កាត់​ទោស​លោក Kim Jong Un និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ អង្គការ​នេះ​បាន​បង្ហាញ​ព័ត៌មាន​លំអិត​អំពី​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ចាប់​ដាក់​ឃុំ​នៅ​ក្នុង​ជំរំ​ពន្ធនាគារ​នយោបាយ។

អង្គការ​សិទ្ធិ​មនុស្ស​នោះ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​ទិន្នន័យ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង (Database Center for North Korean Human Rights)។ អង្គការ​នេះ​បាន​បោះ​ពុម្ព​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​គេ​ចាប់​ដាក់​ឃុំ​នៅ​ក្នុង​គុក​នយោបាយ បញ្ជី​ឈ្មោះ​បុគ្គលិក និង​ជន​រងគ្រោះ​នៃ​ការ​ចាប់​ដាក់​គុក​ដោយ​សម្ងាត់ ដែល​ក្នុង​នោះ​មាន​ទាំង​កាល​បរិច្ឆេទ​ដែល​អ្នក​ទាំង​នោះ​ត្រូវ​គេ​ឃុំ​ខ្លួន បទ​ឧក្រិដ្ឋ​ចោទ​ប្រកាន់ និង​ទីតាំង​នៃ​ជំរំ​គុក​នយោបាយ​ដែល​កំពុង​ប្រតិបត្តិការ​រាល​ថ្ងៃ​ផង​ដែរ។

លោក Kim In Sung អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយ​ថា៖ «ដោយ​ផ្ដល់​នូវ​ព័ត៌មាន​ជាក់លាក់​អំពី​អ្នក​ប្រព្រឹត្តិ​នីមួយៗ យើង​អាច​បង្ហាញ​ប្រាប់​ពួកគេ​ថា ពួកគេ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ»។

របាយការណ៍​ស្រាវជ្រាវ​នេះ ផ្អែក​លើ​ការ​អង្កេត និង​សម្ភាសន៍​ជាមួយ​អ្នក​រត់​គេច​ខ្លួន​ជនជាតិ​កូរ៉េ​ខាង​ជើង​ចំនួន​ច្រើន​ជាង ១ ពាន់​នាក់។ របាយការណ៍​នេះ​មាន​គោលបំណង​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​នូវ​របាយការណ៍​ស៊ើប​អង្កេត​ឆ្នាំ ២០១៤ របស់​គណៈកម្មការ​ស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នេះ បាន​កត់ត្រា​អំពី​បណ្ដាញ​ជំរំ​គុក​នយោបាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង និង​អំពើ​ឃោរឃៅ​រីក​រាលដាល ដែល​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ពួក Nazis បាន​ធ្វើ​នៅ​មុន និង​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ។

បន្ទាប់​ពី​របាយការណ៍​ឆ្នាំ ២០១៤ របស់​គណៈកម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​រួច​មក មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះ​ឆ្នោត​ឯកភាព​បញ្ជូន​ករណី​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ប៉ុន្តែ វិធានការ​នេះ​ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​ហេតុ​ថា សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួន​ពីរ គឺ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ដើម្បី​រារាំង​ករណី​នេះ​មិន​ឲ្យ​ទទួល​បាន​ជោគជ័យ៕

XS
SM
MD
LG