ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ជាប់​ឆ្នោត​របស់​លោក​ដូណាល់ ​ត្រាំ​បាន​​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់


លោក​ដូណាល់ ត្រាំ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​អគារ Trump Tower ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​អង្គការ​នេះ​បាននិយាយ​សំដៅ​ដល់​ការ​ជាប់​ឆ្នោត​របស់​លោក​ត្រាំ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​រួម​ជាមួយ​ការ​ងើប​ឡើង​នូវ​ពួក​អ្នក​នយោបាយ​គិត​តែ​ពី​ប្រជាប្រិយភាព​នៅ​តំបន់​អឺរ៉ុប ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដល់​លទ្ធិ​ប្រ​ជាធិបតេយ្យ​បច្ចឹម​ប្រទេស​ហើយ​និង​តម្លៃ​នៃ​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ។

របាយការណ៍​ដែល​មាន​ជាង​៧រយ​ទំព័រ​ដែល​និយាយ​លម្អិត​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​ជាង​៩០ ​បាន​អះអាង​ថា ​លោកប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ ​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បង្ក​ការ​ស្អប់​ខ្ពើម ​និង​ការ​មិន​អត់ឱន ​ហើយ​របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការ​ជាប់​ឆ្នោត​របស់​លោក​ត្រាំ​ឆ្លុះ​បញ្ចាំង​ការ​ដឹកនាំ​បែប​មនុស្ស​ខ្លាំង​ដែល​បាន​ឃើញ​នៅក្នុង​ប្រទេស​នានា​ដូចជា​ចិន​ និង​រុស្ស៊ី។

លោក Kenneth Roth នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​បាន​សរសេរ​ថា «ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ និង​ពួក​អ្នក​នយោបាយនៅ​អឺរ៉ុប​ស្វះស្វែង​រក​ការ​កាន់​អំណាច​តាម​រយៈ​ការ​អំពាវនាវ​ឲ្យ​មានការ​ប្រកាន់​ពូជសាសន៍ ការ​ស្អប់ខ្ពើម​ជន​បរទេស​ និង​ការ​ស្អប់​ខ្ពើម​ស្រីៗ។ពួក​អ្នក​នយោបាយ​ទាំង​អស់​នោះ​អះអាង​ថា ​សាធារណជន​សុខ​ចិត្ត​ទទួល​យក​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​ការងារ បញ្ចៀស​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ឬ​រារាំង​ការ​វាយ​ប្រហារ​ភេរវកម្ម។ ​តាម​ការ​ពិត ​វា​ជា​ការ​បដិសេធ​មិន​ទទួល​យក​សិទ្ធិ​មនុស្ស​ដែល​ទំនង​ឆ្ពោះ​ទៅ​កាន់​អំណាច​ផ្តាច់​ការ។

បន្ថែម​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក​ត្រាំ ​លោក Roth ​ក៏​និយាយ​ដែរ​ថា ការ​សម្រេចចិត្ត​របស់​ចក្រភព​អង់គ្លេស​ផ្តាច់​ចេញ​ពី​សហភាព​អឺរ៉ុប​ផ្អែក​លើ​ការ​ប្រកាន់​ពូជសាសន៍​ និង​ភាព​គ្មាន​ការ​អត់​ឱន៕

XS
SM
MD
LG