ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Hollande៖ ការ​សម្លាប់​ដោយ​កំសាក​គឺ​ជា​អំពើ​ភេរវកម្ម


ប៉ូលិស​ឆែកឆេរ​នៅ​ក្បែរ​ផ្ទះ​នៃ​ជនសង្ស័យ​ ដែល​បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ប៉ូលិស​នៅ​លើ​មហាវិថី Champs Elysees ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
ប៉ូលិស​ឆែកឆេរ​នៅ​ក្បែរ​ផ្ទះ​នៃ​ជនសង្ស័យ​ ដែល​បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ប៉ូលិស​នៅ​លើ​មហាវិថី Champs Elysees ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

មហាវិថី Champs-Elysees ដែល​ជា​វិថី​និមិត្តរូប​របស់​ទីក្រុង​ប៉ារីស បាន​ត្រឡប់​ទៅ​រក​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​សម្លាប់​ប៉ូលិស​ម្នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​បាន​ធ្វើ​ឲ្យ​របួស​មនុស្ស​២​នាក់​ផ្សេង​ទៀត​នៅ​លើ​ដង​ផ្លូវ​ល្បីល្បាញ​លំដាប់​ពិភពលោក​មួយ​នេះ។

ប្រធានាធិបតី​បារាំង លោក Francois Hollande បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា «ការ​សម្លាប់​ដ៏​កំសាក​នេះ‍» គឺ​ជា​សកម្មភាព​ភេរវកម្ម។ នៅ​ថ្ងៃ​សុក្រ​នេះ មេដឹកនាំ​បារាំង​រូប​នេះ​បាន​កោះ​ហៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រដ្ឋាភិបាល ​និង​អ្នក​ដែល​អាច​បន្ត​តំណែង​ពី​លោក​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពិភាក្សា​គ្នា​ថា​តើ​ការ​វាយប្រហារ​នេះ​អាច ​ឬ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ដូចម្តេច​ខ្លះ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការពារ​ និង​សន្តិសុខ​របស់​លោក Hollande គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការពារ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​នឹង​ធ្វើ​ឡើង​ក្រោម​ការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។​

លោក​បាន​ថ្លែង​ទៅ​កាន់​សាធារណជន​លើ​កញ្ចក់​ទូរទស្សន៍​ថា «យើង​នឹង​ប្រុងប្រយ័ត្ន​បំផុត ជាពិសេស​នៅ​ពេល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត‍»។

ដោយ​ចងក្រង​សេចក្តី​រាយការណ៍​ពី​សាក្សី​ទាំងអស់​បញ្ចូល​គ្នា ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​ថា ខ្មាន់​កាំភ្លើង​បាន​លោត​ចេញ​ពី​រថយន្ត​មួយ​គ្រឿង​ក្បែរ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ និង​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​រថយន្ត​របស់​ប៉ូលិស​ដោយ​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ​មួយ។ ខ្មាន់កាំភ្លើង​រូប​នោះ​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស។ នៅ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា​មាន​អ្នក​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ដែរ​ ឬ​យ៉ាង​ណា៕

XS
SM
MD
LG