ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុង​ហុងកុង​ជ្រើសរើស​មេដឹកនាំ​ជា​ស្ត្រី​ដំបូង​បង្អស់


លោកស្រី Carrie Lam បក់​ដៃ​ បន្ទាប់​ពី​លោក​ស្រី​ទទួល​បាន​ជ័យជម្នះ​ក្នុង​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​បន្ទាប់​របស់​ក្រុង​ហុងកុង នៅ​ពេល​ដែល​លោក Woo Kwok-hing ឈរ​នៅ​ក្បែរ​លោក​ស្រី​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។

លោកស្រី Carrie Lam ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ជើង​ចាស់​មួយ​រូប ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​ចិន ជ្រើសរើស​លោកស្រី​ឲ្យ​ធ្វើ​ជា​ប្រមុខ​ដឹកនាំ​ទីក្រុង​ហុងកុង ជា​ស្ត្រី​ដំបូង​បង្អស់។

ប្រមុខ​ដឹកនាំ​របស់​ទីក្រុង​ហុងកុង​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មាធិការ​មួយ​ដែល​មាន​សមាជិក ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម និង​សមាជិក​សភា ចំនួន ១ ពាន់ ២ រយ​នាក់។ ករណី​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​រាប់​លាន​នាក់​មិន​អាច​បោះ​ឆ្នោត​សម្រេច​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​បាន។

ជ័យជម្នះ​ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ចំនួន ៧៧៧ សំឡេង របស់​លោកស្រី Carrie Lam វ័យ ៥៩ ឆ្នាំ​រូប​នេះ គឺ​ជា​រឿង​ដែល​មិន​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រឹងប្រែង​ខ្លាំងក្លា​ក្នុង​ការ​បញ្ចុះបញ្ចូល​សមាជិក​គណៈកម្មាធិការ​បោះ​ឆ្នោត​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​លោកស្រី។

សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ការ​ងឿង​ឆ្ងល់​អំពី​ជ័យជម្នះ និង​និន្នាការ​ទៅ​រក​រដ្ឋាភិបាល​ចិន​របស់​លោកស្រី។ ពួកគេ​មាន​ការ​សង្ស័យ​អំពី​ការ​កើន​ឡើង​នូវ​ការ​ជ្រៀតជ្រែក​របស់​ចិន​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុង​ហុងកុង និង​មាន​ការ​ភ័យ​ខ្លាច​បាត់បង់​នូវ​គោលការណ៍ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ‍» របស់​ទីក្រុង​ហុងកុង ដែល​គោលការណ៍​នេះ បាន​ធានា​ផ្ដល់​នូវ​សេរីភាព​ជា​ច្រើន​ដល់​ទីក្រុង​ហុងកុង។

លោកស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទីក្រុង​ហុងកុង «រងគ្រោះ​ដោយសារ​ការ​បែកបាក់​ដ៏​ធ្ងន់ធ្ងរ‍»។ លោកស្រី​បាន​បន្ថែម​ថា អាទិភាព​ជា​ចម្បង​របស់​លោកស្រី​គឺ​ត្រូវ​ដោះស្រាយ​ចំពោះ​ការ​បែកបាក់​នេះ‍»៕

XS
SM
MD
LG