ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ខៀវ សំផន​ ជា​មនុស្ស​ដែល​ប៉ុល ពត​ ទុក​ចិត្ត​បំផុត


ខៀវ សំផន ​គឺ​ជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់ចោទ​ពីរ​នាក់​ដែល​នៅ​សេសសល់​ក្នុង​សំណុំ​រឿង​០០២​ដែល​កំពុងតែ​ដំណើរការ​ក្តី។
ខៀវ សំផន ​គឺ​ជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់ចោទ​ពីរ​នាក់​ដែល​នៅ​សេសសល់​ក្នុង​សំណុំ​រឿង​០០២​ដែល​កំពុងតែ​ដំណើរការ​ក្តី។
ខៀវ សំផនគឺជា​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​រូប​ដែល​ប៉ុល ពត ​មេ​ស្ថាបនិក​របប​ខ្មែរ​ក្រហម​ទុកចិត្ត​បំផុត។ នេះ​បើ​យោង​តាម​ការផ្តល់​សក្ខីកម្ម​របស់​លោក​ហ្វីលីព សត (Philip Short) ​អ្នក​ជំនាញការ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ពុធ​នេះ។

ខៀវ សំផន ​គឺ​ជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់ចោទ​ពីរ​នាក់​ដែល​នៅ​សេសសល់​ក្នុង​សំណុំ​រឿង​០០២​ដែល​កំពុងតែ​ដំណើរការ​ក្តី។ ជន​ជាប់ចោទ​រូប​នេះ​ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧លាន​នាក់​ស្លាប់​បាត់​បង់ជីវិត​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​១៩៧៩។

លោក ​Philip Short ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​តំណាង​សហ​ព្រះរាជ​អាជ្ញា​លោក​ Tarik Abdulhak ​ថា​ ខៀវ សំផន ​ទទួល​ភារកិច្ច​ពី​ប៉ុល ពត ​ឲ្យ​បំពេញ​បេសកម្ម​ចុះ​តាម​បណ្តា​ខេត្ត។

«គាត់​ជា​មនុស្ស​ម្នាក់​ដែល​ប៉ុល ពត ​ទុកចិត្ត​ដើម្បី​ឲ្យ​ដើរ​តាម​មាគ៌ា​ដែល​ខ្លួន​ដាក់ចេញ​ដើម្បី​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បញ្ជា​ឲ្យ​ធ្វើ»។

ទោះជា​យ៉ាងនេះ​ក្តី​លោក ​Philip Short ​បញ្ជាក់​ថា​ប៉ុល ពត ​មិន​បាន​ពិភាក្សា​ពី​ការ​ចាប់ខ្លួន​កម្មាភិបាល​ផ្សេងៗ​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ។

នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​បី​ថ្ងៃ​មកនេះ​លោក​ Short ​អតីត​អ្នកកាសែត​នៃ​វិទ្យុ​BBC ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ដ្រ​ស្តីពី​ខ្មែរក្រហម​ផង​ដែរ​បាន​រៀបរាប់​ពី​ការ​បោស​សម្អាត​ផ្ទៃក្នុង​នៅក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ចាប់​តាំង​ពី​មុន​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ម្ល៉េះ​ហើយ​ការ​បោស​សម្អាត​នេះ​ធ្វើឡើង​បន្ថែម​បន្តទៀត​ក្នុង​ពេល​ដែល​ពួកគេ​បាន​ក្តាប់​អំណាច​ក្រោយ​ជ័យជម្នះ​របស់​ពួកគេ​នៅ​ថ្ងៃទី១៧​ខែមេសា​ឆ្នាំ១៩៧៥។

លោក​ Philip Short ​និយាយ​ថា​ ការ​បោសសម្អាត​របៀប​នេះ​មាន​លំនាំ​ដូច​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៣០។

ប្រវត្តិវិទូ​ជាតិ​អង់គ្លេស​ដដែល​លើក​ពី​ចំណុច​ខ្សោយ​របស់​ប៉ុល ពត ​ដែល​គ្រប់គ្រង​ពួក​កងទ័ព​របស់​ខ្លួន​មិន​បាន។

«បញ្ហា​មួយ​របស់​ប៉ុល ពត ​នោះ​គឺ​គាត់​មិន​ដែល​ដឹកនាំ​បង្រួប​បង្រួម​កងកម្លាំង​ប្រដាប់​អាវុធ​ទាល់​តែ​សោះ។ ពួកគេ​ស្ថិត​ក្នុង​ក្រុម​មេទ័ព​ស្តេច​ត្រាញ់​ផ្សេងៗ​គ្នា​ហើយ​ស្តេចត្រាញ់​ធំ​ជាង​គេ​មាន​ កែ ពក​ សោ ភឹម ​នៅ​តំបន់​បូព៌ា ​និង​តា ម៉ុក។ ហើយ​ពេល​វេលា​ចេះ​តែ​បន្ត​ទៅមុខ ​ប៉ុល ពត ​ពឹងផ្អែក​កាន់តែ​ខ្លាំង​ទៅៗ​លើ​កម្លាំង​របស់​តាម៉ុក។ ដូច្នេះ​ក្នុង​រយៈ​ពេល​
ចុងក្រោយ​នៃ​របប​ខ្មែរ​ក្រហម ​នៅ​ពេល​ដែល​មេដឹកនាំ​នៅ​តាម​បណ្តា​ខេត្ត​ធ្លាក់​ក្នុង​ចង្កោម​គួរ​ឲ្យ​សង្ស័យ ​កងទ័ព​របស់​តា​ម៉ុក ​ត្រូវ​បញ្ជូន​ទៅ​ចាប់ខ្លួន​ពួកគេ។ កែ ពក ​ធ្វើ​ដូចគ្នា​នេះ​ដែរ​នៅ​តាម​តំបន់​មួយ​ចំនួន»។

នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​នៅ​ថ្ងៃ​នេះ​លោក​Philip Short ​មិន​បាន​និយាយ​ច្រើន​ពី​នួន ជា ​ដែល​ជា​ អតីត​ប្រធាន​សភា​និង​ជា​បងធំ​ទី២​បន្ទាប់ពី​ប៉ុល ពត ​នោះ​ទេ។

សហ​មេធាវី​អន្តរជាតិ​របស់​នួន ជា ​លោក វិចទ័រ កូប៉េ ​(Victor Coppe) ​បាន​តាម​ប្រដេញ​សួរ​អ្នក​ជំនាញ​រូបនេះ​អំពី​ភាព​ជាក់ច្បាស់​និង​ព័ត៌មាន​ដែល​លោក​ប្រមូល​បាន​មក​ចងក្រង​ជា​សៀវភៅ​ទាក់ទង​នឹង​របប​ខ្មែរក្រហម៕
XS
SM
MD
LG